ខេត្តកំពង់ចាម ៖ អាចចាត់ទុកជារឿងអាម៉ាស់មួយសម្រាប់មន្ទីរសាធារណការខេត្តកំពង់ចាម ដែលមានរឿងអាស្រូវពុករលួយជាបន្តបន្ទាប់ ទាក់ទិននឹងការប្រមូលលុយតាមជញ្ជីងថ្លឹងរថយន្ត ផ្ទុកលើសទម្ងន់ និងការចេញស្លាកលេខប័ណ្ណបើកបរ មិនត្រឹមត្រូវតាមនីតិវិធី ជាពិសេសករណីដែលស្ត្រីអាជីវករដឹកជញ្ជូនស្រូវប្តឹងទៅតុលាការពាក់ព័ន្ធការប្រើប្រាស់ជញ្ជីងមិនត្រឹមត្រូវបង្កឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេស នាំឲ្យលោក នួន គឹមហេង ដែលប្រើប្រាស់ជញ្ជីងមិនត្រឹមត្រូវអាម៉ាស់មុខយ៉ាងខ្លាំង ។ ដូច្នេះគេគួរតែបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលើអំពើពុករលួយជាច្រើនទៀត ពាក់ព័ន្ធនឹងគម្រោងលទ្ធកម្មជួសជុលកសាងផ្លូវដែលមានការបំប៉ោងនៅទូទាំងខេត្តកំពង់ចាម ហើយបើនិយាយពីអំពើពុករលួយនៃការចេញស្លាកលេខ ឬប័ណ្ណបើកបរសុទ្ធតែមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ផ្ទុយពីគោលការណ៍កែទម្រង់របស់រាជរដ្ឋាភិបាល។
ច្រើនឆ្នាំមកហើយដែលលោក នួន គឹមហេង មានឥទ្ធិពលអំណាចខ្លាំងសម្បើមណាស់ ធ្វើអ្វីក៏បានគ្មាននរណាហ៊ានដេញដោល ហើយលោក នួន គឹមហេង ក៏មានបុព្វសិទ្ធិពិសេសក្នុងការប្រមូលលុយគ្រប់ការងារទាំងអស់យកទៅផ្គត់ផ្គង់ថ្នាក់ដឹកនាំមន្ទីរសាធារណការ ថ្នាក់ដឹកនាំខេត្ត និងមានកញ្ចប់មួយចំនួនបែងចែកមកថ្នាក់ក្រសួងផងដែរ ទើបកំហុសឆ្គងនិងភាពអសកម្ម របស់លោក នួន គឹមហេង មិនដែលមានការ ដាក់ពិន័យឬដកបញ្ឈរជើង បើទោះបីជាពេលខ្លះមានការផ្លាស់ប្តូរតំណែងប្រធានមន្ទីរ ប៉ុន្មានជំនាន់ទៅហើយ តែលោក នួន គឹមហេង អាចបន្តតំណែងជា អនុប្រធានមន្ទីរសាធារណការដែលអាចក្តោបក្តាប់ ចំណូលសេដ្ឋកិច្ចដដែល។ លោក នួន គឹមហេង មិនដែលខ្លាចញញើត ឬព្រឺរោមជើងសូម្បីតែបន្តិច ចំពោះការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ជាពិសេសការប្រើប្រាស់ទីតាំងជញ្ជីងថ្លឹងរថយន្ត នៅចំណុចថ្នល់កែង ស្រុកបាធាយ និងនៅចំណុច ថ្នល់ទទឹងស្រុកត្បូងឃ្មុំ ជាទីតាំងអាជីវកម្មថ្លឹងលុយ។
ចំពោះក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញលើសទម្ងន់ តាមរថយន្តខ្សែ ដូចជាក្រុមហ៊ុន ហាក់ ម៉ៅ និងឡានដឹកទំនិញ របស់យាយញាប់ ផ្ទុកលើសទម្ងន់មិនតិចជាង ១០តោននោះទេ ប៉ុន្តែមានការបង់លុយឲ្យក្រុមមន្ត្រី ប្រចាំការនៅជញ្ជីងថ្លឹងរថយន្តទាំងនោះ ទើបគ្មាននរណាហ៊ានហើបមាត់។ ចំពោះឈ្មួញថ្មីថ្មោងដែលប្រព្រឹត្តខុសឆ្គង ក្នុងការដឹកជញ្ជូនទំនិញ លើសទម្ងន់បន្តិចបន្តួច ត្រូវលោក នួន គឹមហេង បញ្ជាឲ្យសាងទំនិញ និងបង់លុយផាកពិន័យ ចាប់ពី ១ពាន់ទៅ២ ពាន់ដុល្លារអាមេរិក មិនដែលមានការយោគយល់ ហើយមកដល់ម៉ោងនេះគេមិនដឹងថា លុយដែលបានមកពីការ ផាកពិន័យចំពោះការដឹកជញ្ជូន លើសទម្ងន់ត្រូវបង់ចូលខ្ទង់ណាមួយទេ ព្រោះគេសង្ស័យថា លុយដែលបានមកពី ការផាកពិន័យភាគច្រើន ហូរចូលហោប៉ៅមន្ត្រីពុករលួយ ច្រើនជាងការបង់ចូលជាថវិកាជាតិ ប៉ុន្តែរដ្ឋត្រូវចំណាយប្រាក់ ឬខ្ចីបុលថវិកាពីបរទេស ដើម្បីយកមកកសាងជួសជុលផ្លូវ ដែលរងនូវការខូចខាត ដោយសារការដឹកជញ្ជូនលើសទម្ងន់ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ចំពោះការចេញស្លាកលេខ ក៏មានភាពមិនប្រក្រតីផងដែរ ដូចជាករណីខ្លះ ក្រុមមន្ត្រីរបស់លោក នួន គឹមហេង បានលួចបញ្ចេញស្លាកលេខ បាតឃ្លាំងលក់ទៅឲ្យឈ្មួញ មួយចំនួនយកទៅបំពាក់ លើយានយន្តដែលមិនត្រឹមត្រូវ តាមលក្ខខណ្ឌ ហើយក៏មានអំពើពុករលួយ នៃការលក់លេខការ៉េ លេខបីដើម យកលុយទៅចែកគ្នា ធ្វើមានធ្វើបានផងដែរ។ យ៉ាងណាក៏ដោយ ចំពោះការធ្វើប័ណ្ណបើកបរ ក៏មានការឃុបឃិតជាមួយ សាលាបង្រៀនបើកបររាប់តាំងពីការប្រលងទ្រឹស្តី ការប្រលងដៃចង្កូត សុទ្ធតែមានអំពើពុករលួយ បង្ខំឲ្យបេក្ខជនបង់លុយចាប់ពី ៣០ទៅ៤៥ ដុល្លារអាមេរិក ហើយករណីខ្លះទៀត សឹងថាមិនចាំបាច់ទៅកាន់ដៃចង្កូតផង ឲ្យតែបង់លុយគ្រប់ចំនួន អាចទទួលបានប័ណ្ណបើកបរ ដោយស្វ័យប្រវត្តិ ហើយបញ្ហាទាំងនេះ គួរតែមានការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅឡើងវិញផង៕