ខេត្តក្រចេះ : ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានបន្លឺឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ នៅភូមិសាស្ត្រ ១២៤ ក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ក្នុងភូមិត្រពាំងគ្រញូង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ហើយឃាត់បានរថយន្ត ដឹកឈើប្រណីតប្រភេទ លេខ១ សុក្រំយ៉ាងតិចជិត២០រថយន្តយីឌុប ត្រូវបានដឹកឆ្លងទៅប្រទេសវៀតណាម។
ប្រភពព័ត៌មានដែលបង្ហើបពីនាយផ្នែករដ្ឋបាលព្រៃឈើ ឆ្លូង-ស្នួល បានឲ្យដឹងថា ពិតជាមានក្រុមគយចល័ត សហការជាមួយកម្លាំងសមត្ថកិច្ច បានចាប់រថយន្តដឹកឈើដែលក្រុមឈ្មួញបានដឹកចេញពីតំបន់អភិរក្សគ្រប់គ្រងដោយខាងបរិស្ថានពិតមែន។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលដែលមានជាការចរចាណាមួយសម្រាប់ជាការបើកផ្លូវ ដើម្បីឲ្យមានការនាំឈើ ទៅកាន់ប្រទេសវៀតណាម ប៉ុន្តែមិនដឹងជាឈ្មួញ និងគយចល័តអាចមិនយល់យោគគ្នាក្នុងរូបភាព ណាមួយ ទើបឈានដល់ការបង្ក្រាប បណ្តាលឲ្យផ្ទុះអាវុធជាច្រើនគ្រាប់។
សមត្ថកិច្ចដដែលបានបន្តទៀតថា ករណីចាប់ឈើខាងលើនេះ មានការផ្ទុះអាវុធដោយសារតែ ខាងយោធាបានព្យាយាមរំដោះរថយន្តដឹកឈើជាច្រើនគ្រឿងទៅប្រទេសវៀតណាម ទើបនៅកន្លែងកើតហេតុសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិវៀតណាម ជាព្រូ និងជាអ្នកបើកបររថយន្ត យកមកធ្វើការសាកសួរ ហើយមេៗយោធានៅក្នុងអង្គភាពវរៈការពារព្រំដែនលេខ២០៤ សុទ្ធតែបានពាក់ព័ន្ធក្នុងបទល្មើសដឹកជញ្ជូនឈើនេះ ប៉ុន្តែកំពុងធ្វើការសម្របសម្រួលគ្នា៕