រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​ប្រុស​ភ្នំ​ស្រី​

, , Leave a comment

​ខេត្តកំពង់ចាម : ភ្នំ​ប្រុស ភ្នំ​ស្រី ស្ថិត​ក្នុងភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម​។ ភ្នំ​ទាំងពីរ​នេះ​នៅ​ឃ្លាត​ពីគ្នា​ប្រមាណ​៥០០​ម៉ែត្រ​នៅ​ទិសពាយ័ព្យ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម​។ ភ្នំ​ពីរ​នេះ​វា​មាន​ទំនាក់ទំនង​នឹង​រឿងព្រេង​បុរស និង​ស្ត្រី​នាំគ្នា​ពួន​ដី​ឲ្យ​ក្លាយ​ភ្នំ​ក្នុង​ពេលវេលា​ដំណាលគ្នា តាំងពី​ព្រលប់​រហូត​ផ្កាយព្រឹក​រះ​ហើយ​ក្រុម​ណា​ពួន​ភ្នំ​បាន​ខ្ពស់ជាង​គឺជា​អ្នកឈ្នះ រីឯ​អ្នកចាញ់​ជា​អ្នក​ចូល​ស្តីដណ្តឹង​តែ​ទីបំផុត​ភាគី​ខាង​ស្ត្រី​បានទទួល​ជោគជ័យ គឺ​តម្រូវ​ឲ្យ​បុរស​ចូល​ស្តីដណ្តឹង​នារី​តាំងពី​បុរាណ​មក​រហូតដល់​សព្វថ្ងៃនេះ​។​

 

​ទាក់ទង​ភ្នំ​ប្រុស​ភ្នំ​ស្រី​នេះ​មានរឿង​ព្រេង​មួយ​ដំណាល​ពី​ស្តេច​ស្រី​មួយអង្គ​ព្រះនាម​ស្រី​អយុធ្យា​សោយរាជ្យ​នៅ​នគរ​ខ្មែរ​។ ពេល​ព្រះ​នាង​សោយរាជ្យ​គ្មាន​បុរស​ណា​ម្នាក់​ហ៊ាន​ដណ្តឹង​ស្រីៗ​យក​ធ្វើជា​ភរិយា​ឡើយ ម្លោះ​ហើយ​ទើប​ព្រះ​នាង​រក​ដណ្តឹង​បុរស​ដែលមាន​រូបសម្បត្តិ​ល្អ​ជាទី​គាប់​ព្រះ​ហរ​ទ័យ​មក​ធ្វើជា​ព្រះ​ស្វាមី​។ ចំណែក​ស្រីៗ​ដែល​នៅក្រោម​ព្រះរាជ​ឱវាទ​ព្រះ​នាង​ក៏​ទៅ​ដណ្តឹង​ប្រុសៗ​ធ្វើជា​ប្តី​តាម​ព្រះ​នាង​ដែរ​។ ក្នុង​រជ្ជកាល​នោះ​គួរ​ឲ្យ​វេទនា​ចំពោះ​ស្រី​ខ្លះ​ដែលមាន​រូប​អន់ៗ​ទៅរក​ដណ្តឹង​ប្រុស គេ​នាំគ្នា​ប្រកែក​មិន​ព្រម​ទទួល​ពួកគេ​រើស​តែ​ស្រី​ណា​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ទើប​យក​ជា​ភរិយា​។ ធ្វើ​ដូច្នេះ​អស់​មួយ​រាជ្យ​ស្តេច​ស្រី​អយុធ្យា​។​

 

