ក្រមសីលធម៌​អ្នកសារព័ត៌មាន​

, , Leave a comment

news

Newspaper

​បុព្វកថា : ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស យើង​សង្កេតឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មានការ​រីក ចម្រើន និង​មាន​លក្ខណៈ​សម្បូរបែប​។ ទន្ទឹមនឹង​ការរីកចម្រើន​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ត្រូវបាន​បង្កើត​ទ្បើង ដើម្បី​បម្រើ​ឲ្យ​និន្នាការ​នយោបាយ ផ្សេងៗ​គ្នា​។ ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនទៀត​បាន​ព្យាយាម​ប្រកាន់យក​នូវ​ជំហរ​ឯករាជ្យភាព នៅក្នុង​ការបំពេញ​វិជ្ជា​ជីវៈ​របស់ខ្លួន​។​

 

​ឆ្លងតាម​បទពិសោធ​កន្លងមក យើង​សង្កេតឃើញថា អ្នកសារព័ត៌មាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន​នៅមាន​កម្រិត និង​មួយចំនួនទៀត​មិនបាន​អនុវត្ត​ទៅតាម​វិជ្ជាជីវៈ​សារព័ត៌មាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​នៅមានកម្រិត និង​មិនបាន​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​របស់​សង្គម និង​តម្រូវការ​ចាំបាច់​របស់​សាធារណជន ក៏ដូចជា​ការអនុវត្ត​ទៅតាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផងដែរ​។​

 

​ដោយ​យល់ឃើញថា ក្រមសីលធម៌ គឺជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន និង​ដោយ​មើលឃើញ​ពី​កង្វះខាត​នៃ​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រទេស​កម្ពុជា​មិនទាន់មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​រួមមួយ សម្រាប់​អ្នកសារព័ត៌មាន​យកមកអនុវត្ត​នៅ​ទ្បើ​យ​នោះ ទើប​សមាគម និង​អង្គការ​សារព័ត៌មាន​មួយចំនួន បាន​ផ្តួចផ្តើម​ចងក្រង​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​រួមមួយ ដែល​បានមកពី​ការច្របាច់បញ្ចូលគ្នា​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​សមាគម និង​អង្គការ​សារព័ត៌មាន​នានា នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​រប​ស់​ប្រទេស​ជឿន លឿន​មួយចំនួនទៀត នៅលើ​ពិភពលោក ដើម្បី​បង្កើតជា​ក្រមសីលធម៌​វិជ្ជាជីវៈ​រួមមួយ សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា យកមកអនុវត្ត​នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​ជា​អ្នកសារព័ត៌មាន​។​

 

​យើង​ជា​អ្នកសារព័ត៌មាន​កម្ពុជា ជឿជាក់ថា ការ​មាន​ក្រមសីលធម៌​រួមមួយ គឺជា​ការចាំបាច់​ណាស់​ស​ម្រា​ប់​អ្នកសារព័ត៌មាន​យកទៅអនុវត្ត ដើម្បី​ឲ្យ​មានការ​ជឿទុកចិត្ត​ពី​សាធារណជន និង​ខិតខំ​បម្រើ​សាធារណជន ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ស្មោះត្រង់​។ ខ្លឹមសារ​នៃ​ក្រមសីលធម៌​អ្នកសារព័ត៌មាន​កម្ពុជា មាន​ដូចខាងក្រោម​នេះ ៖

 

