ស្នាមញញឹមដ៏ស្រស់ស្អាត គឺអាស្រ័យលើធ្មេញរបស់អស់លោកអ្នកក្នុងការបញ្ចេញឲ្យអ្នកដទៃឃើញ។ ធ្មេញទន្សាយ គឺជាធ្មេញមួយប្រភេទដែលយុវវ័យកំពុងពេញនិយមនាពេលបច្ចុប្បន្ន ប៉ុន្តែមិនមែនមានន៏យថា យុវវ័យណាក៏ដោយសុទ្ធតែតធ្មេញបានស្អាតនិងល្អទេ គឺអាស្រ័យទៅលើបច្ចេកទេសទំនើប របស់គ្រូពេទ្យ តើគ្រូពេទ្យមានវិធីសាស្ត្របែបណាដើម្បី តធ្មេញឲ្យមានភាពស្រស់ស្អាត?
តធ្មេញទន្សាយជួយលើកសម្រស់:
ការតធ្មេញមិនមែនចេះតែតនោះទេ គឺវាអាស្រ័យទៅលើទម្រង់មុខ។ ទម្រង់មុខខ្លី និង ធំពេក ពេលតទៅក៏មិនសក្តិសម ដូចទម្រង់មុខវែងឡើយ ម្យ៉ាងទៀតយុវវ័យមួយចំនួន តធ្មេញមិនដើម្បីតែភាព ស្រស់ស្អាតតែមួយមុខនោះទេ ប៉ុន្តែអាចបណ្តាលមកពីធ្មេញពីកំណើតរបស់គេខ្លីទើប តឲ្យរាងវែង ហើយជួនកាលតធ្មេញ ដើម្បីបិទប្រហោងចន្លោះធ្មេញកណ្តាលឲ្យជិតល្អ ។ ការតធ្មេញទន្សាយ វាសក្តិសម សម្រាប់តែយុវវ៏យប៉ុណ្ណោះ។
វិធីតធ្មេញទន្សាយ
ការតធ្មេញទន្សាយនេះត្រូវចំណាយពេលប្រហែលជា ១ម៉ោង៣០នាទី ទៅ២ម៉ោង ជាតំបូងត្រូវពិនិត្យលើ ទម្រង់មុខ តើពេលតទៅ សក្តិសមឬអត់? រូចហើយត្រូវពិនិត្យលើសុខភាពធ្មេញរឹងមាំដល់កម្រិតណា? ដើម្បី ងាយស្រួលនៅពេលរ៉! បើធ្មេញរឹងមាំ រ៉ រាងខ្លាំងបន្តិច បើពុក រ៉ ក្នុងលក្ខណះធម្មតា ប្រសិនបើធ្មេញ កំណើតរាងធំ ត្រូវចំណាយពេល រ៉ រាងយូរបន្តិច ព្រោះពិបាកត។ បន្ទាប់ពីពិនិត្យសុខភាពធ្មេញហើយ ត្រូវឈូសឆាប ឲ្យរួចរាល់ ហើយទើបឈានចូលដល់វិធីតធ្មេញទន្សាយ ជាមួយនឹងធ្មេញកំណើត ដោយប្រើបច្ចេកទេសពេទ្យ។ ធ្មេញទន្សាយដែលតភ្ជាប់មានប្រវែង២មីលីម៉ែត្រ ទៅ ៣មីលីម៉ែត្រ ផលិតចេញពី សារធាតុម្យ៉ាងដែលមាន ព៌ណប្រហាក់ប្រហែលទៅនិងធ្មេញកំណើត។
ផលប៉ះពាល់នៃការតធ្មេញ
ពេលរ៉ ជៀសមិនផុតពីការប៉ះពាល់នៃសាច់អញ្ចាញ ជាមួយនឹងឧបករណ៏ធ្វើធ្មេញទេ ក្នុងករណី តមិនបាន ត្រឹមត្រូវតាមក្បួនខ្នាត ឬជាមួយពេទ្យមិនមានជំនាញ ធ្វើឲ្យធ្មេញត ឆាប់ស្រៀវនៅពេលដែល ប៉ះជាមួយ និងទឹកក្តៅ ឬទឹកត្រជាក់ ឬប៉ះជាមួយនឹងកំទេចចំណីអាហារ។ ម្យ៉ាងទៀតនៅពេលចេញធ្មេញទន្សាយ វានឹងមើលឃើញ ធ្មេញពីកំណើតខ្លី ហើយតូច និងមើលទៅមិនសក្តិសមជាមួយនិងធ្មេញដទៃទៀតទេ។ នៅពេលទទួលទាន អាហាររឹង មិនអាចប៉ះពាល់ទៅនឹងធ្មេញមុខនេះបានទេ ព្រោះអាចធ្វើឲ្យបែក និងឈឺទៀតផង។ ករណីមួយចំនួន បន្ទាប់ពី តហើយ បានមួយឬពីរសប្តាហ៏ អាចធ្វើឲ្យហើមអញ្ចាញ និងក្រហមទៀតផង ករណីនេះ បើមិនទៅជួបនឹងអ្នកជំនាញទាន់ពេលទេ វានិងធ្វើឲ្យកើតខ្ទុះ ឬដំបៅ ជាដើម ។
វិធីថែរក្សាធ្មេញទន្សាយ
សូមលោកអ្នកសំអាតជាប្រចាំ ក្នុងមួយថ្ងៃ ឲ្យបាន២ ឬ៣ដង ជាពិសេសនៅក្រោយពេលទទួលទាន អាហារ និងក្រោកពីដំណេក ដើម្បីជៀសវៀងធ្វើឲ្យធ្មេញឡើងខ្មៅ ហើយលឿង។ សូមជ្រើសរើសថ្នាំ ដុសធ្មេញ និងទឹកខ្ពុរមាត់ដែលមានគុណភាពល្អយកមកប្រើ ។ ចំពោះការទំពារអាហារ គួរតែទំពារថ្នមៗ ប្រសិនបើចង់ ទំពារធ្មេញមុខ សូមជ្រើសរើសយកអាហារណា ដែលមិនសូវរឹង ។ គប្បីគួរតែ ឧស្សាហ៏ទៅ ពិនិត្យធ្មេញឲ្យ បានញឹកញាប់ ប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះធ្មេញត មិនត្រូវប្រើថ្នាំផ្តេសផ្តាសឡើយ ត្រូវទៅជួបនឹងអ្នកជំនាញជាបន្ទាន់៕