ចំណង​គ្រួសារ​

, , Leave a comment

stretched-thin-best_

​ក្នុងខណៈ​ខ្ញុំ​បាន​រុញ​ទ្វា​កញ្ចក់​ដើរចូល​ក្នុង​ការិយាល័យ កុង​ម្នាក់​ស្រឡាញ់​រាប់អាន​ខ្ញុំ​ដូចជា​ចៅ ដែល​បាន​ស្នាក់​នៅទីនេះ​មិនដឹងថា គាត់​មានរឿង​អី ឃើញ​ខ្ញុំ​ភ្លាម​គាត់​បាន​និយាយថា ៖ «​ចាវ អាន [​ពាក្យ​ចិន​ដែល​ប្រែ​ថា អរុណសួស្ដី​] រឿង​ដែល​ពិបាក​ដោះស្រាយ​បំផុត គឺ​រឿង​គ្រួសារ​នេះឯង ។ អា​ចៅ​ស្អាត​ឯង​ចាំ​ពាក្យ​កុង​ទុក​មិន​ខុស​ទេ​» ។ ខ្ញុំ​ញញឹម​ពព្រាយ​ដូច​រាល់ដង​ហើយ​តប​វិញ «​ចាវ​អាន​កុង​!! ខ្ញុំ​ដឹង​ប៉ុន្តែ​រឿង​ដែល​សប្បាយចិត្ត​គឺ​នៅមាន​ជីវិត​អាច​ឃើញ​កុង​មាន​សុខ​ភាពល្អ​រាល់ថ្ងៃ​»​។​

 

​គាត់​លើក​មេដៃ​ដាក់​ខ្ញុំ «​ល្អ​ហើយ​! អា​ចៅ​ឯង​ឆ្លាត​ចេះ​និយាយ​ឲ្យ​មនុស្ស​ចាស់​សប្បាយចិត្ត ទៅណា​មក​ណា​ច្បាស់​ជាមាន​គេ​ស្រលាញ់​រាប់អាន​ច្រើន ជា​មនុស្ស​មាន​ហុងស៊ុយ​» ។ បញ្ចប់​ការសន្ទនា​ដ៏​ខ្លី​ខ្ញុំ​ក៏​បែក​ពី​គាត់ ដោយបាន​ចូលធ្វើ​ការធម្មតា​… ។ ជាការ​ពិត​គាត់​និយាយ​ត្រូវ រឿង​ដែល​ពិបាក​បំផុត​គឺ​ចំណង​គ្រួសារ ដែល​ពេលខ្លះ​មើលទៅ​វា​មិន​ស្មុគស្មាញ​ប៉ុន្តែ​វា​ពិបាក​ដោះស្រាយ​ទៅវិញ​។ អ្នកជិតខាង​របស់ខ្ញុំ​បាន​លែងលះ​ព្រោះតែ​គ្មាន​ប្រាក់ ព្រោះតែ​ភាពក្រីក្រ ប្រពន្ធ​បន្ទោស​ប្ដី ប្ដី​បន្ទោស​ប្រពន្ធ​…​។ មិត្តភក្តិ​ជិតស្និត​របស់ខ្ញុំ​ប្រឈមមុខ​និង​ការ​លែងលះ​ព្រោះតែ​គ្មាន ការយល់​ចិត្ត​រវាង​គ្នា​និង​គ្នា​ក្នុងខណៈដែល​ពូកគេ​មាន​ប្រា​ក់ចាយ មិន​អស់​… ។​

 

​និយាយ​ត្រឡប់​ទៅវិញ​មិន​ខុសពី​អត្ថបទ​មុន​ដែល​ខ្ញុំ​បាន​សរសេរ​គឺ «​រៀន​ស្រឡាញ់​» នោះទេ បើ​មនុស្ស​ទាំងពីរ​នាក់​រៀន​មិនចេះ​មេរៀន​មួយ​នេះ អ្នកនឹង​ដើរ​ដល់​ផ្លូវបំបែក​ចៀស​មិន​ផុត​។ មេធាវី​ម្នាក់​ដែលជា​មិត្ត​រួម​ការងារ​របស់ខ្ញុំ​ម្នាក់​បាន​លួចខ្សឹប ប្រាប់​ខ្ញុំ​ថា «​ចិន្ដា​ឯង​ដឹង​ទេ​? ថ្វីបើ​គ្រប់យ៉ាង​ដូចជា​ស្ងប់ស្ងាត់ ប៉ុន្តែ​អត្រា​នៃ​ការ​លែងលះ​គឺមាន​កម្រិត​ខ្ពស់​ខ្លាំងណាស់​ពេលនេះ​»។

 

