កូនប្រុស​របស់​ឧកញ៉ា ឌួង ងៀប ប្រើប្រាស់​ងារ​ឪពុក​ដែលមាន​ស្បែក​ខ្លា បង្ក​អំពើហិង្សា​លើ​ជនរងគ្រោះ​

, , Leave a comment

14-4-2015

​រាជធានី​ភ្នំពេញ : មាន​សេចក្តីរាយការណ៍​មក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ កូនប្រុស​របស់​ឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ ឌួង ឆាយ បាន​ប្រើប្រាស់​អំពើហិង្សា​វាយតប់ និង​ទះកំភ្លៀង​ទៅលើ​កូនប្រុស​ឧកញ៉ា​ដ៏​ល្បី​មួយរូប​នៅ​កម្ពុជា ឈ្មោះ ទ្រី ដា​លុច ព្រោះតែ​មើលមុខ​ឌឺដង​ដាក់គ្នា នៅក្នុង​ហាង​ចាក់​សាក់​មួយកន្លែង យីហោ “RSD 2nd” តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ ស្ថិត​ផ្ទះ​លេខ​២៦ ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បាន​បញ្ជាក់ថា  នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ឈ្មោះ ទ្រី ដា​លុច និង​ប្អូនប្រុស​ឈ្មោះ ទ្រី ភ័ក្ត្រ កំពុង​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​បុគ្គលិក​ហាង​ចាក់​សាក់​ខាងលើ​រហូតដល់​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​យប់ ស្រាប់តែ​ឃើញ​ឈ្មោះ ឌួង ឧ​ត្ត​ម​ឆ​វិ​ន ហៅ ឆាយ ដើរ​ចូលទៅ​អង្គុយ​ក្នុង​ហាង​ពេលនោះ​ដែរ បុគ្គលិក​ទាំងអស់​ក៏​នាំគ្នា​មើលមុខ​ឈ្មោះ ឆាយ ហើយ​ជនរងគ្រោះ (​ទ្រី ដា​លុច​) ក៏បាន​មើលមុខ​ផងដែរ ព្រោះ​មានដំណើរ​ដូច​ជើងកាង​។ ស្របពេលនោះ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ឈ្មោះ ទ្រី ដា​លុច បាន​អស់​ថ្ម ហើយក៏​ដើររក​កន្លែង​សាក​ថ្ម ក្នុងពេល​នោះដែរ ឈ្មោះ ឌួង ឆាយ (​កូន​ឧកញ៉ា ឌួង ងៀប​) អង្គុយ​ក្បែរ​នោះ ហើយ​ជនរងគ្រោះ​ក៏បាន​និយាយ​ទៅកាន់​ជនបង្ករ​ឈ្មោះ ឌួង​ឆាយ ថា “​សុំ​អែប​ផ្លូវ​មួយ​” ប៉ុន្តែ​ឈ្មោះ ឆាយ​នោះ ពុំបាន​និយាយ​អ្វី​ទេ ហើយ​បាន​អង្គុយ​នៅ​កន្លែង​មាន​ឆ្នាំង​សាក​តែម្តង ភ្លាមនោះ​ជនរងគ្រោះ​ក៏បាន​លូកដៃ​ទាញ​ឆ្នាំង​សាក យកមក​សាក​ទូរស័ព្ទ ហើយក៏​ដើរចេញ​ទៅវិញ​។

 

ប៉ុន្តែ​ជនបង្ក​បាន​ឲ្យ​អង្គរក្ស​របស់ខ្លួន​ទៅ​ហៅ​ជនរងគ្រោះ ហើយ​សួរថា «​ម្តេច​ឯង​មើលមុខ​អញ ឯង​ស្គាល់​អញ ឬ​អត់ អញ​គឺ​ឈ្មោះ ឌួង ឆាយ និយាយ​ចប់​ស្រាប់តែ ឈ្មោះ ឆាយ បាន​ទះកំភ្លៀង​មួយ​ដៃ​ទៅលើ​ជនរងគ្រោះ​» ខណៈនោះ​ជនរងគ្រោះ​មិនបាន​តបត​វិញ​ទេ ហើយ​បាន​ដើរចេញ ដោយ​មិន​អស់ចិត្ត​ភ្លាមៗ​នោះ​ឈ្មោះ ឌួង ឆាយ ក៏​ស្ទុះ​មក​វាយ​ជនរងគ្រោះ​ជា​បន្តបន្ទាប់​ទៀត​បណ្តាល​ឲ្យ​បែកចេញ​ឈាម នៅក្រោម​ត្រចៀក​ខាងឆ្វេង រួច​ហើយក៏​ត្រូវបាន​បុគ្គលិក​ក្នុង​ហាង​ចាប់​ឃាត់ ឈ្មោះ ឆាយ បំបែកចេញ​តែ​ឈ្មោះ ឌួង ឆាយ បាន​ស្រែក​ខ្លាំងៗ បញ្ជា​ឲ្យ​អង្គរក្ស​របស់គេ​ថា យក​កាំភ្លើង​មក​ឲ្យ​អញ ! អញ​បាញ់​អាហ្នឹង​ចោល ប៉ុន្តែ​អង្គរក្ស​ឈ្មោះ ឆាយ មិន​ធ្វើតាម​បញ្ជា​មេ​របស់គេ​ឡើយ​។ ស្របពេលនោះ​ជនបង្ក​បាន​បើកឡាន​គេចចេញ​រហូតដល់​មុខ​ដើម​ពោធិ៍​ផ្លូវ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ត្រូវបាន​កំលាំង អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់​រថយន្ត និង​ជនសង្ស័យ​បានតែ​ម្តង រួច​ក៏​បញ្ជូនមក​មូលដ្ឋាន​អាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ចំណាត់ការ​។​

 

Leave a Reply

(*) Required, Your email will not be published