លោក ឡុង ឌី​ម៉​ង់ ៖ ប្រសិន​ថ្ងៃមុខ សាលាក្រុង​មាន​ចំណូល នឹង​អាច​ពិចារណា ព្រោះ​ពេលនេះ​គ្មាន​លទ្ធភាព​ទេ​

, , Leave a comment

artworks-000105439178-7vovgp-t500x500

រាជធានី​ភ្នំពេញ : នៅក្បែរ​ចំណត​ផ្សារ​រាត្រី កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រុម​អ្នកបើកបរ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ និង​អ្នកលក់​សំបុត្រ​រថយន្ត បាន​ផ្ទុះ​ការតវ៉ា​សុំ​ឲ្យ​សាលាក្រុង​ដំឡើង​ប្រាក់ខែ​ដល់​៣០០​ដុល្លារ​អាមេរិក​។​

 

​ជុំវិញ​បញ្ហា​នេះ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សាលា​រាជធានី មិនដែល​បាន​សន្យា​អ្វី​ជាមួយ​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ​ថា ដំឡើង​ប្រាក់ខែ របស់​ពួកគេ​ដល់​៣០០​ដុល្លារ​នោះទេ ហើយ​អ្នកបើក​រថយន្តក្រុង​ទាំងនោះ ក៏​មិនអាច​ទាមទារ​ប្រាក់​ឈ្នួល ដូច​កម្មករ បុគ្គលិក នៅក្នុង​ក្រុមហ៊ុន ឯកជន​នោះដែរ​។ លោក​បាន​បន្ថែមទៀតថា «​យើង​អត់​មាន​កិច្ចសន្យា​អ្វី​ជាមួយ​ពួកគាត់​ទេ ពេលដែល​គាត់​ចូលមក​(​ធ្វើការ​)​ហ្នឹង បើសិនជា​គាត់​ពេញចិត្ត គាត់​អាច​នៅ​ធ្វើ​ការបន្ត​ជាមួយ​យើង បើ​គាត់​មិន​ពេញចិត្ត គាត់​អាច​ឈប់​បាន រក​ការងារ​ឯកជន​ធ្វើ​ចុះ​… អត់​បញ្ហា​ទេ ព្រោះ​យើង​អត់​មានលទ្ធភាព​ទេ ហើយ​យើង​បាន​ដោះស្រាយ​បញ្ហា​ហ្នឹង ដោយ​រក​អ្នក​ជំនួស​បាន​ហើយ​»​។​

 

​គួរ​បញ្ជាក់ថា អ្នកបើកបរ​រថយន្ត​ក្រុង​ទាំងអស់​មាន​ជាង​២០០​នាក់ និង​រថយន្តក្រុង​មាន​ចំនួន​៤៣​គ្រឿង ហើយ​ពួកគេ​ម្នាក់ៗ​ទទួលបាន​ប្រាក់ខែ​១៨០​ដុល្លារ​ក្នុង​មួយខែ​។ បើតាម​មន្ត្រី​សាលាក្រុង​ដដែល​ប្រាក់ខែ​របស់​អ្នកបើកបរ​រថយន្តក្រុង​នេះ​ច្រើនជាង​ប្រាក់ខែ​មន្ត្រីរាជការ​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​សាលា​រាជធានី ភ្នំពេញ​នោះ​ថែមទៀត ដោយ​មន្ត្រី​ខ្លះ​ទទួលបាន​ខែ​ប្រហាក់ប្រហែល​១០០​ដុល្លារ​ប៉ុណ្ណោះ​៕

03-2-2015

 

 

Leave a Reply

(*) Required, Your email will not be published