១-​ការស្វែងរក និង​រាយការណ៍​ព័ត៌មាន​ពិត​
១-១) ត្រូវ​លើកកម្ពស់​ការសរសេរ និង​ការផ្សព្វផ្សាយ​ទាំងទ្បាយ​ឲ្យ​មានការ​ពិត​និង​ត្រឹមត្រូវ​។​
១-២) ប្រើ​វិធី​ដោយ​សុច្ចរិត​ត្រឹមត្រូវ ដើម្បី​ស្វែងរក​ដំណឹង រូបថត និង​ឯកសារ​ផ្សេងៗ​ក្នុងការ​ចុះផ្សាយ​។​
១-៣) ត្រូវ​ត្រួតពិនិត្យ​ព័ត៌មាន​ទ្បើង​វិញ​មុន ការផ្សព្វផ្សាយ​ដើម្បី​បញ្ជាក់​អំពី​ការពិត និង​ភាពច្បាស់លាស់​នៃ​ហេតុការណ៍​។​
១-៤) ត្រូវ​បែងចែក និង​ញែក​ចេញ​ឲ្យ​ដាច់​រវាង​ព័ត៌មាន និង​ការបញ្ចេញ​ទស្សនៈ​យោបល់ ដើម្បី​បង្ហាញ​នូវ​អ្វីដែល​ជាហេតុ​ការណ៍​ពិត​នៃ​ព័ត៌មាន និង​អ្វីដែល​ជាការ​បញ្ចេញមតិ​។​
១-៥) រាល់​ការបញ្ចេញ​យោបល់​រិះគន់​ត្រូវធ្វើ​ទ្បើង​ដោយ​ភាពថ្លៃថ្នូរ និង​ត្រូវគោរព​សិទ្ធិ​អ្នកដទៃ​ឲ្យ​សមជា​អ្នកសារព័ត៌មាន​ពិតប្រាកដ​។​
១-៦) ត្រូវ​រាយការណ៍ តែ​តាម​ហេតុការណ៍​ដែល​ខ្លួន​បានឃើញ និង​បានដឹង​ពី​ប្រភពដើម​តែប៉ុណ្ណោះ​។ អ្នកសារព័ត៌មាន មិនត្រូវ​លប់បំបាត់ចោល និង​បំភ្លៃ​នូវ​ព័ត៌មាន​សំខាន់ៗ ឬ​កែប​ន្លំ​ឯកសារ​ផ្សេងៗ​ទ្បើ​យ​។​
១-៧) ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ពិត​ជាក់ស្តែង មិន​លំអៀង មាន​តុល្យភាព និង​មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន ណា​ដែល​នាំ​ឲ្យ​មានការ​ភ័ន្ត​ច្រ​ទ្បំ​ដល់​សាធារណជន​ឡើយ​។​
១-៨) អ្នកសារព័ត៌មាន​ត្រូវ​ផ្តល់​សំ​ទ្បេ​ង​ទៅ​ក្រុម​ណា​ដែល​មិនមាន​លទ្ធភាព ឬ​មិន​មានឱកាស​ក្នុងការ​បញ្ចេញ​សំ​ទ្បេ​ង​នូវ​អ្វីដែល​ពួកគេ​ចង់បាន​។​
១-៩) ព្យាយាម​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​សាច់រឿង​ព័ត៌មាន ដើម្បី​ផ្តល់ឱកាស​ឲ្យ​គេ​បាន​បកស្រាយ​ទៅនឹង​អ្វីដែល​បាន​ចោទប្រកាន់​។​
១-១០) ជៀសវាង​ការប្រើប្រាស់​វិធី​សម្ងាត់ ដើម្បី​ទទួលបាន​ព័ត៌មាន លើកលែងតែ​ពេលដែល​ប្រើប្រាស់​វិធី បើកចំហរ​មិនអាច​ទទួលបាន​ព័ត៌មាន​សម្រាប់​សាធារណជន​។​

 

២-​ការទទួលខុសត្រូវ​
២-១) បំពេញ​ករណីយកិច្ច​ក្នុង​វិជ្ជាជីវៈ​តាម​ក្របខណ្ឌ​ច្បាប់​ស្តីពី​របប សារព័ត៌មាន​កម្ពុជា និង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
២-២) ការសរសេរ និពន្ធ និយាយ​សម្រាប់​ការផ្សព្វផ្សាយ ត្រូវគោរព​តាម​ក្បួនខ្នាត​វេយ្យាករណ៍ អក្ខរាវិរុទ្ធ​ខ្មែរ អោយបាន​ត្រឹមត្រូវ​។​
២-៣) ទទួលខុសត្រូវ​ចំពោះ​រាល់​ការផ្សព្វផ្សាយ​ដែល​ខុស​ការពិត ហើយ​ត្រូវធ្វើ​ការចុះផ្សាយ​កែតម្រូវ រក​ការពិត​ទ្បើង​វិញ​។ ការកែតម្រូវ​នេះ​ជា​កាតព្វកិច្ច​ផ្ទាល់​នៃ​អង្គការ​សារព័ត៌មាន ដែល​បាន​ប្រព្រឹត្តិ​កំហុស​។​
២-៤) ហាមឃាត់​ការលួចចម្លង និង​ថតចម្លង​អត្ថបទ និង​រូបភាព​របស់​អ្នកដទៃ ហើយ​ដាក់ឈ្មោះ​ខ្លួនឯង​។ បើ​ថតចម្លង​អត្ថបទ និង​រូបភាព​របស់​អ្នកដទៃ ដើម្បី​យកមក​ចុះផ្សាយ​ត្រូវដាក់​ឈ្មោះ និង​ការអនុញ្ញាត​ពី​ម្ចាស់​ប្រភព​។​
២-៥) ទទួល​យកតែ​ភារកិច្ច​ណា​ដែល​ថ្លៃថ្នូរ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន និង​មិន​ធ្វើ​ឲ្យ​ខូចប្រយោជន៍ ឬ​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គីភាព​រវាង​អ្នកសារព័ត៌មាន​ដូចគ្នា​។​
២-៦) ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​ផ្សាយពាណិជ្ជកម្ម​ទាំងទ្បាយ​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ប្រពៃណី ទំនៀមទម្លាប់ និង​តម្លៃ​របស់​ជាតិ​។​

