អភិបាលខេត្ត​ស្ទឹងត្រែង​ទុក​ឲ្យ ចែ​ហុង និង​យាយ​ព្រឿង ឈរ​លំដាប់​លេខ​១ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដដែល​

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ មេ​ឈ្មួញ​ធំៗ​នៅក្នុង​ខេត្តស្ទឹងត្រែង កំពុង​មមាញឹក ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត ដូចដែល​ក្រុម​ឈ្មួញ​មួយចំនួន​បាន​លើកឡើងថា អំឡុង​យុទ្ធនា​ការឃោសនា​នេះ មន្ត្រី​និងសមត្ថ​កិច្ច​មួយចំនួន​ត្រូវការ​ លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ ចែ​ហុង និង​យាយ​ព្រឿង ជា​ជនជាតិ​វៀតណាម និង​ជា​បងប្អូន​នឹង​គ្នា នៅតែ​ឈរ​លំដាប់​ជួរមុខ​ក្នុង​ការរកស៊ី​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ក្នុង​ ខេត្តស្ទឹងត្រែង ដែល​អភិបាលខេត្ត​ច្រើន​ជំនាន់​មកហើយ មិន​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ។​

តាំងពី​ជំនាន់​លោក ឡូយ សុផាត មកម្ល៉េះ យាយ​ហុង និង​យាយ​ព្រឿង មាន​បរិវារ​ឆ្វេង​ស្តាំ ជា​មន្ត្រីរាជការ សមត្ថកិច្ច និង​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ផងដែរ តាម​ជួយ​ជ្រោមជ្រែង​ឲ្យ​ជំនួញ​ឈើ​ខុសច្បាប់​របស់​ពួកគេ​ដំណើរការ​ដោយ​រលូន​ ល្អ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ បើទោះបីជា​ឈ្មួញ​តូចតាច​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ​ចែ​ហុង និង​យាយ​ព្រឿង តែងតែមាន​ការយោគយល់​ពី​សមត្ថកិច្ច​។ ចែ​ហុង និង​យាយ​ព្រឿង បាន​រក​ស៊ី​​ប្រមូល​ទិញ​ឈើ​ប្រណីត​ជាពិសេស​ឈើ​គ្រញូង​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក​ចូលមក​ក្រុង​ស្ទឹងត្រែង ស្តុក​នៅក្នុង​ឃ្លាំង​ដ៏​ធំ​របស់​ពួកគេ ក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ដ៏​ធំ​របស់​យាយ​ព្រឿង ស្ថិតនៅ​ជាប់មាត់​ទន្លេ ងាយស្រួល​លើកដាក់​ឈើ​។

 

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៀតថា នៅពេល​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ធំៗ​ចូល​ក្រុង​ស្ទឹងត្រែង គេ​សង្កេតឃើញ​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​បាន​ទំនាក់ទំនង​ជាមួយ​ មន្ត្រី​ផ្នែក​អគ្គិសនី​បំភ្លឺ​សាធារណៈ ឲ្យ​បិទ​ភ្លើង​នៅលើ​ស្ពាន​សេកុង អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​ដឹកឈើ​ចូល​ក្រុង​ស្ទឹងត្រែង​យ៉ាង​រលូន​ល្អ ហើយ​គេ​ធ្វើបែបនេះ​ក៏​ព្រោះតែ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ពី​ ភាពអនាធិបតេយ្យ​នៃ ការដឹកជញ្ជូន​ឈើ​ខ្លាំងពេក​។ បើ​និយាយ​ពី​ការដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក​វិញ គេ​សង្កេតឃើញ​ទូក ផ្ទុក​ឈើ និង​ព្យា​ង នៅពេល​ចូលដល់​ក្រុង​ស្ទឹងត្រែង គេ​បាន​ពន្លត់​ម៉ាស៊ីន ហើយ​ប្រើ​កម្មករ​ឲ្យ​ចែវ ឬ​ដោល រហូត​ផុត​ទីប្រជុំជន​ទើប​គេ​បញ្ឆេះ​ម៉ា​ស៊ីន​ឡើងវិញ ពោលគឺ​ជំនាញ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវគោក​ របស់ ចែ​ហុង និង​យាយ​ព្រឿង មាន​ល្បិច​ខ្ពស់​ណាស់ ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ទាំងអស់​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ ទើប​អ្វីៗ​ចេះតែ​ដំណើរការ​ដោយ​រលូន​ល្អ​។​

លោក កុល សំអុល ជា​អភិបាលខេត្ត​ស្ទឹងត្រែង ទើប​ឡើង​ជំនួស​តំណែង​លោក ឡូយ សុផាត មិនទាន់បាន​បង្ហាញ​ស្នាដៃ​ធំដុំ​ណាមួយ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​ ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង​នោះទេ ហើយ​ពេល​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត កាលពីដើម​ខែមិថុនា កន្លងមកនេះ គេ​សង្កេតឃើញ​មន្ត្រី​និង​សមត្ថកិច្ច​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​តូចតាច​មួយចំនួន​យ​កបុង ប៉ុន្តែ​មិនដែល​ហ៊ាន​ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​របស់ ចែ​ហុង និង​យាយ​ព្រឿង ម្តងណា​ឡើយ​។ គេ​បាន​សង្កេតឃើញ​មន្ត្រី​មួយចំនួន​ជួយ​សម្របសម្រួល​រត់រ​ក​ខ្សែ​ទុយោ ដើម្បី​ឲ្យ​ចែ​ហុង និង​យាយ​ព្រឿង មាន​ទំនាក់​ទំនង​ល្អជា​មួយ​លោក កុល សំអុល ដែលជា​អភិបាលខេត្ត ដើម្បី​សុំ​ការយោគយល់​និង​ស្គាល់គ្នា ធ្វើតាម​ទម្លាប់​ដែល ចែ​ហុង និង​យាយ​ព្រឿង ធ្លាប់បាន​រក្សា​ភាព​ជិតដិត​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង ឲ្យ​ជួយ​សម្របសម្រួល​ការរក​ស៊ី​ឈើ​ខុសច្បាប់​របស់​ពួកគេ​ច្រើន​ឆ្នាំ​មកហើយ​ ។​

លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​ខុសច្បាប់​របស់​ចែ​ហុង និង​យាយ​ព្រឿង​មិនតិច​ដែរ ព្រោះ​កន្លងមក​គេ​សង្កេត ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយចំនួន​តែងតែ​ចេញមុខ​ជួយ​ការពារ​ជំនួញ​ឈើ​ ខុសច្បាប់​របស់​យាយ​ព្រឿង​នៅពេល​សមត្ថកិច្ច​មួយចំនួន​សួរនាំ ជាពិសេស​នៅពេល​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​យាយ​ព្រឿង ដែល​ពឹង​អាស្រ័យ​ឲ្យ​ឈ្មួញ​តូចតាច​មួយចំនួន​ជួយ​រត់ការ​ដឹកជញ្ជូន​តាមផ្លូវ​ គេ​សង្កេតឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ចេញ​លិខិត​ជួយ​ឲ្យ​ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង ចៀស​ផុតពី​ការបង្ក្រាប ដោយ​គ្រាន់តែ​ចែ​ហុង និង​យាយ​ព្រឿង បង់លុយ​បង់​កាក់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ ប្រចាំការ​តាម​ដងផ្លូវ​ជាការ​រួចស្រេច​ទៅហើយ​៕

 

Leave a Reply

(*) Required, Your email will not be published