កំហុស​ធំៗ​ទាំង​៦ របស់​យុវជន​នៅមុន​អាយុ​៣០

, , Leave a comment

​តើ ប្រិយមិត្ត​បានធ្វើ​អ្វីខ្លះ​នៅមុន​អាយុ​៣០? តើ​លោកអ្នក​មានការ​ស្តាយក្រោយ​ដែរឬទេ​ក្រោយពេល​ឆ្លង​ផុតពី​វ័យ​នេះ​? ពិត​មែនហើយ​ទោះបីជា​ចម្លើយ​បែបណាក៏ដោយ ចម្លើយ​តែមួយគត់​ដែល​លោកអ្នក​ចង់បាន គឺជា​សមិទ្ធផល​ដ៏​ល្អ​ដែល​គ្មាន​ពាក្យ​ថា​ស្តាយក្រោយ​។ ឥឡូវនេះ សម្រាប់​ប្រិយមិត្ត ដែល​មិនទាន់​ឆ្លងកាត់​ក្តី កំពុង​ឆ្លង​កាត់ក្តី ឬ ឆ្លង​ផុត​វ័យ​នេះហើយ​ក្តី សូម​សាកល្បង​ស្វែងយល់​អំពី​ចំណុច​ទាំង​៦​យ៉ាង​ខាងក្រោម ទាំងអស់គ្នា ថា​តើ​កំហុស​ភាគច្រើន​របស់​យុវជន​នៅក្រោម​អាយុ​៣០ មាន​អ្វីខ្លះ​?

 

១) មើលរំលង​ឱកាស​ពង្រឹង​អាជីព​ការងារ​របស់ខ្លួន​
​មនុស្ស​មួយចំនួន​មាន​ភាពយឺតយ៉ាវ​ទៅហើយ នៅពេល​ឈាន​ជើង​ចូលក្នុង​វ័យ​រាង​ជ្រេ​បន្តិច ហើយ​ពោល​ពាក្យ​ថា​ស្តាយក្រោយ​ដែល​មិនបាន​ស្វែងរក​ធនធាន​អ្វី ឬ មូលដ្ឋានគ្រឹះ​នានា​មក​ពង្រឹងសមត្ថភាព​របស់ខ្លួន​កាលពី​អាយុ​ក្រោម​៣០​។ ការពិត​នៃ​កំហុស​ដ៏​ធំ​របស់​មនុស្ស​នៅក្នុង​វ័យ​នេះ គឺ​ការ​ឲ្យ​តម្លៃ​លើ​លុយ​ជាជាង​ស្វែងរក​ការងារ​ណាមួយ​ដែល​ត្រូវ​នឹង​ជំនាញ វិជ្ជាជីវៈ​របស់ខ្លួន​។

 

​ការងារ​បែបនេះ​ពិតជា​មិនអាច​ឆ្លើយតប​តាម​មហិច្ឆតា​របស់ខ្លួន​នោះឡើយ ហើយ​ទីបំផុត​មានតែ​ពាក្យ​បរាជ័យ​ប៉ុណ្ណោះ​។ បើសិនជា​អ្នក​ចង់​បើក​អាជីវកម្ម ឬ គម្រោង​អ្វីមួយ ក្នុងដំណាក់កាល​បន្ទាប់​ពីនេះ វា​ច្បាស់​ជា​កាន់តែ​ពិបាក ដោយហេតុថា​បាត​គ្រឹះ​របស់ខ្លួន​មិន​រឹងមាំ ប្រៀបបាន​នឹង​អគារ​មួយ​ដែល​មិនបាន​បុកគ្រឹះ​ឲ្យ​រឹងមាំ​ពីក្រោម​មក សួរថា​តើ​វា​អាច​ទ្រ​ទម្ងន់​អគារ​កម្ពស់​ច្រើន​ជាន់​ម្ដេច​បាន​? មនុស្ស​យើង​ក៏​ដូចគ្នា តែ​កាលណា​គ្មាន​បាត​គ្រឹះ​រឹងមាំ​ពីក្រោម​មក ច្បាស់​ជាមាន​គោលជំហរ​ឃ្លេងឃ្លោង មិនដឹង​ចាប់​អី ស្រវា​អី​ទេ ហើយ​រ៉ាប់រង​បន្ទុក​ក៏​កាន់តែ​ច្រើនឡើងៗ​។ ដំណោះស្រាយ​ដ៏​ល្អ លោកអ្នក​ត្រូវ​សម្លឹងមើល​ការងារ​ដែល​ខ្លួន​ស្រលាញ់ ជាជាង​លើកយក​ប្រាក់ខែ​ធ្វើជា​ត្រីមុខ និង ត្រូវ​ស្វះស្វែង​បង្កើន​ធនធាន​នានា​យកមក​ធ្វើជា​មូលដ្ឋានគ្រឹះ សម្រាប់​អាជីព​ការងារ​របស់ខ្លួន​ឲ្យ​បាន​រឹងមាំ​ជាមុន ទើប​ជាការ​ប្រសើរ​។​