 

៣-​ភាព​ឯករាជ្យ​
៣-១) ត្រូវធ្វើ​ការផ្សព្វផ្សាយ​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ​ដែល​គោរព​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ឈរលើ​មូលដ្ឋាន​ច្បាប់ មិន​លំអៀង​មាន​តុល្យភាព សច្ចៈ​ភាព និង​ឯករាជ្យ​។​
៣-២) ត្រូវ​ហ៊ាន​សរសេរ​រាយការណ៍​ព័ត៌មាន​ពិត និង​ហ៊ាន​បដិសេធ​សរសេរ និយាយ បញ្ចាំង រូបភាព ដែល​ផ្ទុយ​ពី​ការពិត ដែលជា​ការផ្តល់​ផលប្រយោជន៍ ឲ្យ​ការរកស៊ី​របស់​បុគ្គល ឬ​ក្រុមមនុស្ស​។ ធ្វើបែបនេះ​ដើម្បី​ពង្រឹង​កិត្យានុភាព និង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​។​
៣-៣) ចាងហ្វាង ឬ​និពន្ធ​នាយក ត្រូវ​បែងចែក​ឲ្យ​ដាច់ពីគ្នា​រវាង​អត្ថបទ​ព័ត៌មាន និង​អត្ថបទ​ឃោសនា​។ ធ្វើបែបនេះ គឺ​ដើម្បី​ពង្រឹង​កិត្យានុភាព និង​ឯករាជ្យភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
៣-៤ ) ត្រូវ​ប្រកាន់ខ្លួន​ជា​អ្នកសារព័ត៌មាន សេរី ឯករាជ្យ យុត្តិធម៌ អ​ព្យា​ក្រិត មិន​លំអៀង ឬ​ប្រកាន់ និន្នាការ​នយោបាយ​ណាមួយ​ទ្បើ​យ​។​
៣-៥) ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​រួបរួមគ្នា​ការពារ​សេរីភាព​សារព័ត៌មាន និង​ការពារ​មិន​ឲ្យ​មានការ​ត្រួតពិនិត្យ​មុនពេល​ផ្សព្វផ្សាយ​។​
៣-៦) អ្នកសារព័ត៌មាន​មិនត្រូវ​រំលោភបំពាន​អធិបតេយ្យ (​សិទ្ធិអំណាច​) របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ និង វិជ្ជាជីវៈ ដែល​ខ្លួន​ធ្វើការ​នោះទេ​។​

 

៤-​ប្រភព​
៤-១) រក្សា​ជាសម្ងាត់​ចំពោះ​ប្រភពព័ត៌មាន​ដែល​ផ្តល់​ឲ្យ និង​មិនត្រូវ​ប្រើ​សិទ្ធិអំណាច​ក្នុង​ការផ្សាយ​របស់ខ្លួន ដើម្បី​បង្ហាញ​អត្តសញ្ញាណ​របស់​ប្រភពព័ត៌មាន​ទេ ប្រសិនបើ​គ្មាន​ការយល់ព្រម​ពីសា​ម៉ី​ខ្លួន​ជាមុន​នោះ​។​
៤-២) ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​មិន​ត្រូវយក​ស្នាដៃ​អ្នកដទៃ​មក​ធ្វើជា​ស្នាដៃ​របស់ ខ្លួន​ទ្បើ​យ (​រាល់​ការចម្លង និង​ប្រើ​រូបភាព​ផ្សេងៗ ត្រូវ​បញ្ជាក់​ពី​ប្រភពដើម​ឲ្យ​បានច្បាស់លាស់​)។​

 

