ស្វែងយល់​ពី​អត្ថន័យ​អំពី​ពិធីលាងជើង ក្នុង​មង្គលការ ដែល​ទទួលរង​ការរិះគន់ និង​សរសើរ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បណ្តាញ​សង្គម​ដែលជា​ប្រព័ន្ធ​កម្សាន្ត​មួយ​ដែល​ប្រជាជន​ទូទៅ​ប្រើប្រាស់​សម្រាប់​ជជែក​ម្សា​ន្ត ចែកចាយ​ព័ត៌មាន និង​សកម្មភាព​ប្រចាំ​ថ្ងៃនោះ ថ្មីៗ​បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​មួយ​បានធ្វើ​ឲ្យ​មតិ​សាធារណៈជន​មួយចំនួន​ងឿងឆ្ងល់ និង​រិះគន់​ចំៗ ចំពោះ​ទង្វើ​នេះ ដោយ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​ដែលមាន​ការលាង​ជើង ។ ជាទូទៅ​ក្នុង​ពិធីមង្គលការ​គេ​សង្កេតឃើញថា មិន​តែ​ខាង​កូន​ក​ម្លោះ​ទេ ត្រូវបាន​កូនក្រមុំ​ដែលជា​ភរិយា​លាង​ជើង​ឲ្យ​នោះ ។ ប៉ុន្តែ​រូបភាព​មួយ​នេះ បែរជា​កូន​ក​ម្លោះ​លាង​ជើង​ជូន​វិញ ។ ប្រធានបទ​មួយ​បានក្លាយ​ជាទី​លាន​នៃ​សង្គ្រាមពាក្យសម្តី​របស់​ម​ហា​ជន​ដែល​បញ្ចេញមតិ (comment) រិះគន់ សរសើរ ដើម្បី​ឲ្យ​កាន់តែច្បាស់​នោះ គេហទំព័រ​កំណើត​ថ្មី​ សូម​ដកស្រង់​អត្ថបទ​របស់​អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​ពន្យល់​ពី ពិធីលាងជើង​នៅពេល​អា​ពា​ហ៌​ពិពាហ៍ ដូចខាងក្រោម ៖

 

​នៅ​សម័យ​នគរ​គោកធ្លក​ស្ត្រី​ជា​អ្នកដឹកនាំ​ប្រទេស​ខ្មែរ​។ នៅពេល​មាន​ពិធី​មង្គល​ម្តងៗ ខ្មែរ​យើង​ទម្លាប់​ប្រារព្ធ​ពិធី​បុរស​លាង​ជើង​ឲ្យ​ស្ត្រី ដូច​នៅក្នុង​រូបភាព​នេះ គឺ​នៅមុន យុគសម័យ​មុន ព្រះបាទ កោ​ណ្ឌិ​ន្យ​ជ័យវរ្ម័ន (​ឬ​ព្រះបាទ​ហ៊ុនទៀន​) យាង​មកពី​ឥណ្ឌា​មក​រៀប​អភិសេក និង​ព្រះ​នាង​សោមា (​បុត្រី​ព្រះ​ច័ន្ទ ឬ​ព្រះ​នាង​លីវយី​)​។​ ​ក្រោយពី​បានទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា ដែល​នាំ​ចូលមក​ខ្មែរ​នូវ​លទ្ធិ​ព្រហ្មញ្ញសាសនា ប្រទេស​ខ្មែរ​បានចាប់ផ្តើម​ផ្លាស់ប្តូរ​ទំនៀម​នេះ ដោយ​ឲ្យ​ស្រី្ត ជា​អ្នក​លាង​ជើង​បុរស​ទៅវិញ​។​

 

​នៅ​ជំនាន់​ដើម ពិធីលាងជើង​នេះ ច្រើន​ធ្វើ​នៅ​តំបន់​ស្រុកស្រែ​ជនបទ​ដែល​កូន​ក​ម្លោះ ត្រូវ​ដើរ​ជើង​ទទេ កាត់​ភូមិ កាត់​ស្រែ ពី​តំបន់​ឆ្ងាយ មក​ផ្ទះ​ខាង​ស្រី ចូលមក​ដល់​ហើយ ខាង​ស្រី បង្ហាញ​សុជីវធម៌ ដោយ​ការទទួល​ហុច​ទឹក ឲ្យ​ខាង​ប្រុស​លាង​ជើង​ឲ្យ​ស្អាត មុននឹង​ឡើងលើ​ផ្ទះ​កុំ​ឲ្យ​ប្រឡាក់​ផ្ទះ​។ នៅ​ក្នុងន័យ​ប្រៀបធៀប​គេ​ច្រើន​ធ្វើ​ពិធី​នេះ លាង​ជម្រុះ​នូវ​អតីតកាល មិនល្អ​របស់​បុរស (​បើសិន​ជាមាន​ខិលខូច​ពីមុនមក​) ថ្ងៃនេះ​សូម​ឲ្យ​លាង​ស្អាត​ជម្រះ​មន្ទិល​បង្ហាញ​នូវ​ជើង​ស្អាត​សម្រាប់​ដើរ ក្នុង​ភាព​សុចរិត បរិសុទ្ធ​ជាមួយ​គូស្រករ​ដែល​បម្រុង​រៀបការ​នឹង​គ្នា​។​

