បន្ទាប់ពីបានធ្វើជាអ្នកថតរូប និងបានបញ្ចូលរូបភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមក កញ្ញា ថន ថាណែត ក៏ទទួលបានការចាប់អារម្មណ៍ពីផលិតករខ្សែភាពយន្តហៅនាងឲ្យចូលសម្តែង តែម្តង ។បើទោះបីជាមិនទាន់មានឱកាសបង្ហាញមុខសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ លើវិថីសិល្បៈក្នុងភាព សុទិដ្ឋិនិយមបំផុត។
តារាសម្តែង កញ្ញា ថន ថាណែត កន្លងមកបើទោះបីជាតារាជើងថ្មីរូបនេះមានមហិច្ឆតាចង់ចូលប្រឡូកក្នុង វិស័យសិល្បៈជាយូរមកហើយក្តី តែនាងហាក់មិនមានឱកាសបានធ្វើដូចអ្វីដែលនាងប៉ងប្រាថ្នានោះឡើយ ពោលគឺដោយសារតែការងារសិល្បៈក្រៅរង្វង់សិល្បៈរបស់នាងបានជ្រៀក ពេលវេលាជាពីរ។ តែទោះជាយ៉ាងណាក្តីការស្រមៃចង់ក្លាយជាអ្នកសិល្បៈនេះបានលេចចេញ រូបរាងឡើងដោយមិននឹកស្មានដល់សម្រាប់តារាជើងថ្មីដែលមានដើមកំណើត នៅក្នុងខេត្តសៀមរាបរូបនេះ បន្ទាប់ពីនាងបានធ្វើជាអ្នកថតរូប ហើយបានបញ្ចូលរូបភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទើបមានការចាប់អារម្មណ៍ពីផលិតករខ្សែភាពយន្តតែម្តង។
តារាវ័យ ២៣ឆ្នាំ កញ្ញា ថន ថាណែត បានអះអាងឲ្យដឹងថាបន្ទាប់ពីមានការចាប់អារម្មណ៍ពីផលិតករភាពយន្ត រួចមក ថាណែតបានសាកល្បងក្នុងការសម្តែងខ្សែរឿងជាលើកដំបូងឱ្យមណ្ឌលព័ត៌មាន ស្ត្រីកម្ពុជាក្នុងរឿង “កូនស្រីអ៊ិស្លាម” ក្នុងតំណែងជាតួឯក។ ទោះយ៉ាងណា បន្ទាប់ពីនោះ នាងនៅមិនទាន់មានការទាក់ទងឲ្យសម្តែងខ្សែវីដេអូ ឬភាពយន្តណាមួយទៀតនៅឡើយទេ៕