លោក នូ ស៊ីថា ជា​មន្ត្រី​គយ​ពូកែ​ប្រមូល​ពន្ធ ពី​ឈើ​គ្រញូង​ខុសច្បាប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ស៊ើបអង្កេត​ផង​

, , Leave a comment

​ខេត្តកំពង់ចាម ៖ តាម​ការអះអាង របស់​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​មួយចំនួន បាន​ឲ្យ​ដឹងថា​លោក នូ ស៊ីថា បាន​តាំងខ្លួន​ធ្វើជា​ស្តេចត្រាញ់ ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ច្រក​ដូង ​៧ ​ដើម ដែល​ស្ថិតក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម ដោយសារតែ​លោក នូ ស៊ីថា ក្នុង​អតីតកាល ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ និង​មាន​ខ្នងបង្អែក​ផងដែរ ពី​លោក លឹម ប៊ុន​ណា ហៅ​ខ្នា ដែលជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ធំជាងគេ​ប្រចាំ​ភូមិភាគ​ឦសាន​។​

 


​ក្នុងចំណោម មន្ត្រី​គយ​ជាច្រើន គេ​ដឹងថា លោក នូ ស៊ីថា ដែលមាន​តួនាទី​ជា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ ច្រក​ដូង​៧​ដើម ត្រូវប៉ាន់​ខ្លាំង ជាងគេ​បំផុត ក្នុងការ​វាយតម្លៃ​ពន្ធ លើ​ឈើ​គ្រញូង ដែល​ក្រុម​ឈ្មួញ នាំគ្នា​សម្រុក​ដឹកជញ្ជូន ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ប្រមូលប្រាក់ យកទៅ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​មកដល់ពេលនេះ​លោក នូ ស៊ីថា នៅតែមាន​មោទនភាព​ខ្លាំង​បំផុត​ចំពោះ​ជំនាញ​អភិវឌ្ឍន៍​មុខតំណែង ជា​បន្តបន្ទាប់​របស់គាត់ ដែល​មន្ត្រី​គយ​ដទៃទៀត​ធ្វើ​មិន​ដូច​ទេ​។​

 

​បើ លោក នូ ស៊ីថា មាន​ជំនាញ​វាយតម្លៃ​ពន្ធ លើ​ឈើ​គ្រញូង​ក៏ដូចជា​ឈើប្រណិត ដែល​ក្រុម​ឈ្មួញ​កំពុងធ្វើការ ដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀតណាម ទាំងយប់​ទាំង​ថ្ងៃ បើទោះបីជា​គ្មាន​បា​រ៉ែ​ម ណាមួយ​កំណត់​ឲ្យ​ជំនាញ​គយ ប្រមូល​ពន្ធ​ពី​ការនាំចេញ​ឈើ ខុសច្បាប់​ក៏ដោយ​។ លោក នូ ស៊ីថា បាន​ប្រើប្រាស់​សិទ្ធិអំណាច របស់ខ្លួន​ក្នុងការ​ក្តោប​ប្រភព​ចំណូល ដែល​បានមកពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ តាម​ច្រក​ដូង​៧​ដើម  ហើយ​យកទៅ​បែងចែក ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ដ៏ទៃទៀត ដែល​ភាសា​សាមញ្ញ​គេ​និយម ហៅថា​លោក នូ ស៊ីថា ជា​អ្នក​បោះ​មេ​។​

 

​សម្រាប់​ការវាយតម្លៃ​ពន្ធ លើ​ឈើ​ខុសច្បាប់​មុនពេល​អនុញ្ញាត ឲ្យ​នាំ​ចេញទៅ​ប្រទេស​វៀតណាម គឺ​លោក នូ ស៊ីថា បាន​បង្គាប់​ឲ្យ​ក្រុម​ឈ្មួញ​បង់ប្រាក់ យ៉ាងហោចណាស់​១០​ភាគរយ នៃ​តម្លៃ​ឈើ​សរុប​ក្នុង​មួយ​រថយន្ត ដូចជា​ករណី​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​យី​ឌុប​ដែលមាន​ចំណុះ ៤០​ទៅ​៦០​តោន មានតម្លៃ​មិនតិចជាង​៥០​ម៉ឺន​ដុល្លារ​នោះ បើ​ដក​ចំនួន​១០​ភាគរយ តាម​ការតម្រូវ​របស់​លោក នូ ស៊ីថា មិនដឹង​ជា​ក្នុង​មួយថ្ងៃៗ​លោក នូ ស៊ីថា អាច​ប្រមូលប្រាក់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ក្នុង​កម្រិតណា​នោះទេ​។​

