ខេត្តកំពង់ធំ ៖កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមីនាឆ្នាំ២០១៥នេះ ក្រុមចោរប្លន់ ចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ប្រដាប់ដោយកាំភ្លើងអាកា គ្រប់ដៃ បានចូលទៅភ្ជង់ ប្លន់អាជីវករ លក់មាសប្តូរប្រាក់ នៅផ្សារ ស្ទោង ស្រុកស្ទោង ដោយយកអស់គ្រឿងអល្លង្ការាប់សិបតម្លឹង ហើយរត់គេចខ្លួនដោយសុវត្ថិភាព ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើននាក់ តាមចាប់ ប្រផាប់ប្រភីង ។
សាក្សីបានឲ្យដឹងថា ក្រុមចោរបានចូលទៅភ្ជង់ ក្រុមអាជីវករលក់មាស និងប្តូរប្រាក់ ធ្វើសកម្មភាព វាយបំបែកទូរមាសចំនួន៥ តែប្រមូលគ្រឿងអលង្ការ បានចំនួន ២ទូរ សរុបជាង ៦០តម្លឹង ដោយមិនបានផ្ទុះអាវុធនោះទេ រួចហើយពួកគេ បានបើកម៉ូតូគេចខ្លួន ទៅតំបន់បឹងទន្លេសាប ដោយកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាជួយដេញ តាមក្រុមចោរ ទាំងនោះផងដែរ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់តូបទី១-ឈ្មោះ ឆង ឡូន ទី២-ឈ្មោះ ហុង ផារី ទី៣-ឈ្មោះ អ៊ឹង ប៊ុនឆាយ បាត់អស់ផ្លាកទីន ១០ខ្សែ ទី៤-ឈ្មោះ អ៊ួន ស៊ីចាន់ ជាម្តាយ និងទី៥-ឈ្មោះ អុង សោហ៊ួយ ជាកូនស្រី អស់គ្រឿងអលង្ការ ជាង ១០០តម្លឹង និងម៉ូតូសេ១២៥ ស៊េរី០១២ មួយគ្រឿង ហើយបើគិតត្រឹម វេលាម៉ោង ៦ល្ងាចថ្ងៃដដែលនេះ មិនទាន់ចាប់ខ្លួន ក្រុមចោរទាំងនេះ បានម្នាក់នៅឡើយទេ៕