​នឹក​ដល់​ពាក្យ​ថា «​អស់​ស្រឡាញ់​» ខ្ញុំ​ដូចជា​ឆ្កួត​ដោយ​យល់ថា​មនុស្ស​ក្នុង​លោក​គឺ​គួរ​ឲ្យ​ធុញទ្រាន់​។ ចុះ​ពេល​ស្រឡាញ់គ្នា​ដំបូងៗ ម៉េច​ក៏​ល្អ​គ្រប់យ៉ាង ស្ម័គ្រចិត្ត​ស្ម័គ្រកាយ​ទទួល​រឿង​សព្វ​បែប​ដោយ​ឥតខ្ចោះ​របស់​ដៃគូរ​រហូត​ដល់​ដឹក​ដៃ​គ្នា​ចូល​រោងការ​គ្មាន​ស្ដាយស្រណោះ​អ្វី​បន្តិច​សោះ ប៉ុន្តែ​បែរ​ដល់ពេល​មួយ​… ដូចជា​ឆ្អែត ព្រោះ​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ​។ សាក​គិត​បន្តិច​មើល «​ថា​អ្នក​ប្រែប្រួល​ឬ ខ្ញុំ​ប្រែប្រួល​?»​។​

 

​មនុស្ស​ដែល​មិនបាន​ជួបគ្នា ខិតខំ​តស៊ូ​ជាមួយគ្នា​ទោះ​ជាមាន​ឧបសគ្គ សុខចិត្ត​ប្រឆាំង​ធម្មជាតិ ប្រឆាំង​ប្រពៃណី ប្រឆាំងនឹង​ជាតិ​ជាតិ​សាសនា រនាំង​គ្រួសារ​… ប៉ុន្តែ​អ្នក​ដែល​បានរស់នៅ​ជួបជុំគ្នា​បែរជា​ព្យាយាម​រុញ​គ្នា​ចេញ ពី​ម្ខាង​ទៅ​ម្ខាង​ទៅវិញ​។​

 

​មនុស្ស​ពីរ​នាក់​ស្រឡាញ់គ្នា​ដូចជា​អាន​សៀវភៅ​មួយ​ក្បាល «​អាន​ចប់​គឺ​ចប់ ក៏​ស្វែងរក​សៀវភៅ​ថ្មី​សម្រាប់​អាន​បន្ត​»​។ ពេលខ្លះ​ការ​ស្គាល់គ្នា​អស់ពី​ពោះ​ពី​ពង់​ពេក​ដូចជា​លែងមាន​ន័យ ដូចជា​គ្មាន​អ្វីដែល​អស្ចារ្យ​និង​គួរ​ឲ្យ​ស្វែងយល់​ទាល់តែសោះ​។ ប្រែ​ពី​មនុស្ស​ស្រលាញ់គ្នា ពី​«​បង​និង​អូន​» មកជា​មនុស្ស​រាប់អាន​គ្នា​ដូចជា​បង​និង​ប្អូន «​ឯង​និង​អញ​»​។ ប្រែ​ពី​ការស្រឡាញ់​ចេញពី​បេះដូង «​មកជា​ការស្រឡាញ់ ដើម្បី​ស្រឡាញ់​» គ្រប់យ៉ាង​ដែល​បំពេញ​ឲ្យ​គ្នា​ប្រែ​ទៅជា​«​កាតព្វកិច្ច​»​។​

 

«​មនុស្ស​ទី​បី​» អាចជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់ផ្ដើម​នឿយណាយ​អស់​ក្ដី​ស្រឡាញ់​។ ពេល​ដែលមាន​វត្តមាន​អ្នក​ទី​បី​ដើរកាត់​ផ្លូវ​ជីវិត​របស់​អ្នក អ្នក​អាច​នឹង​គិតថា​មនុស្ស​ថ្មី​ល្អ​ជាង​ស្វាមីភរិយា​ឬ​គូរ​ស្នេហ៍​របស់​អ្នក​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​មួយទៀត​គឺ​អ្នក​ពិតជា​ចង់​ចាកចេញ​ដោយ គ្មាន​នរណាម្នាក់​ចូលក្នុង​បេះដូង​អ្នក​ទាល់តែសោះ​។

 

​ខ្ញុំ​នៅតែ​ឆ្កួត ព្រោះ​គិតថា​ការស្រលាញ់​បែប​កាតព្វកិច្ច​ខុសពី​ការស្រលាញ់​ចេញពី​បេះ ដូង ហើយ​ខ្ញុំ​នៅ​គិត​ទៀតថា​គ្មាន​នរណាម្នាក់​ចង់បាន​កា​រ​រស់នៅក្នុង​សភាព ស្រលាញ់​បែបនេះ​ទេ ។ វា​ដូចជា​ជំពាក់ជំពិន​… ដូចជា​ចំណង​បិតមុខ​ដែល​ពិបាក​ស្រាយ​… ។ មនុស្ស​ចាប់ផ្ដើម​គិតដល់​ការបែកបាក់ ព្រោះ​មិន​យល់ចិត្ត​គ្នា ព្រោះតែ​ការយល់ឃើញ​ខុសគ្នា​។ ចុះ​ម៉េច​ក៏​ពេលមុន​ពួកយើង​ត្រូវ​គ្នា​ម្ល៉េះ​? នេះ​មិនមែន​ព្រោះតែ​«​ឆ្អែត​និង​អស់​ស្រឡាញ់​»​ទេ​ឬ​?

