ខេត្តព្រះសីហនុ : កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ព្រះមេគណខេត្ដព្រះសីហនុ ព្រះគ្រូគៀត ច័ន្ទធុច អំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតនៅក្នុងមន្ទីរធម្មការនិងសាសនាខេត្ដជាបន្ទាន់។ ដោយលោក កង ឌីណា ប្រធាន មន្ទីរធម្មការនិងសាសនាខេត្ដព្រះសីហនុបានដាក់ខែក្នុងមួយវត្ដ១០ម៉ឺនរៀលក្នុងមួយខែហើយវត្ដទាំងអស់មានចំនួន៣៤វត្ដក្នុងខេត្ដព្រះសីហនុ បើទូទាត់ទៅប្រធានមន្ទីររូបនេះអាចរកប្រាក់ចំណូលពីការដាក់ខែចំនួន៣៤០ម៉ឺនរៀល ក្នុងមួយខែនេះគ្រាន់តែលុយដាក់ខែ។
ជាក់ស្តែងមន្ដ្រីរាជការ និងប្រជាពលរដ្ឋប្រមាណ៧៥នាក់ដែលចង់បានមេដាយស្ថាបនាជាតិពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក កង ឌីណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដព្រះសីហនុ ដោយពួក គាត់ចំណាយថវិកាអស់ក្នុងម្នាក់៣០០ដុល្លារ តែមិនទាន់បានប្រកាសណាមួយជាផ្លូវការនៅឡើយនោះទេ។
កាលពីអំឡុងឆ្នាំ២០១៣ លោក កង ឌីណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដព្រះសីហនុធ្លាប់បានកម្ចាត់អនុប្រធានមន្ទីរម្នាក់ដោយសារតែមានការដេញដោលរឿងប្រាក់ខែគ្រូជាប់កិច្ចសន្យា ហើយពេលនោះក្រសួង ធម្មការ និងសាសនា ដែលមានទំនាក់ទំនងល្អជាមួយលោកកង ឌីណា បាន សម្រេចដកលោក ចិន ស្រស់ អនុប្រធានមន្ទីររូបនោះទៅបញ្ឈរជើងនៅក្រសួងរហូតដល់សព្វថ្ងៃនេះ។
ជុំវិញករណីនេះលោក កង ឌីណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដព្រះសីហនុ បាននិយាយថា ចំពោះប្រាក់ខែគ្រូជាប់កិច្ចសន្យានោះលោកមិនបានកាត់កងអ្វីនោះទេ ព្រោះគេទៅបើកផ្ទាល់ជាមួយគណនេយ្យ តែក្រៅពីនេះលោកមិនបានធ្វើអត្ថាធិប្បាយនោះទេ។
ករណីនេះល្មម អង្គភាពប្រឆាំង អំពើពុករលួយ មេត្តាចុះពិនិត្យមើលហើយ តើដូចពាក្យចោទប្រកាន់នោះឬទេ?