បុព្វហេតុ​៦​យ៉ាង​ដែលជា​ឧ​បគ្គស​កំពុង​បំផ្លាញ​ជីវិត និង​ការងារ​របស់​អ្នក​

, , Leave a comment

28-1-2015

​គេ​និយាយថា "​ល្អមើល​តែ​មិនល្អ​ស៊ី​” បើ​យកពាក្យ​មួយ​ឃ្លា​នេះ​ទៅ​ប្រៀបធៀប​នឹង​ការងារ​របស់​អ្នក​មានន័យថា អ្នក​អាចមាន​ប្រាក់ខែ​ច្រើន ស្លៀកពាក់​ហំហួន​សមសួន​ជា​អ្នកធ្វើ​ការពិត​។ ប៉ុន្តែ​ងាក​ទៅ​មើល​ការងារ​របស់​អ្នក​វិញ​នោះ ហាក់​មិនបាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកមាន​សុភមង្គល ស្មុគស្មាញ​ច្រើន មាន​បញ្ហា​មិនចេះចប់​មិនចេះហើយ នោះ​ជាស​ញ្ញាណ​មួយ​បញ្ជាក់ថា អ្នក​គួរ​ពិចារណា​នៅ​ធ្វើ​បន្តទៀត ឬ​យ៉ាងណា​។ ចំណុច​ចំនួន​៦​ខាងក្រោម​នេះ នឹង​ផ្តល់​ជា​កម្មវត្ថុ​សម្រាប់​ការសម្រេចចិត្ត​របស់​អ្នក​នៅពេលនេះ​។​

 

១-​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​
​មួយថ្ងៃៗ​គិតតែ​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក ចេញពី​ការងារ​យឺត​ហើយ មក​ឆ្លៀត​ធ្វើការ​បន្ត​នៅពេល​យប់​ទៀត នេះ​ជាស​ញ្ញាណ​មួយ​មិនល្អ​ឡើយ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​គ្រួសារ​។ ខុសពី​អ្នក​នៅ​លីវ អ្នក​ដែលមាន​គ្រួសារ​ត្រូវ​ចែកពេល​វេលា​មួយចំនួន​ដើម្បី​មើលថែ​គ្នា​ដែល​នេះ ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​សុភមង្គល​របស់​អ្នក​។ បើ​មិន​ដូច្នេះ​ទេ ទោះបីជា​អ្នកមាន​ប្រាក់​ច្រើនយ៉ាង​ណាក៏ដោយ​អ្នកនឹង​បាត់បង់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។​

 

២) គេង​មិន​ឆ្អែត ឬ​គេង​មិន​លក់​
​ព្រោះតែ​ការងារ​បានធ្វើ​ឲ្យ​អ្នកធ្វើការ​រហូតដល់​យ​ប់​ជ្រៅ ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម​ឲ្យ​បាន​មុនគេ​ទៀត នេះ​មិនយូរ​មិនឆាប់​អ្នកនឹង​បំផ្លាញ​សុខភាព​ខ្លួនឯង​ជាមិនខាន​។ តាមពិតទៅ​ទោះបីជា​អ្នក​ស្រឡាញ់ ឬ​ដាក់ចិត្ត​លើ​ការងារ​ខ្លាំង តែ​ក៏​ត្រូវធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការងារ និង​សុខភាព​របស់​អ្នក ព្រោះថា បើ​អ្នក​គេង​លក់​គ្រប់គ្រាន់ សុខភាព​របស់​អ្នក​ក៏​ល្អ ហើយ​ការងារ​ក៏​ជោគជ័យ​។​

 

៣-​ឈឺ​ញឹកញាប់​
​ពេលខ្លះ​ឈឺក្បាល ផ្តាស​សាយ ឈឺសន្លាក់​ដៃជើង រំខាន​ដោយ​សម្លេង នឹង​ជំងឺ​ជាច្រើន​ទៀត​ដែល​បង្កឡើង​នៅ​កន្លែងធ្វើការ​របស់​អ្នកនេះ​ក៏​ជា​សញ្ញាណ​មិនល្អ​មួយ​ដែរ​។ ស្ថានភាព​ការងារ​បានធ្វើ​ឲ្យ​អ្នក​អង្គុយ​យូរ​ងើប​មិនបាន នៅមុខ​កុំព្យូទ័រ​រាប់​ម៉ោង លក្ខខណ្ឌ​ការងារ​មិនល្អ មិនសូវមាន​ពេល​សម្រាក​គ្រប់គ្រាន់ កន្លែង​ការងារ​គ្មាន​ផាសុកភាព បរិស្ថាន​មិនល្អ វា​សុទ្ធតែ​ចំណែក​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ និង​មាន​ស្ត្រេ​ស​កាន់តែច្រើន​។​

