ខេត្តកណ្ដាល : មានសេចក្តីរាយការណ៍មកថា ឈ្មោះ ខៀវ កុសល ជាកូនចៅរបស់លោក ម៉ែន ចាន់ណា ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានថ្នាក់លើចាត់ឲ្យទៅឈរជើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ដូចជាចាត់បញ្ជូនដាក់ប៉ុស្តិ៍ជជុះ តាមដងផ្លូវជាតិលេខ៥ មានសិទ្ធិអំណាចបង្កព្យុះភ្លៀងតាមតែអំពើចិត្តដោយចេញកាក់រថយន្តដឹកទំនិញគ្រប់ប្រភេទជាយូរឆ្នាំហើយគ្មានថ្នាក់ណាអើពើបង្ក្រាបសោះឡើយ។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៤ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃពីរនាក់ដែលមានម្នាក់ឈ្មោះ ខៀវ កុសល ជាកូនចៅរបស់លោក ម៉ែន ចាន់ណា បើករថយន្ដម៉ាកហាយឡែនឌ័រពណ៌សពាក់ ស្លាកលេខនគរបាល២.៦៩៧៩បានទៅកាក់រថយន្ដកូរ៉េដឹកត្រីមួយគ្រឿងនៅលើផ្លូវជាតិលេខ៥ជិតវត្ដចាស់ឃុំវិហារហ្លួងស្រុកពញាឮ ខេត្ដកណ្ដាល ដើម្បីទាមទារជម្រិតយកលុយរួចអនុញ្ញាតឲ្យរថយន្ដដឹកត្រីឆ្ដោធ្វើដំណើរទៅបាត់។
មន្ដ្រីនគរបាលពីររូបខាងលើដែលឈរជើងនៅលើកំណាត់ផ្លូវជាតិលេខ៥ បានបើករថយន្ដដេញតាមរថយន្ដកូរ៉េម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ពោធិ៍សាត់3A-0709 ដោយដឹកត្រីឆ្ដោរចេញពីកន្លែងប្រមូលទិញលក់ផលនេសាទម្ដុំព្រែកព្នៅ ឆ្ពោះទៅខេត្ដកំពង់ឆ្នាំង លុះដល់ជិតវត្ដចាស់ក្នុងភូមិសាលាកាត់សក់ក៏តាមទាន់ពេលនោះ គេសង្កេតឃើញមន្ដ្រីនគរបាលពីរនាក់ស្លៀកពាក់ស៊ីវិលដោយម្នាក់នៅក្នុងរថយន្ដ និងម្នាក់ទៀតចុះទៅជួបជាមួយអ្នកបើករថយន្ដដឹកត្រី។
មន្ដ្រីនគរបាលទាំងពីរនាក់នេះបានសុំលេខថៅកែត្រីឈ្មោះ ទោម ពីអ្នកបើករថយន្ដដឹកត្រីរួចហើយទូរស័ព្ទ និយាយ មួយសន្ទុះ រួចមកក៏ត្រូវរ៉ូវគ្នា ប៉ុន្ដែមិនដឹងថា លុយប៉ុន្មាននោះទេក៏ឲ្យរថយន្ដដឹកត្រី ដែលគ្មានច្បាប់អនុញ្ញាតនេះ បន្ដដំណើរទៅមុខជាធម្មតា។ មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ឈ្មោះ ខៀវ កុសល កូនចៅលោក ម៉ែន ចាន់ណា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃថ្នាក់លើចាត់ឲ្យទៅឈរជើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្ដកណ្ដាលមានជំនាញប្រដេញតាមឡានដឹកឈើ និងឡានដឹកទំនិញឲ្យចូលបង់លុយធ្វើឲ្យគ្រប់ៗគ្នាញាក់សាច់ហើយពេលខ្លះនគរបាលទាំងនោះដើរតួជា សមត្ថកិច្ចផងដើរតួជាតុលាការផង គឺប្រដេញចាប់ឡានដឹកទំនិញឬឡានដឹកឈើឲ្យចូលបង់លុយស្ងាត់ៗ ហើយក៏ដោះលែងទៅវិញដោយមិនបានសុំយោបល់ពីព្រះរាជអាជ្ញា ឬរាយការណ៍ជូនថ្នាក់លើនោះទេ។ ហើយពេលកាក់ឡានយកលុយម្តងៗ ឈ្មោះ ខៀវ កុសល ធ្លាប់បានអះអាងថា ក្រុមឈ្មួញរកស៊ីបទល្មើសខុសច្បាប់បង់លុយឲ្យគាត់ទាំងប៉ុន្មាន គឺគាត់បានបង់ជូថ្នាក់លើទាំងអស់ សូម្បីតែលុយប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់អាចម៍គោ ក៏គាត់មិនទុកដែរ គឺបង់ជូន លោក ម៉ែនចាន់ណា ទាំងអស់ហើយលោក ម៉ែនចាន់ណា បង់ជូនថ្នាក់លើបន្តទៀត។
ជុំវិញករណីចោទប្រកាន់ខាងលើនេះ សារព័ត៌មានកំណើតថ្មី មិនអាចសុំការអធិប្បាយបកស្រាយពីលោក ម៉ែន ចាន់ណាបានទេ៕