យល់ដឹង​ពី​ប្រវត្តិ ទិវា​ក្តី​ស្រឡាញ់ ឬ Valentine’s Day

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ថ្ងៃ​១៤​កុម្ភៈ​គឺជា​ថ្ងៃមួយ​ដែល​យុវវ័យ តែងតែ​នាំគ្នា​និយាយថា​ជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ឬ​ហៅ​បាន​យ៉ាង​ទៀតថា Valentine’s Day ។​ហើយ​នៅតាម​ផ្លូវ​មួយចំនួន​ក៏​ឃើញ​មាន​លក់​ផ្កា វត្ថុ​អនុស្សាវរីយ​គ្រាប់​បែបយ៉ាង​។ ប៉ុន្តែ​អ្វីដែល​សំខាន់​យុវវ័យ​ទាំងអស់​ក៏​មិនត្រូវ យល់ច្រឡំ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​សម្រាប់តែ​គូសង្សារ​ដែល​ត្រូវ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក​នោះទេ ថ្ងៃ​១៤​កុម្ភៈ ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់​គឺ​យើង​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​លោកប៉ា​អ្នក​ម៉ាក់ បងប្អូន មិត្តភក្តិ មិន​ចំពោះតែ​គូសង្សា​នោះទេ​។ នៅ​ឱកាស​ថ្ងៃ​១៤​កុម្ភៈ​នេះ ក៏មាន​យុវវ័យ​យើង​មួយចំនួន​តែងតែ​យល់ច្រឡំ ហើយ​ធ្វើ​អ្វី​ផ្តេ​ផ្តាស​ដែលនាំឱ្យ​ប្រាសចាក ពី​ប្រពៃណី​របស់​ខ្មែរ​យើង ដែលនាំឱ្យ​បាត់បង់​តម្លៃ​ជាតិខ្មែរ​។​

 

​គួររម្លឹកថា ដើម្បី​កុំឱ្យ​យុវវ័យ​យើង​មានការ​ភាន់ច្រឡំ​បន្តទៀត​ខាងក្រោម​នេះ​ជា​ប្រវត្តិ​ដែលនាំឱ្យ​កើតមាន​ថ្ងៃ​១៤​កុម្ភៈ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ៖

 

​ប្រហែលជា​នៅ​សតវត្សរ៍ ទី​៣ នៃ​គ្រិស្តសករាជ ប្រទេស​អ៊ីតាលី​កាលនោះ មិនទាន់​មានឈ្មោះ​ទេ គឺ​ស្ថិតនៅក្នុង​ចក្រភព​រ៉ូម​នៅឡើយ​។ រ៉ូម​ជា​អាណាចក្រ​ដ៏​ល្បី​មួយ នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ នៅ​សម័យ​នោះ សង្គម​រ៉ូម​មាន​បែងចែក​ជាច្រើន​វណ្ណៈ ហើយ​វណ្ណៈ​ទាសករ ស្ថិតនៅ​លំដាប់​ទាប​ជាងគេ​បង្អស់​។​ឪពុកម្ដាយ​នៅក្នុង​ចក្រភព​មួយ​នេះ មិន​ចង់​ឲ្យ​កូនប្រុស ឬ​កូនស្រី រៀបការ​ជាមួយ​អ្នក​ដែល​ស្ថិតនៅក្នុង​វណ្ណៈ​ទាសករ ឬ​កូនប្រុស​ធ្វើជា​ទាហាន​ទេ បែបនេះហើយ​បានជា​ធ្វើឱ្យ​សង្សារ​ជាច្រើន​គូ​ដែល​ស្រឡាញ់គ្នា​រវាង​អ្នក ដែលមាន​វណ្ណៈ​ខ្ពស់ ឬ​វណ្ណៈ​មធ្យម​ជាមួយនឹង​វណ្ណៈ​ទាប​ជាងគេ លួចរ​ត់ទៅ​រៀបការ​ដោយ​ការ​សន្មត​រវាង​គូស្នេហ៍​ទាំងពីរ នៅក្នុង​ព្រៃ​ដោយ​គ្មាន​ការចូលរួម​ពី​ឪពុកម្ដាយ ឬ​បងប្អូន​នោះទេ​។​

 