 

៤-​មិនមាន​ការលើកទឹកចិត្ត​លើ​ការខិតខំ​ប្រឹងប្រែង​
​សាក​គិត​បន្តិច​ទៅ​មើល៍ថា បើ​អ្នកជា​បុគ្គលិក​មួយ​ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​នាំ​សមិទ្ធផល​ជាច្រើន មកកាន់​ក្រុមហ៊ុន ធ្វើការ​តាម​ផែនការ​កំណត់​ជួយ​ឲ្យ​អាជីវកម្ម​ក្រុមហ៊ុន​កាន់តែ​ជោគជ័យ ធ្វើ​ការងារ​ស្ទុះស្ទា មាន​អំណត់​អត់ធន់ ចែករំលែក​បទពិសោធ​ន៍​ដល់​ក្រុមការងារ តែ​ទីបំផុត​អ្នក​គ្មាន​ការលើកទឹកចិត្ត ឬ​គ្មាន​ការផ្តល់​រង្វាន់​អ្វី​សោះ​នោះ តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​?​។ ​ទីនេះ​មិនមែន​អ្នកធ្វើការ​ហុតទឹកសម្លឹងកាក​នោះទេ តែ​ជាគោលការណ៍​បុគ្គលិក​ឆ្នើម​ត្រូវតែ​បាន​លើកកម្ពស់ និង ប្រាក់រង្វាន់​។ នេះ​ជា​ករណី​មិនអាច​ប្រកែក​បាន​។​

 

៥-​មានការ​រើសអើង ឬ​មានការ​រំលោភបំពាន​ផ្លូវភេទ​
​ជាទូទៅ​កន្លែង​ការងារ​ដែល​ល្អ គឺជា​កន្លែង​មួយ​ដែល​គ្មាន​ការរើសអើង​គ្នា​រវាង​បុគ្គលិក​ម្នាក់​ទៅកាន់​បុគ្គលិក​ម្នាក់ទៀត​ជាពិសេស​ចែក​ឲ្យ​ដាច់​ពីអ្វី​ដែល​គុណ​តម្លៃ​របស់​បុគ្គលិក​ឆ្នើម និង​ចំណុចខ្សោយ​របស់​បុគ្គលិក​អន់​។ បុគ្គលិក​អន់​គួរតែ​ត្រូវបាន​កែលម្អរ និង លើកទឹកចិត្ត​ឲ្យ​បាន​ដូច​បុគ្គលិក​ឆ្នើម​ដែរ​ដោយ​មិនមាន​ការរើសអើង​។ លើសពីនេះទៅទៀត​បញ្ហា​អសីលធម៌​មួយចំនួន​ជាពិសេស​រឿង​ការរំលោភបំពាន​ផ្លូវភេទ​នេះឯង​ត្រូវតែ​ជៀសវាង​ឲ្យ​បាន​។ យ៉ាងណាមិញ​បើ​អ្នកមាន​បទពិសោធន៍​លើ​ចំណុច​ទាំង ២​នេះហើយ​គួរតែ​ចាកចេញ​ទៅ​វា​ប្រសើរ​ជាង។​

 

៦-​ការងារ​កាន់តែ​ធុញ ឬ​អផ្សុក​ខ្លាំង​
​អ្នក​អាច​ពេញចិត្ត​ការងារ​របស់​អ្នកជា​លើកដំបូង តែ​ក្រោយៗ​មក អ្នក​សង្កេតឃើញថា វា​ហាក់​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ធុញ​ឡើងៗ និង អផ្សុក​មិនដឹង​ជា ត្រូវធ្វើ​អ្វី​ឲ្យ​ប្រាកដ​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បំផ្លាញ​អាជីព​ការងារ​របស់​អ្នក​ទៀតផង​។ លើសពីនេះទៅទៀត​កត្តា​នេះ នឹងធ្វើ​ឲ្យ​អ្នក​អសកម្ម​ក្នុង​ការងារ និង​បង្កើត​ទម្លាប់​មួយ​នាំ​ឲ្យ​អ្នក​ខ្ជិល​ទាំង​មិនដឹង​ខ្លួន ហើយ​បើ​វា​កើតមាន​ក្នុង​រយៈ​ពល​យូរ​ទៀត​នោះ​វា​នឹង​បាត់បង់​ឱកាស​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​តែម្តង​៕

 

Leave a Reply

(*) Required, Your email will not be published