 

២) ឲ្យ​តម្លៃ​ការងារ​ខ្ពស់ មិន​យកចិត្តទុកដាក់​គ្រួសារ​
​ការស្រលាញ់​ការងារ​គឺជា​រឿង​ល្អ តែ​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​នៅក្នុង​គ្រួសារ​ប្រសិនបើ នៅក្នុង​អារម្មណ៍​របស់​អ្នក​ដក់​ជាប់​តែ​ការងារ មិនបាន​បែងចែក​ពេលវេលា​មួយចំនួន មក​យកចិត្តទុកដាក់​ដល់​ម​នុស្ស​ដែល​ខ្លួន​ស្រលាញ់​។ អ្នក​ដែល​មិនទាន់មាន​គ្រួសារ​មិនសូវ​ជា​ប៉ះពាល់​ខ្លាំង​ណាស់ណា​ទេ ប៉ុន្តែ​អ្នក​ដែលមាន​គ្រួសារ​រួចហើយ ពិតជា​ប៉ះពាល់​ខ្លាំងណាស់​ដល់​សុភមង្គល​របស់ខ្លួន​។

 

​អ្នក​មិនគួរ​ប្រកាន់យក​ទស្សនៈ «​ឲ្យ​តែមាន​លុយ ទោះបី​អាយុ​ចាស់​ប៉ុណ្ណា ក៏មាន​សេចក្ដីសុខ​» នោះឡើយ​។ ដូច្នេះ សូម​មានការ​បែងចែក​ឲ្យ​បានច្បាស់លាស់​ពី​ស្ថានភាព​ការងារ និង គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​សម្រេចចិត្ត​អនុវត្ត​ផែនការ​របស់​អ្នក ព្រោះ​មិន​ប្រាកដថា​លុយ​តែមួយ​មុខ​អាចធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នកមាន សុភមង្គល​បាន​នោះទេ​។​

 

៣) មិន​យកចិត្តទុកដាក់​ថែទាំ​សុខភាព​
​ក្នុង​វ័យ​នេះ យុវជន​មួយចំនួន ចូលចិត្ត​ទំនាក់ទំនង និង ជួបជុំ​ជាមួយ​មិត្តភក្ដិ ឬ ចូលរួម​កម្មវិធី​សប្បាយៗ ជាច្រើន​ដែល​នេះ​ជៀស​មិន​ផុតពី​ការទទួល​ទាន​គ្រឿង​ស្រវឹង​នោះឡើយ​។ ទន្ទឹមនឹងនេះ ក៏មានដែរ​យុវជន​ផ្សេងទៀត ប្រឹង​ធ្វើ​ការមិន​ខ្លាច​នឿយហត់ មិន​ថា​យប់​ថ្ងៃ ធ្វើ​យ៉ាងដូច​ម្ដេ​ង​ក៏ដោយ​ឲ្យ​តែ​បាន​លុយ ដើម្បី​ឲ្យ​អនាគត​របស់ខ្លួន​ល្អប្រសើរ​ឡើង រហូតដល់​ភ្លេច​បាយ​ភ្លេច​ទឹក ជាពិសេស​សុខភាព​រប​ស់​ខ្លួន​តែម្តង​។ មើលទៅ ប្រហែលជា​បុគ្គល​ទាំងនេះ​យល់ថា របស់​ទាំងអស់នេះ​សុទ្ធតែ​មានតម្លៃ​ខ្លាំងណាស់​ហើយ​សម្រាប់​ខ្លួន​។

 

