រាជធានីភ្នំពេញ : ម្ចាស់បទ“គ្រប់យ៉ាងដើម្បីអូន“ តារាចម្រៀង សាពូន មីដាដា កាលពីពេលថ្មីៗនេះត្រូវបានប្រភពដែលស្និទ្ធនឹងលោកបានលួចបង្ហើបថា លោកកំពុងតែត្រៀមចេញបទចម្រៀងក្នុងផលិតកម្មហង្សមាស ឡើងវិញ ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលមួយសន្ទុះធំ ដោយសារតែការងារផ្ទាល់ខ្លួន និងការងាររកស៊ីទទួលផ្សេងៗ។
ព្រមជាមួយការបាត់មុខនេះ លោក សាពូន មីដាដា បានបញ្ជាក់ថា ដោយសារតែចប់កិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ហង្សមាស ម្យ៉ាងទៀតរូបលោក ក៏មានការរវល់ជាមួយនឹងក្រុមគ្រួសារ។ «ខ្ញុំចប់កិច្ចសន្យាជាមួយក្រុមហ៊ុន ហង្សមាស ហើយម្យ៉ាងទៀតខ្ញុំចង់សម្រាក ដើម្បីមើលគ្រួសារ កូននៅតូច ខ្ញុំក៏ធាត់ហើយរាងចាស់បន្តិចទផត ខ្ញុំសម្រេចចិត្តផ្អាកតែម្តងទៅ…»។
ក្នុងការវិលចូលមកវិញ នៅពេលនេះម្ចាស់បទ “ជាប់បាក់ឌុបចប់ស្នេហ៍” ក៏បានពាំនាំនូវបទចម្រៀងចំនួន៦បទ ដែលជាការនិពន្ធដោយខ្លួនឯងមក បម្រើអារម្មណ៍ដល់បងប្អូនទស្សនិកជនដែលធ្លាប់តែនិយមគាំទ្ររូបលោក។ លោក សាពូន មីដាដា ចូលសិល្បៈតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ប៉ុន្តែកាលនោះលោកគ្រាន់តែជាអ្នកលេងហ្គីតានៅតាមហាងតែប៉ុណ្ណោះរហូតដល់ឆ្នាំ២០០៤ទើបបានចូលច្រៀងនៅផលិតកម្មហង្សមាសក្នុងនោះបទដែលបងប្អូនទស្សនិកជនមានការទទួលស្គាល់រូបគាត់គឺបទដំបូងដែលគាត់និពន្ធដោយខ្លួនឯងតែម្ដងគឺបទ“ដើម្បីអ្វីទៅអូន និង បទគ្រប់យ៉ាងដើម្បីអូន”៕