​លុះដល់​រាជ្យ​ស្តេច​ក្រោយៗ​មកទៀត​ពួក​ស្រីៗ​ជំនុំ​គ្នា​ថា “​ធ្វើបែបនេះ​ដូចជា​មិន​សមសោះ​ខ្លួន​យើង​ជា​ស្រី​ដែល​ដើរទៅ​ស្តីដណ្តឹង​ប្រុស​ធ្វើជា​ប្តី​ដូច្នេះ​។ យើង​នឹង​ធ្វើការ​ភ្នាល់​គ្នា​ជាមួយ​ពួក​ប្រុសៗ គឺ​នាំគ្នា​លើកដី​ចាក់​ពូន​ជា​ភ្នំ​ម្ខាង​ឲ្យ​បាន​មួយ​។ បើ​ខាង​ប្រុសៗ​ចាញ់​យើង​ត្រូវ​ឲ្យ​ប្រុសៗ​ជា​អ្នក​មក​ស្តីដណ្តឹង​យើង​ធ្វើជា​ប្រពន្ធ​វិញ​”​។ លុះ​គិត​ដូច្នេះហើយ​នាំគ្នា​ទៅ​ប​បូល​ពួក​ប្រុសៗ​លើក​ភ្នំ​ចុះ​ខសន្យា ជាមួយគ្នា​ហើយ​ពួកគេ​ក៏បាន​ចាត់​មេ​កំណែន​កេណ្ឌ​មនុស្ស​ស្រី​ឲ្យ​បាន​ច្រើន​។ ចំណែក​ខាង​បុរស​ក៏មាន​មេ​កំណែន​ប្រកាសប្រាប់​ប្រុសៗ​ជាច្រើន​នាក់​ដែរ​។ បន្ទាប់ពី​ប្រមូលគ្នា​ជា​ក្រុម​ហើយ​មេដឹកនាំ​ខាង​ស្រី និង​ខាង​ប្រុស​និយាយ និង​គ្នា​ថា “​យើងទាំងអស់គ្នា​ត្រូវ​ជញ្ជូន​ដី​ធ្វើ​ភ្នំ​ចាប់ពី​ពេល​ព្រលប់​រហូតដល់​ផ្កាយព្រឹក​រះ​ទើប​ឈប់​”​។ គិត​ព្រម​គ្នា​ដូច្នេះ​ហើយក៏​នាំគ្នា​ចាប់ផ្តើម​ជញ្ជូន​ដី ខ្លះ​កាប់​ដី ខ្លះ​ទូល ខ្លះ​រែក ខ្លះ​សែង តាម​បច្ចេកទេស​រៀងៗ​ខ្លួន​។ រាត្រីកាល​ចូលមក​ដល់​ខាង​ស្រីៗ​បាន​ជញ្ជូន​ដី​អស់​វេលា​ជាច្រើន​ម៉ោង​ក៏​ប្រើ​វិធី​មួយ​គឺ​នាំគ្នា​បង្ហូតគោម​តូច​មួយ​យ៉ាងខ្ពស់​នៅ​ជ្រុង​ឦសាន​។​

 

​ចំណែក​ខាង​ប្រុសៗ​ក្រឡេកឃើញ​ស្មានតែ​ផ្កាយព្រឹក​រះ​មែន​ក៏​បបួលគ្នា​ឈប់​ធ្វើការ​នាំគ្នា​និ​ន្ទ្រា​លង់លក់​អស់​គ្មាន​សល់​ម្នាក់​។ រីឯ​ខាង​ស្រីៗ​នាំគ្នា​បន្ត​លើកដី​ដរាប​ដល់​ផ្កាយព្រឹក​មែនទែន​រះ​ទើប​ឈប់​។ ដល់​មាន់រងាវ​កឺ​ត​ពួក​ប្រុសៗ​ក៏​ភ្ញាក់ឡើង​ឃើញ​ផ្កាយព្រឹក​រះ​ក៏​លាន់មាត់​ថា “​ពួកយើង​ទាំងអស់គ្នា​ខុស​ហើយ ចាញ់កល​ពួក​ស្រីៗ​ហើយ ផ្កាយព្រឹក​ទើបតែនឹង​រះ​ទេ​!” ហើយ​នាំគ្នា​ក្រឡេក​មើលទៅ​ភ្នំ​ស្រីៗ​មាន​ទំហំ​ខ្ពស់ជាង​ភ្នំ​របស់ខ្លួន ក៏មាន​សេចក្តី​អៀនខ្មាស​ដោយ​ចាញ់​ល្បិចកល​ស្រីៗ​។ ចាប់តាំងពី​ពេលនោះ​មក​ប្រុសៗ​ចូលទៅ​ស្តីដណ្តឹង​ស្រីៗ​ធ្វើជា​ភរិយា​តរៀងមក​រហូត​ដល់​សព្វថ្ងៃនេះ​។​

 

​ការអធិប្បាយ​រឿងព្រេង​ភ្នំ​ប្រុស​ភ្នំ​ស្រី​ដោយ​យាយ​ខ្លីៗ​ត្រឹមនេះ យើង​សូម​នាំ​អារម្មណ៍​អស់លោកអ្នក​ទៅ​ទស្សនា​និង​ការអភិវឌ្ឍន៍​ក៏ដូចជា សមិទ្ធផល​នានា​នៅក្នុង​ទី​តាំ​ប្រវត្តិសាស្ត្រ​ទំនៀមទម្លាប់​បុរស​ចូល​ស្តីដណ្តឹង​ស្ត្រី​ដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​រួមគ្នា​ស្ថាបនា កសាង​ប្រែ​ក្លាយទៅជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ក្នុងចំណោម រមណីយដ្ឋាន​ជាច្រើន​ទៀត​របស់​ខេត្តកំពង់ចាម​ដែលមាន​មនុស្ស​រស់​កុះករ​។​

 

