រាជធានីភ្នំពេញ : នារីរូបស្រស់ម្នាក់ដែលគេស្គាល់ថា អតីតពិធីការិនីទូរទស្សន៍CTN ឈ្មោះ ឯក សុជាតា ហៅ សាសា បានជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Porsche បើកបត់ឆ្លងផ្លូវ
ទៅបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាកវ៉េវ បណ្ដាលឲ្យបុរសជនជាតិបរទេស២នាក់រងរបួស កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះជាជនបរទេស ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ សេ១០០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1T-4534 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ឯភាគីម្ខាងទៀតគឺជាតារាចំរៀងស្រស់សោភា និងជាពិធិការីឈ្មោះសាសា ជិះរថយន្តមួយគ្រឿងម៉ាក PORCHES ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ជិះតែម្នាក់ឯងដូចគ្នាធ្វើដំណើរតាមផ្លូវលេខ៤៧៤ ក្នុងទឹសដៅពីកើតទៅលិច ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញរថយន្តរបស់ អតីតពិធីការិនីខាងលើបានធ្វើដំណើរចេញមកពីផ្លូវលេខ៤៧៤ បម្រុងបត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះមុនីវង្ស គាប់ជួនម៉ូតូរបស់ជនជាតិបរទេសជិះឆ្លងកាត់បណ្តាលឲ្យរថយន្តបុកដួល បាក់ដៃ។
ក្រោយពេលកើតហេតុ ខាងភាគីទាំងពីរសម្រួលគ្នាក្រៅផ្លូវការស្ងាត់ៗ និយាយខ្សឹបៗមិនឲ្យរំខានដល់សម្ថកិច្ចបន្តិចឡើយ ធ្វើឲ្យសមត្ថកិច្ចដែលឈរចាំសម្របសម្រួលនោះមិនដឹងថា ការចរចារចប់ទេ ហើយសមត្ថកិច្ចក៏មិនទៅធ្វើការវាស់វែងអ្វីដែរ គ្រាន់តែជួយសម្រួលចរាចរណ៍កុំអោយស្ទះចរាចរណ៍៕
កញ្ញា សាសា បើករថយន្តបុកជនជាតិបរទេស
Posted by Komneut Thmey News on Saturday, 16 May 2015