រាជធានីភ្នំពេញ : អ្នកមេម៉ាយចាយរាង កែវ ពេជ្រពិសី ត្រូវបានប្រភពស្និទ្ធនឹងនាង បានទម្លាយអាថ៌កំបាំង ដោយបង្ហើបថា ៖«មានបុរសអាណិកជនខ្មែរអាមេរិក កំពុងតែប្រជែងស្នេហ៍នាង»។ ប្រភពនោះបានបង្ហើបយ៉ាងជាក់ច្បាស់ថា ៖«បុរសអាណិកជនខ្មែរអាមេរិកម្នាក់នោះ កំពុងរង់ចាំចម្លើយស្នេហ៍ពីអ្នកមេម៉ាយ កែវ ពេជ្រពិសី ដែលបានអូសបន្លាយពេលវេលាយ៉ាងយូរមកហើយនោះ»។ ប៉ុន្តែអស់រយៈពេលជាច្រើនខែកន្លងមកនេះ គេក៏នៅតែមិនទាន់ដកក្តីស្នេហាពីតារាស្រីម្នាក់នៅឡើយនោះទេ បើទោះបីជានាងកំពុងតែជាប់ចំណងស្នេហាជាមួយនឹងមន្ត្រីយោធាពាក់ផ្កាយ៤លើស្មាក៏ដោយនោះ។
បើតាមប្រភពដដែលនៅបានបញ្ជាក់ទៀតថា បុរសអាណិកជនខ្មែរអាមេរិក ដែលមានអាយុប្រមាណ៤៥ឆ្នាំរស់នៅក្នុង រដ្ឋម៉ាហ្សាញូហ្សេដ បានសាបព្រួសពន្លកស្នេហ៍ជាមួយនឹងអ្នកមេម៉ាយ កែវ ពេជ្រពិសី អស់រយៈពេលជិតពីរឆ្នាំមកហើយ។ ប៉ុន្តែ អ្នកនាង កែវ ពេជ្រពិសី ក៏មិនបានបដិសេធដែរចំពោះចំណងស្នេហាមួយនេះ។ ម្យ៉ាងវិញទៀតពួកគេបានស្វែងយល់ចិត្តគ្នាជាច្រើនលើកច្រើនសា រហូតលោកបានផ្តល់លុយ ផ្តល់កាក់ជួយជ្រោមជ្រែងជារឿយៗ កន្លងមក ប៉ុន្តែនៅពេលដែលបុរសម្នាក់នោះបានសុំចូលស្តីដណ្តឹងរៀបការ ដើម្បីធានាយកនាងទៅរស់នៅឯសហរដ្ឋអាមេរិកជាមួយគ្នាតារាស្រី កែវ ពេជ្រពិសី តែងតែប្រើពាក្យសុំពេលសិក្សាមួយសិន ដូច្នេះហើយនៅពេលកន្លងមករូបលោកក៏ធ្វើតាមបំណងនាងរហូត។
យ៉ាងណាក្តីបដិសេធបែបនេះ ត្រូវដាក់ការសង្ស័យថា កែវ ពេជ្រពិសី នៅមិនទាន់ដាច់ចិត្តពីបុរសមន្ត្រីយោធាពាក់ផ្កាយ៤ ពោលគឺខ្លួនមួយចង់ជិះទូកពីរ ទើបនាងយកលេសថា “ត្រូវការពេលវេលា បើកចិត្ត ដើម្បីស្វែងយល់គ្នាឲ្យបានច្រើនជាងនេះ៕