មនុស្សគ្រប់គ្នាតែងតែមានក្ដីស្រមៃ។ ប៉ុន្តែក្ដីស្រមៃ គឺជាចំណុចមួយដែលយើងមិនទាន់ទៅដល់ ដូច្នេះហើយប្រសិនបើជាយើងមិនចាប់ផ្ដើមនៅថ្ងៃនេះទេ យើងមិនអាចឈានដល់ក្ដីស្រមៃនោះបានឡើយ។ ខាងក្រោមនេះគឺជាមូលហេតុខ្លះៗ ដែលលោកអ្នកមិនគួររង់ចាំ ហើយគួរតែចាប់ផ្ដើមជំនួញរបស់លោកអ្នកក្នុងថ្ងៃនេះ៖
១-ទីផ្សារបានងើបឡើងវិញ
មនុស្សភាគច្រើនតែងតែយល់ថា ពួកគេត្រូវតែរង់ចាំបន្តិចសិន ព្រោះទីផ្សារមិនមានភាព ប្រសើរឡើងឡើយ។ ប៉ុន្តែសម្រាប់សហគ្រិនទាំងឡាយពួកគេមិនដែលគិតបែបនេះទេ ពួកគេតែងតែមើលឃើញភ្លើងខៀវជានិច្ចសម្រាប់ឱកាសនៃការចាប់ផ្ដើមក្ដីស្រមៃរបស់អ្នក។ ដរាបណាអតិថិជននៅតែប្រើប្រាស់ហើយលោកអ្នកពិតជាអាចបង្ហាញនូវផលិតផលខុសប្លែកពីគេបាននោះ លោកអ្នកនឹងអាចធ្វើបានយ៉ាងល្អក្នុងជំនួញនោះ។
២-ក្ដីសុបិនរបស់អ្នកមិនងាយនឹងបានសម្រេចឡើយ
សូម្បីតែការងារដ៏ងាយស្រួល ក៏យើងមិនអាចនឹងធ្វើបានសម្រេចដែរ បើសិនជាយើងមិនបានចាប់ផ្ដើមធ្វើវានៅថ្ងៃនេះ។ រឿងនេះវារឹតតែលំបាកថែមទៀតនៅពេលដែលលោកអ្នកត្រូវចាប់ផ្ដើមជំនួញធំៗ ព្រោះវាទាមទារឲ្យមានការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត។ ដូច្នេះសូមលោកអ្នកចាប់ផ្ដើមធ្វើវាទៅ មុនពេលក្ដីស្រមៃរបស់អ្នកក្លាយទៅជាសុបិនអាក្រក់។
៣-ការរង់ចាំបណ្ដាលឲ្យមានក្ដីសង្ស័យ
ជាការពិតណាស់ថា ការនៅបង្អង់រង់ចាំឱកាស គឺជាការផ្ដល់ឱកាសឲ្យអ្នកទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការត្រិះរិះពិចារណាទៅលើការសម្រេចចិត្ត ប៉ុន្តែបើសិនជាការរង់ចាំរហូតនោះ វាធ្វើឲ្យលោកអ្នកមិនអាចចាប់ផ្ដើមបាននោះឡើយ ការរង់ចាំនោះមិនមែនជារឿងល្អនៅទេ។
៤-អ្នកអាចរៀនសូត្របណ្ដើរ ធ្វើការនោះបណ្ដើរ
ការយល់ច្រលំមួយដ៏ធំធេងចំពោះការចាប់ផ្ដើមធ្វើអ្វីមួយនោះ គឺការយល់ថា ទាល់តែអ្នកចេះ ឬយល់ដឹងអំពីវា១០០ភាគរយ ទើបអ្នកអាចធ្វើវាបាន។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ គ្មានអ្វីដែលអ្នកអាចប្រាកដ១០០ភាគរយឡើយ។ មានតែការចាប់ផ្ដើមនេះហើយ ទើបធ្វើឲ្យលោក អ្នកស្វែងយល់បាននូវអ្វីៗដែលថ្មីដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនមក។