៥-​បុគ្គល​ឯកជន​
៥-១) អ្នកសារព័ត៌មាន​ត្រូវគោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​សិទ្ធិ​បុគ្គល​ស្របតាម​គោលការណ៍​ច្បាប់ ។​
៥-២) អ្នកសារព័ត៌មាន​មិនត្រូវ​រំលោភបំពាន​លើ​ជីវិត​ឯកជន​របស់​បុគ្គល​ទ្បើ​យ លើកលែង​តែមាន​ភាពចាំបាច់​តម្រូវ​ឲ្យ​មានការ​ផ្សព្វផ្សាយ ដើម្បី​បម្រើ និង​ការពារ​ផលប្រយោជន៍​សាធារណៈ និង​សង្គម​។​
៥-៣) អ្នកសារព័ត៌មាន​មិនត្រូវ​ទ​ទួ​ច​សួរ ទូរស័ព្ទ តាម​ស្វែងរក និង​ថតរូប​បុគ្គល​ណា​ម្នាក់​ក្នុង​រឿង​ឯកជន នៅពេលដែល​ការស្នើរ​សុំ​នោះ​ត្រូវបាន​បដិសេធន៍ ហើយ​មិនត្រូវ​បំពាន​លើ​ទ្រព្យសម្បត្តិ​គេ​ទេ នៅពេលដែល​ត្រូវបាន​ស្នើសុំ​ឲ្យ​ចាកចេញ និង​មិនត្រូវ​តាម​ប្រមាញ់​គេ​ទ្បើ​យ​។​
៥-៤) ក្នុងករណី​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ទុក្ខសោក និង​ភាព​តក់ស្លុត​របស់​បុគ្គ​ល ការសាកសួរ​របស់​អ្នកសារព័ត៌មាន​ត្រូវធ្វើ​ទ្បើង ដោយ​យល់ចិត្ត​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​មិន​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ផ្លូវចិត្ត​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នោះទេ​។ ទាំងនេះ​មិនត្រូវ​ដាក់​កំរិត​លើ​សិទ្ធិ​ក្នុងការ​រាយការណ៍ ប្រកបដោយ​ភាពត្រឹមត្រូវ​ដូច​ជាការ​ស៊ើបសួរ​នោះទេ​។​
៥-៥) ត្រូវ​ទទួលស្គាល់ថា បុគ្គល​ឯកជន​មាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន​អំពី​ខ្លួនគេ ច្រើនជាង​មន្ត្រី​សាធារណៈ និង​អ្នក​ដទៃទៀត​ដែល​ខិតខំ​ស្វែងរក​អំណាច ឥទ្ធិពល ឬ​ការចាប់អារម្មណ៍​។ មានតែ​សេចក្តីត្រូវការ​ជា​ចាំបាច់​ពី​សាធារណជន​តែមួយគត់​ដែល​អាច​ជ្រៀតចូល​ឯកជន​ភាព​របស់​នរ​ណា​ម្នាក់​។​
៥-៦) ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​បង្ហាញ​រូបថត​របស់​បុគ្គល​ណា​ម្នាក់ ដោយសារតែ​និយោជក​បញ្ឈប់​ពី​ការងារ​នោះទេ​។ លើកលែងតែ​បុគ្គល​នោះ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ផ្សេងៗ ដូចជា​ការលួចបន្លំ ប្រាក់កាស ឆបោក រំលោភសេចក្តីទុកចិត្ត​។​ល​។​
៥-៧) ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​ផ្សព្វផ្សាយ​អំពី​សម្ព័ន្ធភាព​ផ្លូវភេទ នៅក្នុង​ចំណងអាពាហ៍ពិពាហ៍ ឬ​ក្រោយ​ការ​លែងលះ ដោយ​គ្មាន​ការអនុញ្ញាត​ពីសា​ម៉ី​ខ្លួន​ទ្បើ​យ​។​

 

