ដឹកឈើ​ដូរ​បាយ​ហូប មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ប្រចាំ​នៅ​អង្គការ អភិរក្ស​ជីវចម្រុះ​សីមា បើកឡាន​ប្រដេញ ធ្លាក់​ជង្ហុក​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ​ម័

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ​សេចក្តីរាយការណ៍​បានអោយដឹងថា កាលពី​វេលា ម៉ោង ៩​យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំនុច​ផ្លូវ​ឆ្ពោះទៅ ឃុំ​មេ​ម៉​ង ក្នុងភូមិ​ពូ​ត្រុំ​២ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ក្រោយពី​បាន​ដឹកឈើ​ចំនួន ២​ដុំ តាម​ម៉ូតូ​រត់គេច ពី​កម្លាំង​សមត្ថកិច្ច ដែល​បាន​បើកឡាន​ដេញចាប់ បណ្តាលអោយ​ដួល​បោក​ក្បាល ទៅលើ​ថ្នល់​មួយ​ទំហឹង ។​

 

​ប្រភពព័ត៌មាន បានអោយដឹងថា នៅពេលដែល​ជនរងគ្រោះ ទាំង ២​នាក់​បងប្អូន ធ្វើដំណើរ​ពី​ភូមិ​មេ​ម៉​ង  ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ ពុំមាន​សមត្ថកិច្ច​ណា រវល់​អើពើ​មើល​ការដឹកឈើ បន្តិចបន្តួច​នេះ​ទេ ព្រោះតែ​យល់ថា​តិចពេក និង​អាណិត​គ្នា​អ្នកក្រ ដឹក​គ្រាន់​ដូរ​បាយ​ប៉ុណ្ណោះ​។ ស្រាប់តែ​ជនរងគ្រោះ មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត កាមរី​គូទ​ហើម ពណ៌​ស​មួយគ្រឿង បាន​ជិះ​ដេញ​ពីក្រោយ យ៉ាង​លឿន ស្របពេលនោះ ជនរងគ្រោះ​ទាំង ២​នាក់​បងប្អូន ក៏បាន​បំបែក​ផ្លូវ​គ្នា​។

 

ប្អូនប្រុស​ជនរងគ្រោះ បាន​និយាយថា ដោយ​ជីវភាព គ្រួសារ​ក្រីក្រ​ពេក ខ្លួន ២​នាក់​បងប្អូន បានសម្រេច​ចិត្ត​ស៊ី​ឈ្មួ​ល ដឹកឈើ​ប្រភេទ​ដៃ​សា​ឡុង ដើម្បី​បាន​កំរៃ​បន្តិចបន្តួច មក​ផ្គត់ផ្គង់​គ្រួសារ ដ្បិត​ឪពុក​បាន​ធ្លាក់ខ្លួន​ពិការ​ជើង តាំងពី​សម័យ​សង្គ្រាម ឯ​ម្តាយ​ចាស់ មាន​ជំងឺ​ប្រចាំកាយ​រាល់ថ្ងៃ​។ ដោយឡែក​ជនរងគ្រោះ ដែល​ស្លាប់ ត្រូវបាន​រថយន្ត​ពណ៌​ស ដេញ​ប្រកិត​ពីក្រោយ​ជាប់ ព្រោះតែ​ភ័យ​ពេក​ជនរងគ្រោះ បាន​បើក​ម៉ូតូ​គេច​ទៅ​ឆ្វេង​ដៃ ចៃដន្យ​ផ្លូវ​មាន​ជង្ហុក​ច្រើន ទើប​បណ្តាល​ឲ្យ​ម៉ូតូ​ដួល បោក​ក្បាល លើ​ថ្នល់ ស្លាប់​ភ្លាមៗ​នឹង​កន្លែង​។​

 

លោក​អនុសេនីយ៍ឯក ជុំ វន អធិការរង ក្រុង​សែន​នោ​រម្យ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ភឿន សៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម​មិនមាន​ស្លាក​លេខ ដឹកឈើ ២​ដុំ ស្លាប់​នៅ​កន្លែងកើតហេតុ​។ សព​ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​ដោយឡែក​រថយន្ត​បង្ករ ម៉ាក​កាមរី​គូទ​ហើម ពណ៌​ស ពាក់​ស្លាក​លេខ 2A2566​។ ទោះជា​យ៉ាងណា​ឈ្មោះ​ម្ចាស់ រថយន្ត​បង្ករ​ខាងលើ ពុំទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ ព្រោះ​សមត្ថកិច្ច​នគរបាល កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​។ តែ​ត្រូវបាន​គេ​ដឹងថា ម្ចាស់​រថយន្ត​នោះ ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ប្រចាំ​នៅ​អង្គការ អភិរក្ស​ជីវចម្រុះ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​៕

 26-1-2015 (1)

26-1-2015

 

Leave a Reply

(*) Required, Your email will not be published