រាជធានីភ្នំពេញ : ក្រោយទទួលរឿងអាស្រូវ “យកអាវទ្រនាប់ មកពាក់ខាងក្រៅ” ដើម្បីទាញប្រជាប្រិយភាពនោះ កញ្ញា ឃិត សំម៉ាលីស បានចេញមុខបកស្រាយ និងប្រាប់ពីម៉ូដអាវថ្មីរបស់នាងដែលយកអាវទ្រនាប់មកពាក់ សម្ញែងកណ្តាលវាលថា ជាម៉ូដថ្មីដែលនាងកុម្ម៉ង់មកពីប្រទេសចិន។ ប៉ុន្តែអ្វីដែលចម្លែកមួយទៀតនោះ គឺថា នាងហាក់តែកំពុងតែមានចេតនា ឲ្យស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាអ្នកទទួកខុសត្រូវជាមួយនាង ជុំវិញការរិះគន់ឥតសំចៃមាត់ពីសំណាក់មហាជន។
តារាចម្រៀងតែ ឡើងកូដតាមរយៈរឿងអាស្រូវ កញ្ញា ឃិត សំម៉ាលីស បានរៀបរាប់បញ្ជាក់ថា «ទូរទស្សន៍អាស៊ីអាគ្នេយ៍ គ្រាន់តែអ្នកអញ្ជើញនាងខ្ញុំ ឲ្យឡើងសម្តែងតែប៉ុណ្ណោះ ហើយមុនការសម្តែងពួកគាត់ ក៏បានឯកភាព និងយល់ព្រមឲ្យនាងខ្ញុំស្លៀកសម្លៀកបំពាក់នោះផងដែរ ដោយសារសម្លៀកបំពាក់នោះ មិនបានបញ្ចេញភាពសិចស៊ី ឬសាច់នោះទេ គ្រាន់តែជាម៉ូដថ្មីតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបងប្អូន គិតថាមិនស័ក្តិសម ឬមិនល្អនាងខ្ញុំ ឃិត សំម៉ាលីស សូមអភ័យទោស ដល់បងប្អូនគ្រប់ៗគ្នា…» ។
កញ្ញា ម៉ាលីស បានបន្ថែមទៀតថា ៖«ជាការពិតណាស់ រយៈពេល២ថ្ងៃមុន នាងខ្ញុំបានឃើញព័ត៌មានមួយ ដែលបងប្អូនបាន ចែករំលែកជាបន្តបន្ទាប់ ពីសម្លៀកបំពាក់របស់នាងខ្ញុំ ក្នុងការសម្តែងនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយនាងខ្ញុំក៏បានឃើញនូវមតិរិះគន់មួយចំនួនរបស់មហាជនផងដែរ។ ថ្ងៃនេះនាងខ្ញុំសូមធ្វើការបកស្រាយពីសម្លៀកបំពាក់នោះថា ជាសម្លៀកបំពាក់ម៉ូដថ្មីដែលនាងខ្ញុំ ទើបតែកុម្ម៉ង់ មកពីប្រទេសចិន បានចំនួន១សប្តាហ៍គត់» ។
តារាចម្រៀងដែលសម្បូររឿងរ៉ាវអាស្រូវច្រើនគួរសមសម្រាប់ឆ្នាំ២០១៥កញ្ញា ឃិត សំម៉ាលីសបានបន្ថែមទៀតថា ៖«សម្លៀកបំពាក់នោះ គ្រាន់តែជាម៉ូដសម័យថ្មីតែប៉ុណ្ណោះ ប៉ុន្តែប្រសិនជាការស្លៀកពាក់របស់នាងខ្ញុំ មិនសមរម្យ ឬបងប្អូនគិតថា មិនល្អ នាងខ្ញុំសុំអភ័យទោសផង ។ បញ្ហានេះផងដែរ ក៏មិនមានការពាក់ព័ន្ធ ឬក៏មានការបង្គាប់បញ្ជាឲ្យនាងខ្ញុំ ស្លៀកពាក់សម្លៀកបំពាក់បែបនេះ ពីស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍នោះទេ» ៕