 

​ពិធី​នេះ​ក៏មាន​ប្រារព្ធ​ដោយ​ឲ្យ​សាមី​ខាង​ប្រុស​លាង​ជើង​ឲ្យ​កូនក្រមុំ ដើម្បី​ជម្រះ​មន្ទិល​ហ្មងសៅ​ដូចគ្នា​។ កាល​នៅ​ជំនាន់​ខ្ញុំ​នៅ​ក្មេងៗ អ្នកស្រុក​ភូមិ​ខ្ញុំ​រៀបការ ដោយមាន​ពិធី ឲ្យ​សាមីខ្លួន​កូន​ក​ម្លោះ និង​កូនក្រមុំ លាង​ជើង​គ្នា​ទៅវិញទៅមក ដើម្បី​ជម្រះ​ឧបទ្រពចង្រៃ និង​បង្កើន​រាសី​ជូន​គូស្រករ​។ តាម​ការពិត​ពិធី​នេះ ជា​ពិធី​ប្រារព្ធ ដ៏​វិសេសវិសាល​មួយ ដើម្បី​បង្ហាញ​នូវ​ចំណង​មនោសញ្ចេតនា ស្មោះស្ម័គ្រ​រវាង​គូស្រករ គឺ​ការ​ផ្តិត​នូវ​សេចក្តីស្រឡាញ់ សូម្បីតែ​ចុងជើង​ដែល​ដើរ​នឹង​ដី​ក៏​គេ​នៅ​ស្រឡាញ់គ្នា​ដល់​កម្រិត​នោះ​។ ទាំងនោះ​ជា​កត្តា​បង្ហាញថា នៅក្នុង​ជីវិត ទោះបី​ក្រ ឬ​មាន សប្បាយ​ឬ​លំបាក យ៉ាងណា ក៏​ប្តី​ប្រពន្ធ​នៅតែ​អាច​ទទួល​គ្នា​ទៅវិញទៅមក​បានជា​និច្ច ដោយ​មិន​ប្រកែប្រកាន់ គឺមាន​ការយោគយល់​អ​ធ្យា​ស្រ័យ និង​ផ្តល់​តម្លៃ​ចំពោះ​គ្នា​យ៉ាង​ប្រពៃ ពោល​គឺជា​ពិធី​តំណាង​ឲ្យ​ស្វាមី​ដែល​អាច​បម្រើ​ស្ត្រី ពេល​មាន​ជំងឺ មានកូន​ខ្ចី មាន​ទទួល​គ្រោះថ្នាក់ ដោយ​គ្មាន​ការប្រកាន់​វណ្ណៈ របស់ខ្លួន​ថា ជា​ប្រុស​បន្ទន់ខ្លួន ធ្វើ​កិច្ចការ​ដូច្នេះ​មិនបាន​ឡើយ​។​

 

​ចំណែក​ទឹក​លាង​ជើង​វិញ​ទៀតសោត គេ​ប្រារព្ធ​ដោយ​យក​ទឹកដូង មក​លាង​ជើង​ជា​ដំណាង​ទឹកចិត្ត​បរិសុទ្ធ​ស្អាតស្អំ (​ទឹក​បេះដូង​) ឬ​ទឹក​សួគ៌​អ​ម្រិ​ត ពរជ័យ​សាធុការ សម្រាប់​លាងជម្រះ​នូវ​មន្ទិល​ទាំងឡាយ​របស់​បុរស​ស្ត្រី ដែល​ធ្លាប់មាន​ពី​អតីតកាល​ឲ្យ​ជ្រះ​ស្អាត​ល្អ បរិសុទ្ធ ចាប់តាំងពី​ថ្ងៃ​ថ្មី​នេះ​តទៅ​លែង​បង្ក​មន្ទិល​បន្តទៅទៀត បន្ទាប់ពី​រៀបការ​ហើយ​៕

10-3-2014 (1)

10-3-2014 

 

Leave a Reply

(*) Required, Your email will not be published