៦-​ស្ត្រី កុមារ និង​ជនពិការ​
៦-១) អ្នកសារព័ត៌មាន​ត្រូវ គិតគូរ​ពី​ផលប៉ះពាល់​ដល់​ជីវភាព​សាធារណ​: ជាពិសេស​ស្ថានភាព ស្ត្រី កុមារ និង​ជនពិការ​។​
៦-២) មិនត្រូវ​ប្រើប្រាស់​រូបភាព​អាក្រាត ឬ​រូបភាព​ដែល​ស្រើបស្រាល​របស់​ជនរងគ្រោះ​ក្នុងការ​ផ្សព្វផ្សាយ ដែល​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ទូទៅ​។​
៦-៣) អ្នកសារព័ត៌មាន​មិនត្រូវ​ប្រើប្រាស់​ពាក្យ ឬ​ឃ្លា​ដែល​ហាក់ដូចជា​មានការ​វិនិច្ឆ័យ​ទៅលើ​ជនរងគ្រោះ ឬ​ជនសង្ស័យ​ដែលជា​ស្ត្រី កុមារ និង​ជនពិការ​។ ឧទាហរណ៍​៖ ស្ត្រី​ពេស្យា ស្រីខូច អ្នកញៀន​ថ្នាំ កំបុត​ដៃ កំបុត​ជើង ទ្ប​ប់ស​តិ​។​ល​។​
៦-៤) អ្នកសារព័ត៌មាន​មិនត្រូវ​ធ្វើ​កិច្ចសម្ភាសន៍ និង​ថតរូប​កុមារ​មាន​អាយុ​តិចជាង​១៨​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សុខមាលភាព​របស់ខ្លួន​គេ ឬ​របស់​កុមារ​ដទៃទៀត ដើម្បី​ធ្វើការ​ផ្សាយ​ទេ លុះត្រាតែ​មានការ​យល់ព្រម​ពី​ឪពុកម្តាយ ឬ​អាណាព្យាបាល ឬ​អ្នក​ដែល​ទទួលខុសត្រូវ​លើ​រឿង​នោះ​។​
៦-៥) អ្នកសារព័ត៌មាន​មិនត្រូវ​ប្រើ​សម្ភារៈ ដើម្បី​ជា​ថ្នូរ​នឹង​ការទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​សុខមាលភាព​របស់​កុមារ​ទេ​។​
៦-៦) ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​បង្ហាញ​អត្តសញ្ញាណ​កុមារ ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែលជា​ជនរងគ្រោះ ឬ​ជា​សាក្សី នៅក្នុង​ករណី​បទល្មើស​ផ្លូវភេទ​ទ្បើ​យ​។​

 

៧-​ការរើសអើង​
៧-១) អ្នកសារព័ត៌មាន​ត្រូវគោរព និង​អនុវត្តតាម​អនុសញ្ញា និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស និង​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង ប្រកាន់ពូជសាសន៍ សាសនា និង​បញ្ហា​ភេទ​។​
៧-២) អ្នកសារព័ត៌មាន​ត្រូវ​ជៀសវាង​ការប្រើ​ពាក្យរិះគន់ ឬ​សេចក្តីបញ្ជាក់​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ពូជសាសន៍ ពណ៌​សប្បុរ សាសនា យេនឌ័រ ភេទ​របស់​បុគ្គល ឬ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ជនពិការ ឬ​អ្នក​ដែលមាន​ជំងឺ​ផ្លូវកាយ និង​ផ្លូវចិត្ត​។​
៧-៣) អ្នកសារព័ត៌មាន​ត្រូវ​ចៀសវាង​ការ​ស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយា​មើលងាយ និង​ការប្រកាន់​ពូជសាសន៍ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការ​រាងកាយ ពិការ​ស្មារតី ឬអ្វី​ផ្សេងៗ ទៀត​របស់​សារ​វ​តា​សង្គម​។​
៧-៤) សេចក្តីលំអិត ពូជសាសន៍ ពណ៌​សម្បុរ សាសនា ភេទ ជំងឺ​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​បុគ្គល ឬ​ជនពិការ ត្រូវ​ជៀសវាង​មិនត្រូវ​លើកទ្បើង​ទេ លុះត្រាតែ​លក្ខណ​:​ទាំងនោះ​វា​ទាក់ទង​ទៅនឹង​សំណុំរឿង​។​

 

៨-​ការ​ញុះញង់​
៨-១) មិនត្រូវ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ណា​ដែល​មួលបង្កាច់​កេរ្តិ៍ឈ្មោះ បុគ្គល ឬ​បំភ្លៃ​សភាពការណ៍​ផ្សេងៗ ខុសពី​ការពិត ដែល​នាំ​ឲ្យ​មានការ​ចលាចល​សង្គម និង​ប្រទេសជាតិ​។​
៨-២) អ្នកសារព័ត៌មាន​ត្រូវ​ចាត់ទុកថា​មាន​កំហុស​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ចំពោះ​ការប្រើ​ពាក្យអសុរស មួលបង្កាច់ និង​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង ព្រមទាំង​ការ​កា​ទ្បៃ​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ការពិត​។​

 

