ខេត្ដពោធិ៍សាត់ : បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ដឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដាវសាមូរ៉ៃ កាប់បណ្ដាលឲ្យដាច់កដៃម្ខាង បណ្តាលមកពីភាពប្រចណ្ឌចំពោះអតីតប្រពន្ធព្រោះតែនាងបាន យកប្ដីមួយទៀតខាងលើ នេះគឺបានកើត ឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ឋិតនៅក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យកំណើតថ្មីដឹងថា ជនសង្ស័យមានឈ្មោះ សួស ប៊ុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ ចំណែកស្ដ្រីរងគ្រោះឈ្មោះញ៉ិល សុភី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ មុនពេលកើតហេតុជនដៃដល់បានមកសួរស្ដ្រីរងគ្រោះរករូបថតអនុស្សាវរីយ៍របស់ពួកគេទាំង២នាក់ ។ បន្ដិចក្រោយមកក៏មានទំនាស់ពាក្យសម្ដីគ្នា ទើបជនដៃដល់ទាញដាវសាមូរ៉ៃកាប់ទៅលើស្ដ្រីរងគ្រោះបណ្ដាលឲ្យដាច់កដៃម្ខាងតែម្ដង។
គួររម្លឹកដែរថា ប្ដី-ប្រពន្ធមួយគូនេះបានបែកបាក់គ្នាជាងមួយឆ្នាំមកហើយ ដោយកាលណោះគេ នៅចាំបានថា ពួកគេបានរួមរស់ជាមួយគ្នាត្រឹមតែមួយខែប៉ុណ្ណោះ ។ ពេលនោះខាងប្រុសបានចុះចេញទៅនៅស្រុកកំណើត ។ ក្រោយមកខាងស្រីក៏មានគូស្រករថ្មីទៀត ហើយទំនងជាបុរសដៃដល់ស្ដាយស្រណោះ និងប្រចណ្ឌអតីតប្រពន្ធ ទើបកើតក្ដីកំហឹងហ៊ានប្រព្រឹត្ដទង្វើបែបនេះ។
ក្រោយ កើតហេតុស្ដ្រីរងគ្រោះត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