 

​មានការ​រំលឹក​ផងដែរ​ថា អំឡុងពេល​រាជរដ្ឋាភិបាល​កម្ពុជា ដាក់បទបញ្ជា​ឲ្យ​មានការ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ គេ​នៅតែ​សង្កេតឃើញថា សម្រាប់​ច្រក​ដូង ៧​ដើម​នេះ​លោក នូ ស៊ីថា បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំចេញ​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​ខ្លាំងជាងគេ​។ ពេលខ្លះ​លោក នូ ស៊ីថា បាន​បំពាន​ទៅលើ​បទបញ្ជា របស់​អភិបាលខេត្ត​កំពង់ចាម​ផងដែរ ក្នុងការ​ឃុបឃិត​ជាមួយ​ឈ្មួញ ឲ្យ​មាន​ជំនួញ​ឈើ​ខុសច្បាប់​ឆ្លងកាត់​តំបន់​ព្រំដែន​។​
 


​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់លោក ឱម យ៉ិ​ង​ទៀង បានប្រកាស​ឲ្យ​ដឹងថា នៅតាម​ស្ថាប័នរដ្ឋ​និង អង្គភាព​ប្រមូល​ពន្ធ​មួយចំនួន នៅតែ​បន្ត​លួច​ប្រព្រឹត្ត អំពើពុករលួយ​ផ្ទុយ​ពី​គោលការណ៍ កែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​កំពុង​ចាត់វិធានការ​ទប់ស្កាត់ ជា​បន្តបន្ទាប់​។ ប៉ុន្តែ​មកដល់ពេលនេះ សកម្មភាព​របស់លោក នូ ស៊ីថា ដែល​ឃុបឃិត​ឲ្យ​មាន​ទំនិញ ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមូលប្រាក់​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គេ​មិនទាន់​ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ យកចិត្តទុកដាក់​ស៊ើបអង្កេត​នៅឡើយ​ទេ​។​

 

​រំលឹក​ពី​ភាពមានបាន​របស់លោក នូ ស៊ីថា ក្នុងពេល​បច្ចុប្បន្ននេះ អាច​ចាត់ទុកជា​មោទនភាព​ធំធេង ដែល​មន្ត្រី​គយ​តាម​ស្នាក់ការ​ច្រក​អន្តរជាតិ មួយចំនួនទៀត​ធ្វើ​មិន​ដូច​ទេ ហើយ​មុនពេល​លោក នូ ស៊ីថា ឡើង​ធ្វើជា​ប្រធាន​ស្នាក់ការ​គយ គាត់​រកតែ​ម៉ូតូ​កញ្ចាស់​ជិះ សឹង​គ្មាន​តែ​ពេលនេះ​លោក នូ ស៊ីថា មាន​លុយ​ទិញ​រថយន្ត​តម្លៃ​ជិត ២០​ម៉ឺន​ដុល្លារ មកប្រើប្រាស់​យ៉ាង​ហ៊ឺហា​បំផុត​។ ភាព​អសកម្ម​របស់លោក នូ ស៊ីថា ធ្លាប់ធ្វើ​ឲ្យ​មន្ត្រី​គយ​ធំៗ នៅក្នុង​អគ្គនាយកដ្ឋាន មានការ​ក្តៅក្រហាយ​យ៉ាងខ្លាំង ប៉ុន្តែ​អំណាច​ទឹក​លុយ ដែល​បានមកពី​អំពើពុករលួយ​លោក នូ ស៊ីថា បាន​យកទៅ​ប្រើប្រាស់ ដើម្បី​អភិវឌ្ឍន៍​មុខតំណែង យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​៕

kgc-1

 

Leave a Reply

(*) Required, Your email will not be published