រាជធានីភ្នំពេញ : ក្រោយពេលដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដែលបង្កដោយរថយន្តក្រុងវៀតណាម បានជ្រុលទៅបុករថយន្តដឹកកម្មករ បានបណ្តាលឲ្យកម្មករ-កម្មារិនីជិត២០នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតរងរបួស នៅខេត្តស្វាយរៀងរួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសភ្លាមៗ ដោយជម្រុញឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ក្នុងច្បាប់ផាកពិន័យនោះ អ្នកជិះម៉ូតូណាដែលមិនពាក់មួក ត្រូវពិន័យឡើងដល់ ១ម៉ឺន៥ពាន់រៀល ខណៈដែលច្បាប់ចាស់ ពិន័យត្រឹមតែ៣ពាន់រៀលប៉ុណ្ណោះ។ ការផាកពិន័យនិងការដាក់ទោសទណ្ឌនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ដោយដាក់បញ្ចូលនូវមាត្រាថ្មីជំនួសវិញ ហើយក្នុងខ្លឹមសារនៃអនុក្រឹត្យនោះ បានកំណត់អំពីការផាកពិន័យដោយគុណនឹង៥ដងនៃច្បាប់ចាស់ សម្រាប់យានយន្ដគ្រប់ប្រភេទ។
បើតាមលោកផែង សុវិជ្ជានោ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា ច្បាប់ចរាចរសម្រាប់ឆ្នាំ២០១៥នេះ នឹងមានប្រសិទ្ធភាជាងមុន ដោយសារតែការផាកពិន័យខ្ពស់ ដូច្នេះអ្នកបើកបរទាំងអស់អាចនឹងប្រុងប្រយ័ត្នច្រើនជាងមុន។ នៅពេលដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដាក់ឱ្យអនុវត្ដន៍ វានឹងអាចជួយកាត់បន្ថយនូវបទល្មើស និងគ្រោះថ្នាក់ចរាចរនៅតាម ដងផ្លូវផងដែរ៕