 

​ម្នាក់​ចង់បាន​ពណ៌​ស ម្នាក់​ចង់បាន​ក្រហម រក​ចំនុចកណ្ដាល​មិនឃើញ បណ្ដាល​ឲ្យ​ការ​លាប​ពណ៌​ផ្ទះ​ទៅជា​ក្រវេមក្រវាម​មិនគួរ​ឲ្យ​ទាក់ភ្នែក ហើយ​វា​ដូចជា​ផ្ទះ​សម្រាប់​មនុស្ស​ឆ្កួត​រស់នៅ ។​
​ខ្ញុំ​នឹក​ពាក្យ​មួយ​ម៉ាត់​ដែល​ខ្ញុំ​បាន​ជួប  «​កុំ​កាត់​ចំណង​ដែល​អាច​ស្រាយ​បាន​» ប្រហែល​វា​ជា​គន្លឹះ​ដល់​គូរ​ស្វាមី​ទាំងឡាយ​ដែល​ដើរ​ដល់​ផ្លូវបំបែក​។ ខ្ញុំ​ក៏មាន​ពាក្យ​ពីរ​ឃ្លា​សម្រាប់​អ្នក​ត្រិះរិះ​ពិចារណា «​កុំ​បោះបង់​ខ្ញុំ​ចោល​បើ​អ្នក​នៅ​ត្រូវការ​ខ្ញុំ​» និង​ពាក្យ​មួយ​ឃ្លា​ចុងក្រោយ​ដែល​ចង់​ឲ្យ​អ្នក​ប្រើ​គំនិត​ផ្ទាល់ខ្លួន សម្រាប់​គិត​បន្តិច​«​សុខចិត្ត​បាត់បង់​មនុស្ស​ដែល​យើង​ស្រឡាញ់ កុំ​បាត់បង់​មនុស្ស​ដែល​ស្រឡាញ់​យើង​»​។​

 

​ខ្ញុំ​ចំណាយពេល​គិត​ខ្លះ ហើយ​បេះដូង​ខ្លួនឯង​ក៏​ចាប់ផ្ដើម​រន្ធត់​។ ខ្ញុំ​ស្អប់​ការបែកបាក់​… ខ្ញុំ​នៅតែ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា​និង​ការអាណិតអាសូរ​ដ៏ លើសលប់​ម្នាក់ ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នកជិតខាង និង​មិត្តភក្តិ​ខ្ញុំ រួមទាំង​មនុស្ស​ទាំងអស់​ដើរ​ដល់​ចំនុច​នៃ​ការចែក​ផ្លូវ​នោះទេ ព្រោះ​វា​ជា​ចំនុចកំពូល​នៃ​ការឈឺចាប់​ក្នុង​ជីវិត​មនុស្ស​។

 

​សូម​កាន់​ដៃ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ដើរ ជាមួយ​អ្នកជា​យូរ​ឆ្នាំ ផ្លូវ​ដែល​អ្នកដើរ​ជាមួយគ្នា​គឺ​វែង​ណាស់​មកហើយ ហេតុផល​ដែល​បោះបង់​ពាក់កណ្ដាល​ទី គឺជា​ហេតុផល​បរាជ័យ​ក្នុង​ឆាកជីវិត ។ តើ​យើង​ត្រូវ​ត្រួស​ត្រាយផ្លូវ​តែម្នាក់ឯង​តើ​ពិបាក​និង​ហេលហាល ប៉ុណ្ណា​? មនុស្ស​មក​ថ្មី​ដែល​ដើរ​ចូលមក​ជីវិត​របស់​យើង​មិន​កំណត់ថា​អាច​ស្មោះ ស្ម័គ្រ​រួម​ដំណើរ​ពេលវេលា​ដែល​នៅសល់​របស់​យើង​នោះទេ ជួនកាល​គេ​គ្រាន់តែ​ដើរកាត់​ផ្លូវ​ជីវិត​របស់​យើង​ត្រឹមតែ​មួយពេល ប៉ុណ្ណោះ​៕ មានសង្ឃឹម​

 

Leave a Reply

(*) Required, Your email will not be published