រាជធានីភ្នំពេញ : ថ្មីៗនេះមានប្រភពដែលស្និទ្ធនឹងនាងបានទម្លាយឲ្យដឹងថា តារាសម្តែងនិយមស្តាយសិចស៊ី សម្ញែងដើមទ្រូងយ៉ាងចាស់ដៃ សេង សូណា កំពុងតែមានទំនាក់ទំនងស្នេហ៍យ៉ាងត្រជាក់ល្ហឹមជាមួយនឹងបុរសដែលគេដឹងថា ជាមន្ត្រីថ្នាក់ផ្កាយ៣ម្នាក់ដែលបម្រើការងារក្នុងក្រសួងការពារជាតិ ដោយចំណងស្នេហ៍មួយនេះមានរយៈពេលជាច្រើនខែមកហើយ។ មន្ត្រីខាងលើបានទំនុកបម្រុងគ្រប់បែបយ៉ាងដល់ សេង សូណា ដែលអាចនិយាយបានថា នាងជាជំទាវតូចក្នុងដួងចិត្តរបស់នាងឧត្តមសេនីយ៍ខាងលើ។
ប្រភពដដែលនោះបានបង្ហើបថែមទៀតថា សេង សូណា បានប្រើប្រាស់ពេលវេលាដ៏ខ្លីមួយ ដើម្បីស្វែងយល់នូវចិត្តតគ្នាជាមួយនឹងមន្ត្រីយោធាខាងលើ ដែលត្រូវបានគេដឹងថា មានឋានៈជានាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារ ព្រំដែននៃក្រសួងការពារជាតិ និងជាមន្ត្រីម្នាក់ដែលសម្បូររឿងអាស្រូវ ក្នុងការបើកដៃឲ្យពួកឈ្មួញរកស៊ីឈើខុសច្បាប់ ដឹកជញ្ជូនឆ្លងដែនទៅលក់នៅប្រទេសជិតខាងថែមទៀតផង។
ដោយឡែកសម្រាប់តារាសម្តែង សាច់សខ្ចី សម្បូរសាច់ដើមទ្រូងធំទ្រលុកទ្រលន់ សេង សូណា ដែលនាងបានធ្វើ ខួបកំណើតរបស់ខ្លួនគំរប់អាយុ២៥ឆ្នាំ នៅភោជនីយដ្ឋានស្ទឹងមាស នៅត្រើយខាងកើតស្ពានជ្រោយចង្វា ដោយប្រមែប្រមូលអ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករ ហើយខួបកំណើតមួយនេះគេបានសន្និដ្ឋានថា ជាការឧបត្ថម្ភទាំងស្រុងពីបុរសកំពូលសដួងចិត្តដែលជាមន្ត្រីយោធាផ្កាយ៣ ខណៈដែលកាលពីមុនៗនាងមិនដែលបានធ្វើខួបធំបែបនេះឡើយ តែអកុសលម្ចាស់ចិត្តម្នាក់នេះមិនបានចូលរួមទៅវិញ។ ជុំវិញករណីបែកធ្លាយដំណឹងចំណងស្នេហ៍ជាមួយមន្ត្រីយោធា និងជាអ្នកមានទ្រព្យស្តុកស្តម្ភចាយលែងអស់នោះ មិនទាន់មានការបកស្រាយពីសំណាក់ តារាសម្តែងសិចស៊ី សេង សូណា នៅឡើយទេ៕