រាជធានីភ្នំពេញ : ទើបតែចូលប្រឡូកអាជីពសិល្បៈបានរយៈពេលប្រមាណជាបីឆ្នាំ តារាសម្តែងកញ្ញា គង់ វិច្ឆកា ទើបនឹងឱកាសសម្តែងខ្សែភាពយន្តបានបួនរឿងមកទេ ក្នុងចំណោមវណ្ណកម្មទាំងនោះ កញ្ញាក៏ទើបតែទទួលបានតំណែងតួឯកបានមួយលើកក្នុងរឿង បេះដូងក្រៅទ្រូងរបស់ស្ថានីយទូរទស្សន៍ជាតិ ទទក ប៉ុណ្ណោះ។
ជុំវិញចម្ងល់នៃការប្រឡូកក្នុងការងារសិល្បៈកញ្ញា គង់ វិច្ឆកា បានបង្ហាញជំហរថា នាងមិនសូវជាប់រវល់នឹងការងារសម្តែងទេ ព្រោះក្រោយពីថតបញ្ចប់រឿង បេះដូងក្រៅទ្រួង មកនាងក៏មិនទាន់ទទួលថតរឿងថ្មីទៀតនៅឡើយ។
កញ្ញាបន្តថា បញ្ហានេះមិនមែននាងគ្មានផលិតករហៅថតទេ គឺមានច្រើន ប៉ុន្តែនាងមិនទទួល ព្រោះរឿងខ្លះនាងមិនអាចទទួលតំណែងតួរង ដោយតំណែងតួឯកបានទៅលើកតួដែលចូលប្រឡូកអាជីពសម្តែងក្រោយនាងបានទេ។ ប៉ុន្តែតារាសម្បុរស្រអែមរូបនេះមិនបានប្រាប់ពីហេតុផងក្រៅពីពាក្យថា នាងខ្មាសគេ ដែលត្រូវទទួលតំណែងតួរង រីឯតារាចំណូលថ្មីទទួលតំណែងតួឯកនោះទេ៕