​កាលនោះ​មានការ​ទទួលស្គាល់ សន្ត​បុគ្គល (Saint) បីនាក់​សំខាន់ៗ ដែល​ក្នុងនោះ​ក៏មាន​បុរស​ម្នាក់ ដែលមាន​ឈ្មោះថា​Valentine ជាស​ន្ត​បុគ្គល​ល្បី​ជាងគេ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជាស​ម្ដេច​ប៉ាប ដ៏​ល្បី​មួយរូប​នៃ​គ្រិស្តសាសនា ក្នុង​សតវត្សរ៍​ទី​៣​នេះ​។​នៅ​សម័យ​នោះ ចក្រភព​រ៉ូម​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ អធិរាជ Claudius II​។ អធិរាជ​អង្គ​នេះ យល់ឃើញថា ទាហាន​ដែល​នៅ​លីវ​មាន​កម្លាំង​ខ្លាំង និង​ប្រសើរ​ជាង​អ្នក​ដែលមាន​ប្រពន្ធ​។ មូលហេតុ​នេះហើយ​ទើប​ព្រះអង្គ​ហាម​មិន​ឲ្យ​យុវជន​ក្មេង​រៀបការ​នោះទេ ហើយ​បើតាម​ប្រភព​ឯកសារ​មិនបាន​បញ្ជាក់ថា យុវជន​ទាំងនោះ​ត្រូវមាន​អាយុ​ប៉ុន្មាន​ដែល​ត្រូវបាន​គេ​ហាមឃាត់​នោះទេ​។  លោក Valentine យល់ឃើញថា អនុក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះ​ចៅ​អធិរាជ Claudius II មិនមាន​យុត្តិធម៌​នោះទេ ហើយ​លោក​មិនបាន​គោរព​តាម​អនុក្រឹត្យ​នោះឡើយ​។​ជារឿយៗ​មាន​គូសង្សារ​ជាច្រើន គូ​បាន​ពឹងពាក់​ឲ្យ​គាត់​ជួយ​រៀបការ​ឲ្យ​ពួកគេ​ក្នុង​ទី​ដ៏​ស្ងាត់​។​គាត់ បាន​កាច់​ផ្កា ពី​សួនច្បា​របស់គាត់​ប្រគល់​ឲ្យ​ប្ដី​ប្រពន្ធ​ដែល​រៀបការ​ទាំងនោះ​។ ផ្កា​របស់គាត់ ត្រូវបានគេទទួលស្គាល់​ថា ជា​វត្ថុ​តំណាង​ឲ្យ​អាពាហ៍ពិពាហ៍​គូ​ស្វាមី​ដែល​រៀបការ​នៅ​សម័យ​នោះ​។ ហេតុដូច្នេះ​ហើយ​បានជា​នៅ​សម័យ​បច្ចុប្បន្ន​ភាគច្រើន​គេ​យក​ផ្កា​ធ្វើជា កាដូ​សម្រាប់​ប្រគល់​ឲ្យ​គ្នា​ទៅវិញទៅមក​នៅ​ថ្ងៃបុណ្យ​នេះ​។​

 

​ក្រោយមក ព្រះ​ចៅ​អធិរាជ Claudius II បាន​ជ្រាប​ពី​ដំណឹង​នេះ ហើយ​ក៏បាន​កាត់ទោស​ប្រហារ ជីវិត​លោក Valentine តែម្ដង (​ប្រហែល​នៅ​ឆ្នាំ​២១០ នៃ​គ្រិស្តសករាជ​)​។  លោក​ត្រូវបាន​គេ​សម្លាប់​នៅពេល​លោក​ប៉ុនប៉ង ជួយ​ក្រុម​គ្រិស្ត​សាស​និជ​ន​ឲ្យ​លួច​រត់​ចេញពី​គុក​ដែល​ឃុំ​ដោយ​ពួក​រ៉ូ ម៉ាំង​។ រឿងព្រេង​មួយ​ផ្សេងទៀត ក៏​និយាយ​ដែរ​ថា នៅពេល​គាត់​ជាប់ឃុំ​ឃាំ​ក្នុង​គុក លោក​បាន​សរសេរ​ក្រដាស​ដែល​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​របស់លោក​នៅពេល​ដែល​លោក បាន​ធ្លាក់​ក្នុង​រណ្ដៅ​ស្នេហ៍​ជាមួយ​ស្ត្រី​ក្មេង​ម្នាក់​ត្រូវជា ប្អូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​គាត់​ក្នុង​គុក​។​មុនពេល​លោក​ស្លាប់ គេ​បាន​រកឃើញថា គាត់​បាន​សរសេរ​សំបុត្រ​មួយ​ដោយ​ដាក់ថា “From Your Valentine” ដែល​ឃ្លា​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​ប៉ុន្តែ​បើតាម ប្រភព​ឯកសារ​របស់ Catholic Encyclopedia បាន​បង្ហាញថា Valentine ត្រូវបាន​គេ​សម្លាប់​នៅ​តំបន់​អាហ្វ្រិក​ជា​មួយគូ​ស្វាមី​ជាច្រើន​គូ  តែ​គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា​គាត់​ស្លាប់​នៅទីណា​ឲ្យ​ច្បាស់​នោះទេ​។ ដោយហេតុ​នេះហើយ​បានជា​នៅ​អំឡុង​សតវត្សរ៍​ទី​២០ គេ​រំលឹក​ខួប​ដល់​សម្ដេច​ប៉ាប​ម្នាក់នេះ​ទៅតាម​កាលបរិច្ឆេទ​ខុសៗ​គ្នា​។ ក្រោយមកទៀត គេ​សន្និដ្ឋានថា​សាកសព​របស់គាត់​ត្រូវបាន​គេ​យកទៅ​កប់ នៅក្បែរ​ដងផ្លូវ Via Flaminia (​ប្រទេស​អ៊ីតាលី​) នៅ​ថ្ងៃទី​១៤​កុម្ភៈ​។​ដូចនេះហើយ បានជា​នៅ​សម័យ​បច្ចុប្បន្ន គេ​ប្រារព្ធ​ទិវា​នេះ​ឡើង​នៅ រៀងរាល់​ថ្ងៃទី​១៤​កុម្ភៈ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​រំលឹក​នឹង​គុណ​ដល់​សម្ដេច ប៉ាប​ម្នាក់នេះ​តែប៉ុណ្ណោះ​។ ផ​ប​ហ្សូ​ន អាស៊ី​ជឿជាក់ថា​យុវវ័យ​ទាំងអស់​បាន យល់ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការកើតឡើង​ថ្ងៃ​១៤​កុម្ភៈ​នេះ ហើយ​លែងមាន​ការភាន់ច្រឡំ  តទៅទៀត និង​មិន​ធ្វើ​អ្វីដែល​នាំឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​៕ ប្រភព​អត្ថបទ​​

Antique_Valentine_1909_01

 

Leave a Reply

(*) Required, Your email will not be published