៥-ស្វែងរកអ្នកផ្ដល់ប្រឹក្សាគឺជាប្រការល្អ
ការស្វែងរកអ្នកផ្ដល់ប្រឹក្សាយោបល់គឺជាប្រកាដ៏ល្អ ព្រោះលោកអ្នកអាចមានទំនុកចិត្តជាងមុនក្នុងការចាប់ផ្ដើមក្ដីស្រមៃរបស់អ្នក។ នេះវាគឺជាធ្វើឲ្យច្បាស់ថា តើក្រុមហ៊ុនរបស់លោកអ្នកត្រូវការអ្វី ក្នុងខណៈពេលដែលក្រុមហ៊ុនដទៃទៀតមិនបានដឹង។
៦-បង្កើតប្លុកមួយដោយខ្លួនឯងគឺត្រូវប្រើពេលវេលា
បង្កើតប្លុកផ្ទាល់ខ្លួន គឺជារឿងមួយដ៏ល្អ ព្រោះវាអាចបង្ហាញនូវជំនួញរបស់លោកអ្នកទៅដល់សាធារណជនបានយ៉ាងងាយ។ ប៉ុន្តែលោកអ្នកត្រូវតែមានការអត់ធ្មត់ ព្រោះប្លុកត្រូវការពេលវេលាយូរបន្តិចដើម្បីទាក់ទាញចំណាប់អារម្មណ៍។
៧-មុខជំនួញតាមប្រព័ន្ធអ៊ិនធឺណែតគឺមានតម្លៃថោកសមរម្យ
សំណាងល្អ យើងមិនរស់នៅក្នុងសម័យកាលបុរាណទៀតទេ ដូច្នេះហើយបច្ចេកវិទ្យាទំនើប អាចផ្ដល់ភាពងាយស្រួលណាស់ដល់ការធ្វើជំនួញ ជាពិសេសគឺជំនួញតាមប្រព័ន្ធអ៊ិនធឺណែតតែម្ដង ព្រោះវាមិនទាមទារឲ្យយើងមានដើមទុនច្រើនពេកទេ។
៨-អ្នកមានបណ្ដាញផ្ទាល់ខ្លួនរួចហើយ
ការដែលយល់ថា លោកអ្នកមិនមានបណ្ដាញធ្វើអ្វីមិនទាន់គេនោះ វាគឺជាគំនិតមួយអន់ថយ ហើយនឹងទាញលោកអ្នកមិនអាចដើរទៅមុខបានឡើយ។ ដូច្នេះ វាប្រាកដណាស់ថា លោកអ្នកនឹងអាចកសាងបាននូវបណ្ដាញយ៉ាងច្រើនពេលដែលអ្នកចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យជំនួញផ្ទាល់។
៩-គំនិតរបស់អ្នកមិនអាចក្លាយជាគំនិតខុសគេទេបើអ្នករង់ចាំ
បើសិនជាលោកអ្នកមានគំនិតថ្មីខុសពីគេ ហេតុអ្វីបានជាអ្នកត្រូវបន្តនៅរង់ចាំ? តើលោកអ្នកមិនខ្លាចអ្នកដទៃចាប់ផ្ដើមវាមុនទេឬ? បើសិនជាលោកអ្នកបានសួរសំនួរនេះទៅខ្លួនឯង លោកអ្នកច្បាស់ជាមិនអាចនៅស្ងៀមបានឡើយ។
១០-អ្នកចង់ធ្វើវា តើមែនទេ?
ហេតុផលចុងក្រោយដែលមិនអាចបញ្ឈប់អ្នកនោះគឺថា លោកអ្នកចង់ធ្វើវាឲ្យបានសម្រេច តើមែនដែរឬទេ? សូមធ្វើឲ្យមនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នកបានឃើញថា លោកអ្នកពិតជាអាចធ្វើវាបាន ហើយថែមទាំងទទួលបានភាពជោគជ័យថែមទៀតផង៕