រឿង “The Empress Of China” ជាភាពយន្តរបស់ចិនដែលនិយាយអំពីរជ្ជកាលស្តេច ថាង (Tang) បានទទួលការរិះគន់ធ្ងន់ៗនៅប្រទេសចិន ដោយសារតែការបង្ហាញសាច់គល់សុដន់របស់តួអង្គស្រីស្ទើរទាំងអស់ នៅក្នុងរាជវាំង។ ប៉ុន្តែ នឹងមានការបិទបាំងតាមប្រព័ន្ធឌីជីថលលើសាច់ដើមទ្រូងរបស់ តួអង្គស្រីទាំងនោះ បន្ទាប់ពីឈុតទាំងអស់ត្រូវបានគេកាត់ចេញអំឡុងពេលចាក់បញ្ចាំងលើកដំបូង នៅប្រទេសចិន កាលពីខែធ្នូឆ្នាំមុន ។
ភាពយន្តនេះ បានផ្អាកការចាក់ផ្សាយនៅប្រទេសចិន ដោយលើកហេតុផលថា បណ្តាលមកពីបញ្ហាបច្ចេកទេស ។ ប៉ុន្តែបានត្រឡប់មកវិញក្នុងរយៈ ពេលមួយសប្តាហ៍ ជាមួយនឹងការបិទបាំងភាពស៊ិចស៊ីខ្លះរបស់តារាស្រីៗ ។ គណៈកម្មាធិការត្រួតពិនិត្យកម្មវិធីទូរទស្សន៍របស់ចិន ក្រោយមកបានពន្យល់ថា ការកែសម្រួលឡើងវិញ គឺពិតជាចាំបាច់ដោយសារតែរូបភាពខ្លះមិនស័ក្តិសម នឹងអនីតិជន។
ហ្វាន វ័យ៣៣ឆ្នាំ ដែលសម្តែងជាតួអង្គអធិរាជិនីរបស់ចិន បាននិយាយថា”ស្ថានភាពនេះប្រហែលជាមិនល្អប៉ុន្មានទេ ហើយពិតជាមានការខកចិត្ត។ ប៉ុន្តែការគាំទ្រនៅប្រទេសចិន ពិតជាមានច្រើន”។
ថ្លែងនៅសន្និសីទកាសែតប្រចាំតំបន់ ក្នុងទីក្រុងហុងកុង កាលពីថ្ងៃចន្ទ រួមជាមួយនឹងតារាសម្តែងរួម ខាធី ចូវ និង អារីហ្វរ៉ាម៉ាន តារាស្រីរូបនេះ បាននិយាយថា “ខ្ញុំត្រូវតែគោរពស្តង់ដារ ចាប់ពិរុទ្ធនៅចិនដីគោក ។ បណ្តាប្រទេសនីមួយៗ មានច្បាប់ចាប់ពិរុទ្ធដោយឡែកពីគ្នា”។
ខណៈពេលចំនួនអ្នកទស្សនា កើនដល់ជាង១០ពាន់លានដង តាមប្រព័ន្ធអ៊ីនធើណិតនៅប្រទេសចិន អ្នកនិយមអ៊ីនធើណិតនៅប្រទេសចិន បានផ្ទុះកំហឹងចំពោះការចាប់ពិរុទ្ធនេះ ហើយនិយាយថា ពួកគេនឹងមិនអាចឃើញសម្លៀកបំពាក់នៅក្នុងរជ្ជកាលនោះទេ ជាស្តាយល៍ ដែលគេនិយាយថា ឆ្លុះបញ្ចាំងពីភាពទាន់សម័យរបស់ រជ្ជកាលថាង។
ទស្សនិកជននៅហុងកុង និង សិង្ហបុរី នឹងមានឱកាសបានឃើញឈុតសម្លៀកបំពាក់ទាំងនេះពេញលេញ ដោយមានការបិទបាំងតាមប្រព័ន្ធឌីជីថលខ្លះ។ រហូតមកដល់ពេលនេះ មានតែ តៃវ៉ាន់ប៉ុណ្ណោះ ដែលចាក់ផ្សាយភាពយន្តភាគនេះក្នុងទម្រង់ដើម៕