ខេត្តស្វាយរៀង : យ៉ាងហោចណាស់កម្មករក កម្មការិនី២១នាក់បានបាត់បង់ជីវិត និងមានកម្មករកម្មការិនីច្រើននាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តទេសចរណ៍របស់ក្រុមហ៊ុន15SH បុកជាមួយនឹង រថយន្តដឹកកម្មករនៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា ចំនួនកម្មករ កម្មការិនីដែលស្លាប់ទាំង២១នាក់ នោះមានបុរសម្នាក់ដែលគេសង្ស័យថាជាអ្នកបើកបររថយន្ត ក្នុងនោះកម្មការិនី២១នាក់បានស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តក្រុងដែលបុករថយន្តដឹកកម្មករ ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរកម្ពុជា-វៀតណាម15SH។ ក្រុមហ៊ុនដឹកអ្នកដំណើររបស់វៀតណាមនេះ មានទីតាំងស្ថិតនៅជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិក ក្បែងកន្លែងលក់ផ្លែឈើចាស់។ បើកតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទេសចរណ៍បានធ្វើដំណើរពីកើតមកលិច រីឯរថយន្តដឹកកម្មករ កម្មការិនីធ្វើដំណើរពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុរថយន្តទេសចរណ៍ បានជែងរថយន្តខាងមុខ ហើយក៏វាក់ជាមួយនឹងរថយន្តដឹកម្មករ បុកពេញទំហឹងតែម្តង។
ប្រភពដដែលបានបញ្ជាក់ទៀតថា កម្មករដែលរងរគ្រោះថ្នាក់នេះ ស្លាប់ ២១នាក់ មានស្រី១៦នាក់ និងជាង១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យ និងគ្លីនិកឯកជន ខណៈខ្លះទៀតបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ នៅក្នុងរថយន្តដឹកកម្មករ ផ្ទុកកម្មករជាង ៣០នាក់៕