រាជធានីភ្នំពេញ : បើទោះបីជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ លើកំណាត់ផ្លូវជាតិលេខ១ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង បានកន្លងទៅក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាមិនទាន់ភ្លេចនៅឡើយទេ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ដែលបណ្តាលឲ្យកម្មករ កម្មការិនីរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មចំនួន១៩នាក់ (ស្រី១៧នាក់) និងរងរបួសធ្ងន់-ស្រាលចំនួន២០នាក់(របួសធ្ងន់១៩នាក់)លើកំណាត់ផ្លូវជាតិលេខ១។
តែទោះជាយ៉ាងណាបណ្តាញសង្គមដែលមានប្រជាប្រិយមួយដែលមិនថា យុវវ័យទេ សូម្បីតែមនុស្សវ័យកណ្តាលក៏បានប្រើប្រាស់បណ្តាញនេះ ដើម្បីតាមដាន និងចែករំលែកនូវព្រឹត្តិការណ៍សង្គមដែល។ ជាក់ស្តែងបណ្តាញសង្គមមួយឈ្មោះ San Prum បានបញ្ជាក់ម្តងហើយ ម្តងទៀតលើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមនុស្សស្លាប់យ៉ាងសង្វេគ។ ក្នុងសារទាំងនោះបានបញ្ជាក់ថា ៖ «#អំពើរល្មើសច្បាប់របស់ក្រុមហ៊ុនឡានក្រុង១៥shបុកតូរីសកម្មករនៅខេត្តស្វាយរៀង #អ្នកណាទទួលខុសត្រូវ??????» ឡានក្រុងកន្លងមកបើកបរដោយល្បឿនលឿននិងព្រហើនខុសបែបបទដែលយើងអាចសន្និដ្ឋានថា ប្រសិទ្ធិភាពច្បាប់នៅស្រុកយើងនៅខ្សោយណាស់ អាចដោយសារពុករលួយ និងបក្ខពួកនិយម។
យើងសាកល្បងយកករណីក្រុមហ៊ុនឡានក្រុង១៥shដែលបុកសម្លាប់កម្មករខ្មែរជិត២០នាក់នៅខេត្តស្វាយរៀងមកវិភាគតែចំណុចខុសច្បាប់??៖
១-គេបង្កើតច្បាប់បែបណាដែលងនុញាតិឲ្យជនបរទេសមានសិទ្ធិបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា??
២-គយ ប៉ូលីសសេដ្ឋកិច្ច មន្ត្រីកាំកុងត្រូលត្រួតពិនិត្យបែបណា??បានជាបណ្តោយឲ្យក្រុមឡានក្រុងផ្ទុកទំនិញល្មើសច្បាប់ឬគេចពន្ធម្តងៗ ដល់ទៅ១០,២០តោន ????
៣-នគរបាលចរាចរណ៍ត្រួតល្បឿនបែបណា??បានជាចាប់បានតែឡានគ្រួសារ???
៤-ករណីឡានក្រុងផ្ទេរឥវ៉ាន់ពីឡានបង្កគ្រោះថ្នាក់ចរាចរណ៍នេះ…. តើអ្នកណាអនុញាតិឬបិតភ្នែកបណ្តោយឲ្យគេយកស្កុតបិតលើស្លាកឬឡូកូក្រុមហ៊ុនបាន???។ ល។
គួររម្លឹកដែរថា ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង បង្កដោយរថយន្តរបស់ក្រុមហ៊ុនស៊ុន ហួរ 15SH Transport ពាក់ស្លាកលេខភ្នំពេញ 3C-6335 បើកបរដោយជនជាតិយួននោះ ក្រុមសមត្ថកិច្ចក៏បានធ្វើការឆែកឆេររថយន្តរបស់ក្រុមហ៊ុនដឹក អ្នកដំណើរមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3C-6336 រកឃើញទំនិញគេចពន្ធដឹកពីប្រទេសយួនចូលមកប្រទេសកម្ពុជាប្រមាណជិត ២០តោន រួមមាន ខោវអាវ សាប៊ូ ស្បែកជើង និងទំនិញផ្សេងៗជាច្រើនទៀត ។
ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថៅកែក្រុមហ៊ុនដឹកអ្នកដំណើរ ស៊ុន ហួរ 15SH Transport មានទីស្នាក់ការនៅក្នុងបុរីកីឡា ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងដឹកទំនិញគេចពន្ធដ៏ល្បី ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ម្នាក់ឈ្មោះ ស៊ុន ហួរ ។
លោក ស៊ុន ហួរ ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០២១១០៩ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៥៨ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១១/៨៩៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ហើយចុងក្រោយនេះទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក( ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៨០៤ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣ ៕