ខេត្តកំពង់ស្ពឺ : អ្នកយកព័ត៌មានមួយរូប ត្រូវលោកអភិបាលរងស្រុកម្នាក់បម្រុងបើករថយន្តបំបុកពេលចុះបំពេញភារកិច្ចថតយករូបភាពនៅលើទីតាំងដីទំនាស់មួយកន្លែង តែត្រូវបានកម្លាំងនគរបាលរារាំងទាន់ពេលវេលា។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ចំណុចដីទំនាស់ ស្ថិតក្នុងភូមិស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ។
អ្នកយកព័ត៌មានដែលលោកអភិបាលរងស្រុកមានបំណងបើករថយន្តបំបុក មានឈ្មោះ អ៊ុំ ណួន ភេទប្រុសអាយុ៣៤ឆ្នាំជាអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺមកពីអង្គភាពនគធំ និងទូរទស្សន៍អាស៊ីអាគ្នេយ៍។ មុនពេលកើតហេតុរូបលោកបានចុះទៅបំពេញការងារថតយករូបភាពនៅលើទីតាំងដីទំនាស់មួយរវាងប្រជាពលរដ្ឋនឹងក្រុមហ៊ុនដំឡូងមី។ ខណៈដែលកំពុងឈរថតយករូបភាពស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាថៃហ្គឺរពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2B-8315 ដែលអ្នកបើកក្នុងរថយន្តជាអភិបាលរងស្រុកភ្នំស្រួចឈ្មោះ មៀច សំអុល បញ្ឆេះម៉ាស៊ីនបម្រុងបើកបំបុក។
ជនរង គ្រោះបន្តថា ពេលដែលលោកកំពុងឈរថតរូបភាពនោះ ស្រាប់តែរថយន្តរបស់លោកអភិបាលរងស្រុកបើកថយក្នុងល្បឿនយ៉ាងលឿនសំដៅមករូបលោកបើកកុំតែបានសមត្ថកិច្ចនគរបាលដែលឈរនៅក្បែរនោះទាញទាន់ ម្ល៉េះរូបលោករងរបួសបាក់ជើង ឬក៏ស្លាប់ជាមិនខាន។
សកម្មភាពនេះ អាចជាសកម្មភាពបំបាក់ស្មារតីអ្នកព័ត៌មានក្នុងហេតុផលណាមួយដែលអាជ្ញាធរមិនចង់ឲ្យមានការផ្សព្វផ្សាយលេចឮព័ត៌មានទៅខាងក្រៅ។ ម្យ៉ាងលោកក៏មិនបានដឹងថា តើលោក មៀច សំអុល មានចេតនាធ្វើបែបនេះឬអត់នោះទេ គ្រាន់តែលោកហួសចិត្តត្រង់ថា ធ្វើដល់អភិបាលរងស្រុកគ្រាន់តែចុះមកសុំទោសក៏គ្មានដែរ។ ទង្វើ របស់លោក មៀច សំអុល ត្រូវបានសមត្ថកិច្ចជាច្រើននាក់នៅកន្លែងកើតហេតុហួសចិត្ត ដោយខ្លះបានលើកឡើងថា ទោះជាកំហុសចេតនា ឬអចេតនាក្តីក៏គួរណាស់តែលោក មៀច សំអុល និយាយសុំទោសទៅលើអ្នកយកព័ត៌មានមួយម៉ាត់ក៏បាន ទើបសមជាអភិបាលរងស្រុក តែបែរជាបើករថយន្តយ៉ាងលឿនដីហុយទ្រលោមទៅបាត់ធ្វើព្រងើយទៅវិញ។
ជុំវិញបញ្ហាខាងលើនេះ សារព័ត៌មានកំណើតថ្មី មិនអាចសុំការពន្យល់ពីលោក មៀច សំអុល អភិបាលរងស្រុករូបនេះបានទេ៕