រាជធានីភ្នំពេញ : កាលពីពេលថ្មីៗនេះពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបដិសេធ និងមិនឆ្លើយជាមួយអ្នកកាសែតនោះទេ បើទោះជាអ្នកកាសែតមួយចំនួនខំប្រឹងប្រែងសួរនាំពីអាជីពសិល្បៈរបស់នាងយ៉ាងណាក្តី ក៏នាងបដិសេធមិនព្រមនិយាយជាមួយដែរ មិនដឹងថា នាងមានអ្វីលាក់បាំង ទើបខ្លាចអ្វីយ៉ាងនេះ។
បើតាមប្រភពខ្សឹបខ្សៀវដែលជិតស្និទ្ធនឹង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហើបប្រាប់ដឹងថា នាងកំពុងព្យាយាមហាត់ច្រៀង ដើម្បីឈោងចាប់អាជីពមួយ ទៀតបន្ថែមលើអាជីពពិធីការិនីសព្វថ្ងៃ ព្រោះតែនាងខ្លាចប្រជាប្រិយភាពចាញ់គេដោយសារមួយរយៈចុងក្រោយនេះ មានពិធីការិនី តារាសម្តែងជាច្រើនរូបបានងាកមកកាន់មេក្រូហ្វូន បង្ហើរសំនៀងស្ទើគ្រប់គ្នា។ ប៉ុន្តែខណៈដែលតារារូបនេះកំពុងធ្វើពិធីការិនីក្នុងកម្មវិធីនៅស្ថា នីយទូរទស្សន៍បាយ័ន នាងបែរជាមិនស្វាគមន៍ ចំពោះអ្នកព័ត៌មានដែលបានព្យាយាមសាកសួរពីដំណើរអាជីពសិល្បៈរបស់នាង ប៉ុន្តែនាងបានតបថា នាងមិនមានព័ត៌មានអីត្រូវនិយាយជាមួយអ្នកកាសែតទេ ដូច្នេះហើយកុំមកសួរនាងសុំមិនឆ្លើយ។
ពិធីការិនីរូបនេះ មានអាថ៌កំបាំងអ្វីលាក់ទុកក្នុងចិត្តទេ ទើបនាងមិនហ៊ានផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានដូច្នេះ? ទង្វើបែបនេះត្រូវបានក្រុមអ្នកសាព័ត៌មានខកចិត្តយ៉ាងខ្លាំង និងបានលើកឡើងថា វាជាគំរូមិនគប្បីមួយសម្រាប់អ្នកសិល្បៈ ដែលនៅពេលល្បីហើយក៏បែរខ្នងដាក់អ្នកកាសែត។ បញ្ហានេះ ក្រុមអ្នកសារព័ត៌មានដដែលបានលើកឡើង ក្នុងន័យជាសារមួយផ្តល់ទៅតារាដទៃទៀតថា សូមមានទំនាក់ទំនងល្អចំពោះអ្នកសារព័ត៌មាន និងអ្នកសិល្បៈដែលត្រូវពឹងគ្នាទៅវិញទៅមក ក្នុងន័យមួយដើម្បីលើកស្ទួយសិល្បៈដូចគ្នា។
ទង្វើរបស់ ហ៊ិន ច័ន្ទនីរ័ត្ន នេះបានធ្វើឲ្យក្រុមអ្នកកាសែត អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង មិនគួរណានាងធ្វើបែបនេះសោះ ព្រោះអ្នកការសែតតែងតែផ្សព្វផ្សាយពីសិល្បករ សិល្បការិនី ឲ្យគេបានស្គាល់ និងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ មិនគួរណាអ្នកសិល្បៈបានល្បីហើយ បែរជាគ្រាន់តែនិយាយរកក៏គ្មានដែរ វាហាក់ដូចជាមិនសមទាល់តែសោះ៕