រាជធានីភ្នំពេញ : ក្រោយពេលដែលកញ្ញា អេន យ៉ាដាវ ចូលប្រឡូកក្នុងវិថីសិល្បៈបានរយៈពេលប្រមាណជាង២ឆ្នាំមកនោះ គេសង្កេតឃើញថា នាងកំពុងតែឈោងក្តោបក្តាប់ប្រជាប្រិយភាពយ៉ាងពេញដៃ ខណៈដែលការងារសិល្បៈរបស់នាងមានសន្ទុះកើតឡើងយ៉ាងគំហុក។ អេន យ៉ាដាវ ត្រូវបានលេចមុខជាបន្តបន្ទាប់ ក្នុងឈុតខារ៉ាអូខេ ថតស្ពតពាណិជ្ជកម្ម និងសម្តែងខ្សែភាពយន្ត។ ប៉ុន្តែអ្វីដែលជាភាពទាក់ទងខ្លាំងរបស់នាងនៅពេលនេះ គឺសម្រស់ដ៏ស្រស់សោភា បែបកូនកាត់បរទេស ហើយថ្មីៗនេះមានលេចឮព័ត៌មានមកថា នាងត្រូវបានពពួកកន្លង់សម្បូរទ្រព្យស្តុក ចាយលុយលែងអស់ បានរាយសំណាញ់តាមចាប់រូបនាងដល់ផ្ទះថែមទៀតផង។
ក្រុមកន្លង់ៗទាំងអស់នោះដែលឃ្លាំមើលនាង គេមិនបានដឹងថា តើមានប្រភពមកពីខាងណាឲ្យបានច្បាស់នោះទេ ប៉ុន្តែជារឿយៗពួកគេបានបង្ហាញខ្លួនប្តូរគ្នា មកដល់ហាងសាឡនរបស់នាង ដែលមានទីតាំងនៅម្តុំផ្សារស៊ីលិប ហើយពួកគេទាំងអស់នោះ ខ្លះមកជាលក្ខណៈជាអតិថិជន ឯខ្លះទៀតមកឃ្លាំមើលនាង ដើម្បីទាក់ទងក្នុងបំណងអ្វីមួយ។
ជុំវិញករណីមានមនុស្សមកតាមដល់ផ្ទះបែបនេះ កញ្ញា អេន យ៉ាដាវ បានប្រាប់ទាំងលក្ខណៈអៀនប្រៀនថា៖«ខ្ញុំដូចជាំអត់សូវដឹងដែរបង..! ថាមានអ្នកតាមខ្ញុំមកដល់ផ្ទះ តែបើខ្ញុំប្រាប់ថា អត់នោះក៏គ្មានអ្នកណាជឿដែរ គឺមានខ្លះខំជព្យាយាមទូរស័ព្ទ ឯខ្លះទៀតបានមកផ្ទាល់ តែខ្ញុំមកសម្គាល់ ឬដឹងច្បាស់ថា នរណស្រឡាញ់ខ្ញុំ នរណាអត់នោះទេ? ព្រោះខ្ញុំគិតថា ពួកគាត់ គ្រាន់តែជាអតិថិជនរបស់ហាងយើងខ្ញុំតែប៉ុណ្ណោះ»។
តារាសម្ដែងក្នុងរឿង “ខ្ញុំថាខូច ខូចមែន” ដែលត្រៀមនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ថ្លែងដោយបន្តថា នាងសូមអរគុណចំពោះការអាណិតស្រឡាញ់ពីប្រិយមិត្តគ្រប់គ្នា ប៉ុន្តែថា រឿងស្នេហានាងមិនគិតដល់ទេ ដោយទុកពេលវេលា ដើម្បីសាងប្រជាប្រិយភាពឲ្យល្បីល្បាញជាងមុនសិន៕