អតីត​ដី​ផ្សារ​ក្រុង​តាខ្មៅ នឹង​ប្រែក្លាយជា​ផ្ទះល្វែង ក្រោយ​រូបភាព​ឃុបឃិត​គ្នា​លក់ របស់​មន្ត្រី​ពុករលួយ តែ​លោក លឹម ចាន់សូ​ភី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ទទួល​ផ្នែក​សំណង់​ថា “​មិនដឹង​”

, , Leave a comment

​ខេត្តកណ្តាល : ឈ្មោះ​ផ្សារ​តាខ្មៅ ត្រូវបាន​គេ​លប់បំបាត់​ហើយ​ផ្លាស់ប្តូរ​ដាក់ឈ្មោះថា​មជ្ឈមណ្ឌល​ក្រុង​តាខ្មៅ​វិញ​។ ស្លាក​សញ្ញា​មជ្ឈមណ្ឌល​ក្រុង​តាខ្មៅ ក៏ត្រូវ​បាន​គេ​ទម្លាក់ចោល​ទៀត ហើយ​លើក​ស្លាក​សញ្ញា​ថ្មី​មួយទៀត​ដោយ​សរសេរ​ភាសាបរទេស​ថា The River Center City ។ កាលពី​សម័យ​ឆ្នាំ​៨០ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ គឺជា​ផ្សារ ហើយ​ក្រោយមក​អាជីវករ​លក់ដូរ​នៅ​ទីនោះ​ទាំងអស់​ត្រូវបាន​អាជ្ញាធរ​បណ្តេញចេញ ឲ្យ​ទៅ​លក់​នៅ​មាត់​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ក្រុង​តាខ្មៅ​។ ដី​នោះ​ត្រូវបាន​អាជ្ញាធរ​ប្រគល់​ឲ្យ​ទៅ​លោក​ឧកញ៉ា ស៊ីវ ថៃ ធ្វើការ​អភិវឌ្ឍន៍​ចំនួន​៩៥​ឆ្នាំ ហើយ​បាន​សាងសង់​ជា​ស្តង់​ព័ទ្ធជុំវិញ​សម្រាប់​ជួយ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ទីនោះ​។​

 

​ឥឡូវនេះ​លោក​ឧកញ៉ា ស៊ីវ ថៃ បណ្តេញ​ឲ្យ​អាជីវករ​ចេញ​ឈប់​ឲ្យ​លក់​នៅ​ទីនោះ​ទៀត​។ ពិសេស​នៅពេល​ថ្មីៗ នេះ គេ​ឮ​ល្បី​ថា​លោក​ឧកញ៉ា​បាន​លក់​ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ តាំង គួ​ង ប្រធាន​ក្រុមហ៊ុន​បុរី​ពេជ្រ បន្តទៀត​។ ពាក់ព័ន្ធ​និង​បញ្ហា​នេះ​អ្នកយក​ពត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ពី​លោក អៀម សម័យ អភិបាលក្រុង​តាខ្មៅ​បានទេ​។​

 

​ចំណែក​លោក លឹម ចាន់សូ​ភី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ទទួល​ផ្នែក​សំណង់ ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា ចំពោះ​ដី​មជ្ឈមណ្ឌល​នេះ​មានច្បាប់ ឬ​មិនមាន​ច្បាប់​លោក​មិនដឹង​ទេ ប៉ុន្តែ​បញ្ហា​ការសាងសង់​លោក​មិនទាន់​ទទួល​ពាក្យសុំ​សាងសង់​ពី​ក្រុមហ៊ុន​ណា​នៅឡើយ​ទេ ហើយ​ប្រសិន​ណា​មានការ​សាងសង់​ដោយ​គ្មាន​ច្បាប់​នោះ​លោក​និង​ចាត់​វិធានការណ៍​តាមច្បាប់​។​

 

​តាម​ប្រ​ភ​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខេត្តកណ្តាល​បាន​ខ្សឹបប្រាប់​ថា​ដី​រដ្ឋ​មួយកន្លែង​តម្លៃ​រាប់រយ​លាន​ដុល្លារ​នេះ ត្រូវបាន​មន្ត្រី​មានអំណាច​មួយក្រុម​ឃុបឃិត​គ្នា​លក់​យូរហើយ ហើយ​ពេលនេះ​កំពុង​ក្លាយជា​កម្មសិទ្ធិឯកជន​ស្របច្បាប់​។ ដី​រដ្ឋ​មួយ​ដុំ​នេះ​ត្រូវបាន​អាជ្ញាធរ​លក់​ឲ្យ​ឈ្មួញ​តាំងពី​ទស្សវត្សរ៍ ឆ្នាំ​៩០​មក​ម្លេះ ហើយ​ត្រូវបាន​ក្លាយជា​ដី​កម្មសិទ្ធិ​របស់​ឯកជន​ពេញ​ច្បាប់​នៅ​ឆ្នាំ​២០០៧ ដែល​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​លោក ឈឹម កន អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ខេត្តកណ្តាល​៕

 04-3-2015

04-3-2015 (1)

 

Leave a Reply

(*) Required, Your email will not be published