រាជធានីភ្នំពេញ : បើទោះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចត្រូវបានអនុវត្ត ក៏ នៅមានបទល្មើសមួយចំនួនកើតឡើងជាបន្តបន្ទាប់ ទាំងអស់នេះក៏ព្រោះតែអ្នកពាក់ព័ន្ធទាំងនោះមិនខ្លាចអំណាចរបស់សមត្ថកិច្ច ឬចំណាត់ការរបស់ច្បាប់ ព្រោះតែអ្នកទាំងអស់នោះបានប្រើប្រាស់អំណាចនៃទឹកលុយជះលើរដ្ឋមានអំណាច ដើម្បីជាខែលបិទបាំង។
ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច ល្បែងស៊ីសងជាចំណុចមួយដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ ពីព្រោះតែល្បែងស៊ីសងអាចធ្វើឲ្យមនុស្សឈ្លក់វង្វេងភ្លេចការងាររកស៊ី ល្បែងស៊ីសងធ្វើឲ្យមនុស្សញៀន និងល្បែងស៊ីសងធ្វើឲ្យមនុស្សក្លាយជាជនល្មើស ឬក៏ឧក្រិដ្ឋជនជាដើម។
ជាក់ស្តែងនៅលើកប៉ាល់ជើងទឹក ឋិតនៅមាត់ទន្លេសាប ទល់មុខមន្ទីរពេទ្យកេតុមាលា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបនល្បែងដ៏សកម្មរបស់លោក សួរហៅកំពង់ធំ ដេលកំពុងដំណើរការយ៉ាងរលូនមិនរំខានអាជា្ញធមានសមត្ថកិច្ច។
មេបនល្បែងឈ្មោះ “សួរហៅកំពង់ធំ” ត្រូវបានគេចាត់ទុកថា គាត់ពិតជាថ្លើមពាសមេឃក្នុងជំនាញបើកបនល្បែងខុសនៅក្នុងក្រុងភ្នំពេញ ហើយទីតាំងល្បែង នៅលើកប៉ាល់ជើងទឹក ក៏បុគ្គលរូបនេះ អាចនឹងហ៊ានចំណាយប្រាក់ច្រើនសម្រាប់ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ជាពិសេសមេៗអង្គភាពយោធាជើងទឹក ទើបផ្ដល់ទីតាំងជាមធ្យោបាយបើកបនល្បែងស៊ីសង ខុសច្បាប់។
ពាក់ព័ន្ធនឹងករណីខាងលើនេះប្រភពមួយបានឲ្យដឹងថា លោក សួរហៅកំពង់ធំ បើកគ្រាន់តែជាល្បែងស៊ីសងតូចតាចប៉ុណ្ណោះ បើមិនបើកក៏ពួកគេទាំងអស់នោះទៅចូលកាស៊ីណូអស់ហើយ។ ការបើកនេះគ្រាន់តែប្រមូលបានលុយបន្ដិចបន្ដួចសម្រាប់ចាត់ចែងជួយកម្លាំងកងទ័ពប៉ុណ្ណោះ។ គួរយោគយល់ទៅ ទាហានគាត់គ្មានអីហូបចុកទេ អ៊ីចឹងបានពីល្បែងនេះបន្ដិចបន្ដួចគាត់ក៏សប្បាយចិត្ដដែរ។
គួរបញ្ជាក់ថា បនល្បែងស៊ីសង គឺជាឃ្លាំង និងប្រភពដែលផ្ដើមចេញឲ្យមានបទល្មើសនៅក្នុងសង្គមជាតិ ម្យ៉ាងវិញទៀត មិនគួរណាត្រូវបានគេ យកទីតាំងអង្គភាពរបស់រដ្ឋបើកបនល្បែងទាំងបំពានច្បាប់បែបនេះទេ? ទាំងសមត្ថកិច្ច មន្ដ្រីរាជការ ប្រជាពលរដ្ឋ និងយោធា នៅទីនោះដែរ។
មតិមហាជនបានរិះគន់ថា លោកអភិបាល ក៏ដូចជាលោកអធិការ តើមានសុឆន្ទៈបង្ហាញពីគោលជំហក្នុងការបង្ក្រាបបនល្បែងនៅលើកប៉ាល់យោធាជើងទឹកនេះដែរឬទេ? ឬមួយមិនហ៊ានព្រោះតែខ្លាចបារមីនៃអំណាចទឹកលុយ(វាយឆ្កែឲ្យមើលម្ចាស់)៕