ប្រទេសចិន : ទារកទើបនឹងកើតម្នាក់ត្រូវបានប្រទះឃើញនៅមានជីវិត ក្រោយពីត្រូវបានឪពុកម្តាយចិត្តដាច់ គ្មានធម៌មេត្តា យកទៅបំបោះបង់ចោល រយៈពេល២យប់២ថ្ងៃ និងបន្ទាប់មក យកកូនខ្លួនឯងដែលមិនទាន់ស្លាប់កប់ក្នុងដីរយៈពេល៨យប់ ៨ថ្ងៃថែមទៀត។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ខណៈពេលស្ត្រីវ័យកណ្តាលម្នាក់ ឈ្មោះ Lu Fenglian កំពុងដើរកាប់រុក្ខជាតិសម្រាប់ផ្សំថ្នាំចិន នៅលើភ្នំមួយត្រង់កន្លែងកប់ខ្មោច ក៏ស្រាប់តែបានឮសំលេង ទារកយំ ហើយគាត់ស្មានតែខ្មោចលង ក៏រត់ទៅវត្តមួយកន្លែងសុំឲ្យគេជួយ។ ក្រោយមកអាចារ្យវ័យ៧៥ឆ្នាំម្នាក់ ក៏ត្រឡប់ទៅកន្លែងកប់ខ្មោច ជាមួយស្ត្រីវ័យកណ្តាលនោះ ហើយក៏បានដឹងថា សំឡេងទារកយំនោះជា កូនមនុស្ស មិនមែន ជាខ្មោចនោះទេ។ បន្ទាប់មក ពួកគេ ក៏បានហៅប៉ូលិសមកត្រួតពិនិត្យ កន្លែងនោះ ហើយក៏បានរកឃើញទារកម្នាក់ ដែលត្រូវបានគេដាក់ក្នុង ប្រអប់ក្រដាស និងកប់ក្នុងដីជម្រៅ៥ សង់ទីម៉ែត្រ ដែលមានដីធា្លក់ចូលស្ទើរពេញ ក្នុងប្រអប់ក្រដាសនោះ។ លើសពីនេះប៉ូលីសក៏បានរកឃើញ កន្សែង និង ខោអាវ កូនក្មេង នៅក្នុងប្រអប់ក្រដាស់ នោះផងដែរ។
ប្រភពដដែលបានឲ្យដឹងថា ពេលរកឃើញនោះស្ថានភាពសុខភាព ទារករងគ្រោះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយក៏ត្រូវបានប៉ូលិសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ Tian Dong។ គ្រូពេទ្យក្នុងមន្ទីរពេទ្យបានជួយសង្គ្រោះជីវិតរបស់ទារកនោះឲ្យផុតពីការស្លាប់ ហើយគ្រូពេទ្យបានបញ្ជាក់ថា ទារកនេះអាចនៅរស់រានមានជីវិតបន្ទាប់ពីត្រូវកប់អស់រយៈពេលច្រើនថ្ងៃ បែបនេះដោយសារទារកនេះមិនត្រូវបានគេកប់ចូលទៅក្នុងដីពេញលក្ខណៈឡើយហើយទឹកភ្លៀងបានហូរចូលក្នុងប្រអប់ក្រដាសធ្វើឲ្យខ្លួនទារកមានសំនើម។ ក្នុងនោះដែរគ្រូពេទ្យបានបន្តថា ពេលកំពុងជួយសង្គ្រោះទារកនេះ បានខ្ជាក់ចេញទឹកកង្វក់ពណ៌ខ្មៅ ដែលគ្រូពេទ្យថា ជាទឹកលាយដីដែលទារកបានលេបចូលទៅក្នុងពោះ។
យ៉ាងណាមិញក្រោយមកប៉ូលិសបាន កំណត់អត្តសញ្ញាណឪពុកម្តាយរបស់ទារករងគ្រោះដែលដឹងថា ជាគូស្នេហ៍វ័យក្មេងមួយគូ រស់នៅក្នុងតំបន់ Ping Ma ។ ពួកគេទាំងពីរបានសារភាពថា ពួកគេពិតជាបានយកកូនទៅបំបោះបង់ចោល នៅកន្លែងកប់ខ្មោច មួយកន្លែងកាលពីថ្ងៃទី ២៤ ខែមេសា មែន ហើយពួកគេក៏បានយកកូនខ្លួនឯងទៅកប់ចោល អស់រយៈពេល៨ថ្ងៃ ដោយសារគិតថា ទារកនោះបានស្លាប់បាត់ទៅហើយ។
ទោះបីជាយ៉ាងណាឪពុកម្តាយទារក ដែលយកកូន ទៅបោះចោល និងកប់ក្នុងដី យ៉ាងព្រៃផ្សៃបែបនេះ គឺកំពុងតែត្រូវបានប៉ូលិសធ្វើការស៊ើបអង្កេតបន្ត និង ចោទប្រកាន់ពីបទឃាតកម្មដោយចេតនា៕ Heng Ly
ប្រភព shanghaiist | dailymail