រាជធានីភ្នំពេញ : អាជីវកម្មរកស៊ីលក់ខ្សាច់ ផ្តាច់មុខបស់ឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ បានទទួលជោគជ័យ គ្មានគូប្រជែង ខណៈដែលឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានផ្តល់សិទ្ធអំណាច និងអាជ្ញាប័ណ្ណលើអាជីវកម្មបូមខ្សាច់ឲ្យឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី ដែលត្រូវជា ដន្លងដងជាមួយលោកស្រីឧកញ៉ា ស៊ុយ សុផាន នាយិកាក្រុមហ៊ុនផានអ៊ីម៉ិច បានធ្វើអាជីវកម្មមុនគេបង្អស់ ដោយក្រុមអាជីវកររកស៊ីខ្សាច់ផ្សេងៗទៀតត្រូវតែ តម្រង់ជួរគ្នា មកទិញខ្សាច់បន្តពីឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី យកទៅលក់ដោយគ្មានលក្ខខណ្ឌ ដែលជាឱកាសផ្តល់ឲ្យឯកឧត្តម ស៊ុយ សែម និងឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី មានលទ្ធភាពប្រមូលលុយ ក្រោមរូបភាពគ្រប់ទឹករួមគ្នា ព្រោះតែមិនមានការឆ្លងកាត់តាមរយៈដេញថ្លៃប្រកបដោយតម្លាភាព។
ក្រុមអាជីវករប្រកបរបរអាជីវកម្មខ្សាច់ សំណង់ បានត្រឹមតែនិយាយរៀបរាប់ទាំងអួលដើមកថា តម្លៃខ្សាច់សំណង់កាលពីពេលមុនត្រូវបង់ត្រឹមតែ០.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ តែដល់ពេលឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី បានកាន់កាប់សិទ្ធិអំណាចលើអាជីវកម្មខ្សាច់ គឺត្រូវកើនតម្លៃរហូតដល់០.២៥ដុល្លារអាមេរិក។ ជាក់ស្តែងពេលមុនតម្លៃខ្សាច់សំណង់ត្រឹម២ដុល្លារអាមេរិកទៅ៣ដុល្លារអាមេរិកក្នុង១ម៉ែត្រគូប ប៉ុន្តែឥឡូវពេលទិញបន្តពីឯកឧត្តមឧកញ៉ា ហ៊ឺ បាវី មានតម្លៃដល់៤.៥០ដុល្លារអាមេរិកក្នុង១ម៉ែត្រគូបឯណោះ។
ករណីទាំងអស់នេះ កើតឡើង ព្រោះតែឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី ត្រូវជាដន្លងដងជាមួយលោកស្រីឧកញ៉ា ស៊ុយ សុផាន នោះ មានសិទ្ធិពេញទីលើការធ្វើអាជីវកម្មបូមខ្សាច់ ទាំងនៅទន្លេមេគង្គលើ ទាំងនៅទន្លេមេគង្គក្រោម ក្នុងទំហំផ្ទៃដីជាង២០០ហិកតា រួចហើយយកខ្សាច់លក់បន្តឲ្យទៅក្រុមអាជីវករផ្សេងៗទៀតដែលត្រូវការខ្សាច់ក្នុងតម្លៃខ្ពស់។
ដោយសារព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៤៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ គឺធ្វើឲ្យលោក ហ៊ឺ បាវី មានឋានៈជា"ឯកឧត្តម"។ ក្រោយមក ឯកឧត្តម ហ៊ឺ បាវី ក៏ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត /០៨១៤/១០០៧ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤។ ព្រោះតែមានងារជា"ឯកឧត្តម ឧកញ៉ា" និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី ទទួលបានការតែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ មានឋានៈស្មើរដ្ឋលេខាធិការ។
ចំពោះករណីខាងលើដែលមានភាពពុករលួយស៊ីជម្រៅ អង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ចាត់វិធានការត្រួតពិនិត្យលើការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ ដែលជាលក្ខណៈប្រព័ន្ធយ៉ាងស្អិតល្មួត ធ្វើឲ្យឯកឧត្តម ស៊ុយ សែម និងឯកឧត្តម ឧកញ៉ា ហ៊ឺ បាវី កំពុងមានឱកាសបូមលុយពីការបូមខ្សាច់លក់ ក្រោមលទ្ធផល"គ្រប់ទឹករួមគ្នា"៕