​តាម​ការពិត សុខភាព​ឯណេះ​ទេ ដែលមាន​តម្លៃ​ជាងនេះទៅទៀត ព្រោះថា បើ​សុខភាព​របស់​អ្នក​មិនល្អ តើ​អ្នក​អាចធ្វើ​អ្វីខ្លះ​បាន​ទៅ​? ដូច្នេះហើយ ទន្ទឹមនឹង​ការងារ ឬ ទទួលទាន​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព គួរ​ពិចារណា​យកចិត្តទុកដាក់​លើ​សុខភាព​របស់ខ្លួន​ផងដែរ ដូចជា​ធ្វើ​លំ​ហាត់ប្រាណ (physical exercise) លេង​កីឡា (sports) ឬ ជជែក​កម្សាន្ត​ជាមួយ​មិត្តភក្ដិ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែលជា​ប្រការ​ល្អ​សម្រាប់​សុខភាព​។​

 

៤) មិន​សន្សំ​ប្រាក់​សម្រាប់​អនាគត​របស់ខ្លួន​
​ពិតណាស់​ដែលថា យុវជន​ភាគច្រើន​នៅក្នុង​វ័យ​នេះ​ត្រូវការ​ប្រាក់ ឬ រាង​ខ្ជះខ្ជាយ​ប្រាក់​ច្រើន​បន្តិច សម្រាប់​ចំណាយ​លើ​ការ​ស្លៀកពាក់ ស្នាក់នៅ ហូបចុក ឬ ចូលរួម​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជាមួយ​មិត្តភក្ដិ​ជាដើម ហាក់ដូចជា​មិនសូវ​សល់​ប្រាក់​ច្រើន​នោះឡើយ​។ ម្យ៉ាងវិញទៀត វា​ជា​ដំណាក់កាល​មួយ​ដែល​យុវជន​នៅមាន​បទពិសោធ​ស្តួចស្តើង ជាពិសេស​លើ​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​តែម្តង សម្រាប់​គម្រោង​នានា​នៅ​ថ្ងៃ​ខាងមុខ​។(ប្រភពកំណើតថ្មី)

 

​ទោះបីជា​យ៉ាងនេះ​ក្តី ការ​សន្សំ​ប្រាក់​ទុក លោកអ្នក​ត្រូវធ្វើ​ឲ្យ​បានជា​ដាច់ខាត​ក្នុង​ពេលនេះ​ឲ្យ​បាន​កាន់តែ ច្រើន​កាន់តែ​ល្អ ព្រោះថា​ភាព​ធ្វេសប្រហែស​នេះ​នឹង​នាំ​ឲ្យ​លោកអ្នក​មាន​ភាព​ស្តាយក្រោយ មិន​ខាន ត្បិត​អី​ជីវិត​នៅមាន​ដំណើរ​វែងឆ្ងាយ​ទៅមុខទៀត​។ ស្រប​ពេលដែល​ទំនូល​ខុសត្រូវ​របស់​អ្នក​កាន់តែ​ធំ​ឡើងជា​លំដាប់ លោកអ្នក​នៅមាន​ភារកិច្ច​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ និង​ចំណាយ​ដូចជា ការពង្រីក​អាជីព មុខរបរ​របស់ខ្លួន គ្រួសារ ឬ ស្ថានភាព​ផ្សេងៗ​ទៀត​ដែល​កើតឡើង​ជាយថាហេតុ​។

 

៥) មិន​ឲ្យ​តម្លៃ​ដល់​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​
​លោកអ្នក​ច្បាស់​ជា​ធ្លាប់​ឮ​គេ​និយាយថា "​ក្មេង​ឈាមរាវ​” ជាពិសេស​ពី​មនុស្ស​វ័យ​ចំណាស់ ដែល​យល់ថា យុវជន​ភាគច្រើន​ធ្វើ​អ្វីៗ​ដោយ​គ្មាន​ហេតុផល ឬ ឆាប់​ឆេវឆាវ ខ្វះ​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់​។ នេះ​ពិតជា​រឿង​ត្រឹមត្រូវ ហើយ​លោកអ្នក​អាច​វាស់​ស្ទង់​ចិត្តសាស្ត្រ​ខ្លួនឯងបាន ពេល​ឆ្លងកាត់​ក្នុង​វ័យ​នេះ​។ មាតា បិតា ឬ អាណាព្យាបាល គឺជា​បុគ្គល​ដែល​រងគ្រោះ​លើ​បញ្ហា​នេះ​ជាងគេ ដែល​ចង់​ឲ្យ​កូនៗ​របស់ខ្លួន​ល្អប្រសើរ​ជាង​នេះ ត្បិត​អី​យុវជន​ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​ច្រើន​ក្នុង​វ័យ​នេះ​។​