៩-​ការ​សូកប៉ាន់​
៩-១) អ្នកសារព័ត៌មាន​គួរ​ជៀសវាង​ទទួលយក​ការ​ផ្គាប់ផ្គុន ឬ​ការតម្រូវ​ចិត្ត​ណាមួយ​ដែល​នាំ​ឲ្យ​អាប់ឱន ប៉ះពាល់​ដល់​កិត្តិយស​វិជ្ជាជីវៈ និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​ទ្បើ​យ​។​
៩-២) ហាម​ដាច់ខាត​មិនត្រូវ​ទទួលយក​នូវ​សំណូក​សូកប៉ាន់ ដើម្បី​ជា​ថ្នូរ​នឹង​ការផ្សាយ ឬ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​។​
៩-៣) អ្នកសារព័ត៌មាន​ត្រូវ​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ដែល​នាំ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ​។​

 

១០- ប្រពៃណីជាតិ​
១០-១) អ្នកសារព័ត៌មាន ត្រូវគោរព​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​របស់​សង្គមជាតិ​។​
១០-២) ត្រូវ​រក្សា​នូវ​អត្តសញ្ញាណ សាសនា ប្រពៃណី និង​វប្បធម៌​ជាតិ​។​
១០-៣) មិនត្រូវ​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស រូបភាព​សោក​នា​កម្ម​ដោយ​មិន​បិទបាំង និង​អត្ថបទ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​ជាតិ​។​

 

១១- ការរាយការណ៍​ពី​អំពើ​ឧក្រិដ្ឋកម្ម​
១១-១) សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​បទឧក្រិដ្ឋ​ដែល​កំពុងស្ថិត​ក្រោម​ការ ស៊ើបអង្កេត ឬ​តុលាការ​មិនទាន់​វិនិច្ឆ័យ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​អ្នកសារព័ត៌មាន​បញ្ចេញ​មតិយោបល់​នៅក្នុង​អត្ថបទ​នោះ​។​
១១-២) នៅពេល​រាយការណ៍​ពី​អំពើ​ឃាតកម្ម គប្បី​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ចៀសវាង​នូវ​ការផ្សាយ​លម្អិត​ពី​វិធី​ដែល​ប្រើប្រាស់​ក្នុងការ​សម្លាប់​ណាមួយ​ហួសហេតុ​។​
១១-៣) អ្នកសារព័ត៌មាន​ត្រូវគោរព​សិទ្ធិ​របស់​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ ទៅនឹង​អំពើ​ឧក្រិដ្ឋ និង​មិនត្រូវ​ថតរូប និង​មិនត្រូវ​ចោទប្រកាន់​ជនណាម្នាក់​ថា​ជា​ឧក្រិដ្ឋជន នៅពេលដែល​តុលាការ​មិនទាន់បាន​វិនិច្ឆ័យ​ទោស​នោះឡើយ​។​
១១-៤) សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ របស់​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់ ឬ​កាត់ទោស​ពីបទ​ឧក្រិដ្ឋ ជាទូទៅ​មិនត្រូវ​បង្ហាញ​អត្តសញ្ញាណ ដោយ​គ្មាន​ការយល់ព្រម​ពី​ពួកគេ​ទ្បើ​យ លុះត្រាតែ​ពួកគេ​ជា​អ្នក​ជាប់ទាក់ទង​នឹង​រឿងក្តី​តែម្តង​។​
១១-៥) ត្រូវផ្តោត​ការយកចិត្តទុកដាក់ ជាពិសេស​ដល់​សុវត្ថិភាព​អ្នក​ដែល​ងាយ​រងគ្រោះ ជា​កុមារ ជា​សាក្សី ឬក៏​ជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​។ អ្នកសារព័ត៌មាន​មិនគួរ​ទាមទារ​សិទ្ធិ​ក្នុងការ​រាយការណ៍​ដែល​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។​
១១-៦) ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនត្រូវ​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ ដោយ​ការរំលោភ​ផ្លូវភេទ និង​ជនសង្ស័យ​មិន​គ្រប់​អាយុ ឬ​ផ្សព្វផ្សាយ​នូវ​អ្វីដែល​រួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ស្គាល់​អត្តសញ្ញាណ​របស់​ជ​ន​រងគ្រោះ លុះត្រា​តែមាន​ហេតុផល​ស្របច្បាប់​។​
១១-៧) អ្នកសារព័ត៌មាន​មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​លក្ខណ​:​មិន​សមរម្យ ឃោ​ឃៅ ឬ​អំពើហិង្សា​លើ​រា​ង្គ​កាយ និង​អំពើហិង្សា​នៃ​ការ​រួមភេទ​នោះទេ​។​

 

Leave a Reply

(*) Required, Your email will not be published