រាជធានីភ្នំពេញ : តារាសម្តែងមុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា បានបង្ហើបឲ្យដឹងដោយចំហ ឥតខ្មាសអៀនថា ៖«ឲ្យតែហ៊ានឲ្យតម្លៃខ្លួននាងខ្ពស់ នាងនឹងទៅភ្លាម មិនខ្លាចការរិះគន់ និងតិះតៀនពីសំណាក់នរណាម្នាក់ឡើយ។ ការបង្ហាញត្រង់ៗទាំងបើកចំហនេះមិនមែនមានន័យថា នាងឲ្យតម្លៃខ្លួនក្នុងរឿងអ្វីមួយផ្សេងនោះឡើយ ពោលគឺតម្លៃខ្លួននាងក្នុងការសម្តែង និងការដែលនាងហ៊ានសម្តែងឈុតសិចស៊ីតែប៉ុណ្ណោះ។
ដោយផ្អែកទៅលើរូបសម្បត្តិ និងរូបសម្រស់ដ៏ទាក់ទាញ ព្រមទាំងទេពកោសល្យសម្តែងរបស់នាង តាមរយៈខ្សែភាពយន្តបែបសិចស៊ីរឿង “ស្បែកគង់” បានធ្វើឲ្យតារាសម្តែង ឌុច លីដា បានបោះជំហានទទួលបានប្រជាប្រិយភាព លេចធ្លោរគួរឲ្យគត់សម្គាល់។ តារាសម្តែង ឌុច លីដា បានប្រាប់ថា នាងនៅតែមានសេចក្តីក្លាហានក្នុងការសម្តែងឈុតសិចស៊ី ដោយមិនរាងចាលនៅទេ ប្រសិនបើរឿងនោះ ត្រូវបានខាងក្រសួងអនុញ្ញាតឲ្យថត។
កញ្ញា ឌុច លីដា បានបង្ហាញជំហរថា ធម្មតាក្នុងនាមជាតារាសម្តែង ជៀសមិនផុតពីការរិះគន់ ពីសំណាក់មហាជននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះឲ្យតែយើងគិត និងជឿជាក់លើខ្លួនឯងថា យើងមិនថតអ្វីដែលជ្រុលហួស និងធ្វើឲ្យខូចវប្បធម៌ខ្មែរ ទៅបានហើយ។ អ្វីដែលសំខាន់មួយទៀតនោះ គឺថា ឲ្យតែខាងផលិតកម្មហ៊ានឲ្យតម្លៃខ្លួនថ្លៃ នាងថតភ្លាម៕