​ភ្នំ​ប្រុស​:
​នៅ​ទន្ទឹមនឹង​រូបចម្លាក់​សត្វ​ហង្ស​ជាន់​ផែនដី​យើង​ប្រទះឃើញ​ខ្លោងទ្វារ​ដ៏​ប្រណីត​មួយ​ដែល​ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ឥតខ្ចោះ គឺជា​ច្រក​ឡើងទៅ​កាន់​ភ្នំ​ប្រុស ឬ​ភ្នំ​សុវណ្ណ​គិរី​រតន​ជាមួយ​ផ្លូវ​ឡើង​ក្រាល​កៅស៊ូ​អមដោយ​បង្កាន់ដៃ​រូប​ពស់នាគរាជ​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​។ នៅលើ​ផ្លូវ​នេះ​យានយន្ត​គ្រប់​ប្រភេទ​អាចធ្វើ​ដំណើរ​ឡើង​ទៅលើ​កំពូលភ្នំ​បាន​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​សត្វ​ស្វា​ខាំ​ប្រសិនបើ​នាំ​កូនចៅ​ទៅលេង​ជាមួយ​គឺ​កុំឱ្យ​ពួកគេ​ដើរ ឬ ទៅលេង​ជិត​ស្វា​ទាំងនោះ​។ ព្រោះ​ពួកវា​ភាគច្រើន​ជា​ស្វា​ចិញ្ចឹម​បង្ក្រាប​លែង​បាន​ក៏​យ​កវាម​កលែង​ចោល​។​

​បន្ទាប់ពី​បញ្ចប់​ការ​ទស្សនា​ទេសភាព និង​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​លើ​កំពូលភ្នំ​សុវណ្ណ​គិរី​រតន ឬ​ភ្នំ​ប្រុស បន្តដំណើរ​ទស្សនា​ទៀត គឺ​យើង​អាចធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ចុះ​តាម​កាំជណ្តើរ​ក៏បាន ឬ ក៏​ធ្វើដំណើរ​តាម យានយន្ត​ចុះ​តាមផ្លូវ​ឡើងមក​វិញ​ក៏បាន​យើង​នឹង​ឃើញ​ផ្លូវលំ​មួយ​បត់​ទៅខាង​ឆ្វេង​តាម​ជើងភ្នំ​ប្រុស នឹង​ឃើញ​មាន​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​គយគន់ និង​គោរព​ប្រណិប័តន៍​មាន​សួនច្បារ​ព័ទ្ធជុំវិញ​បណ្ណាល័យ​ដែលមាន​កំពូល​រូបព្រហ្ម​មុខ​បួន រូប​ព្រះអង្គ​គង់​…​ជាដើម​។​

 

​ភ្នំ​ស្រី​:
​ស្ថិតនៅ​ទិសឦសាន​នៅលើ​កំណាត់​ផ្លូវលំ​ដែលមាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ភ្នំ​ប្រុស​យើង​នឹង​មើលឃើញ​កំពូលភ្នំ​ស្រី​មាន​កម្ពស់​ខ្ពស់ជាង ភ្នំ​ប្រុស​។ ក្នុង​ដំណើរ​ថ្មើ​ជើង​តាម​ជណ្តើរ​ចំនួន​២១៧​កាំ និង​ក៏មាន​បង្កាន់ដៃ​រូប​នាគ​អម​សងខាង​ដែរ​។ នៅលើ​ភ្នំ​មួយ​នេះ​ក៏​មិន​ខុសពី​ភ្នំ​ប្រុស​នោះដែរ គឺមាន​សំណង់​ជា​សមិទ្ធផល​ច្រើន​ស្អេក​ស្អះ​នៅ​លាយឡំ​សំណង់​មួយចំនួន​មិនទាន់​សង់​រួចរាល់​។ ក្រៅពី​សមិទ្ធផល​ទើបបាន​សង់​ថ្មី​ក្រោម​ការជួយឧបត្ថម្ភ​រប​ស់​សប្បុរសជន សុទ្ធ​តែមាន​សរសេរ​ឈ្មោះ និង​កំពុង​សង់​មិនទាន់​ហើយដោយ​សារ​អស់​ថវិកា​នេះ គឺ​នៅមាន​សល់​សំណង់​ចាស់​មាន​វិហារ​មួយ​ខ្នង​ដែល​សង់​នៅ​ចន្លោះ​ឆ្នាំ​១៩៥៦-១៩៥៧ និង​ចេតិយ​ខាងក្រោយ​វិហារ​មាន​អាយុ​ប្រហែល​២.០០០​ឆ្នាំ​។ ប៉ុន្តែ​សំណង់​ដ៏​ចំណាស់​ទាំងអស់​ត្រូវបាន​ជួសជុល​ជា​អន្លើៗ​ទើបបាន​នៅ​គង់វង្ស​ដល់​សព្វថ្ងៃ​។ ភ្នំ​ស្រី​មាន​កម្ពស់​ប្រហែល​ជាង ១១០ ម៉ែត្រ ឡើង​តាម​កាំជណ្តើរ​ចំនួន ២១៧ កាំ​នេះ​តែមួយគត់ គឺ​គ្មាន​ផ្លូវ​ផ្សេង​ទេ​៕

08-10-2014

08-10-2014 (1)

 

Leave a Reply

(*) Required, Your email will not be published