 

​ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺថា យុវជន​គ្រប់រូប​អាច​ស្គាល់​ខ្លួនឯង និង យល់​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ដល់​កម្រិតណា​? មាន​យុវជន​មិនតិច​ទេ បាន​បោះបង់ និង មិន​ឲ្យ​តម្លៃ​គ្រួសារ ឬ មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ព្រោះ​ការសម្រេចចិត្ត​ដ៏​គ្មាន​ហេតុផល​មួយ តែ​បាន​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅពេល​ដល់​វ័យ​កាន់តែ​ចាស់ ជាពិសេស​នៅពេលដែល​ក្លាយជា​ឪពុកម្តាយ​របស់គេ​។ រឿង​ដែល​ល្អ ជៀសវាង​បញ្ហា​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​អ្វីមួយ​ឲ្យ​មាន​ហេតុផល​បន្តិច ពោលគឺ​គិត​ឲ្យ​បាន​ទូលំទូលាយ​មុននឹង​សម្រេចចិត្ត​ធ្វើ​កិច្ចការ​នោះ ទើប​លទ្ធផល​អាច​ប្រសើរឡើង​ជាង​នេះ​។​

 

៦) ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​ទុក្ខព្រួយ​ច្រើន​
​គ្មាន​អ្នកណាម្នាក់​នៅលើ​លោក​យើង​នេះ អាច​គេច​ផុតពី​ភាព​ទុក្ខសោក ឬ រឿងរ៉ាវ​លំបាកៗ​ជាច្រើន​នោះឡើយ​ក្នុង​ឆាកជីវិត​របស់ខ្លួន​។ បើ​មិន​លំបាក​ផ្លូវកាយ ក៏​លំបាក​ផ្លូវចិត្ត​ដែរ​។ ទោះបីជា​រឿង​រ៉ាង​ទាំងនោះ​ធ្វើ​ឲ្យ​លោកអ្នក​ខកចិត្ត​មិនអាច​ដូច ក្តី​ប្រាថ្នា​របស់ខ្លួន​យ៉ាងណាក្តី អ្នក​ត្រូវមាន​ហេតុផល និង ក្តីសង្ឃឹម​ដោយ​សុទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង​ថា អ្វីៗ​នឹងមាន​ដំណោះស្រាយ​ដែល​អាចធ្វើ​ឲ្យ​អ្នកដើរ​ចាកចេញ​ពី​កន្លែង​នេះ បាន​។

 

​ហេតុដូច្នេះ ចូរ​ញញឹម​ឡើង​ហើយ​ប្រើ​ខ្សែជីវិត​របស់​អ្នក​ឲ្យ​សប្បាយរីករាយ​ឡើង កុំ​ដាក់ខ្លួន​ឲ្យ​ស្ថិតនៅក្រោម​ទាសករ​នៃ​ភាព​ទុក្ខព្រួយ​ឲ្យ​សោះ​។ ត្រូវធ្វើ​ការងារ​ដែលមាន​តម្លៃ ចំណាយពេល​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង បង្កើត​ភាពសប្បាយៗ​ប្រកបដោយ​ការទទួលខុសត្រូវ​។ អ្នក​ត្រូវមាន​ជំនឿ​ចិត្ត និង ជឿជាក់​លើ​ខ្លួនឯង ព្រោះថា​មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាចជួយ​ខ្លួនឯងបាន ហើយ​ត្រូវ​ខ្សឹបប្រាប់​ខ្លួនឯង​ថា លទ្ធផល​វិជ្ជមាន​មួយ​នឹង​កើតឡើង បើ​អ្នក​បាន​ប្ដេជ្ញាចិត្ត​ថា​នឹងធ្វើ​វា​ឲ្យ​បាន​ជោគជ័យ​ហើយ​នោះ​៕ thebnews

10407153_813240528738157_6453513514153079179_n

09-9-2014

 

Leave a Reply

(*) Required, Your email will not be published