ទិ​ត្យ រី​យ៉ា ៖ ឲ្យ​តែ​ល្បី ទោះ​សិច​ស៊ី​ថ្វី អ្វី​ក៏​នាង​ធ្វើបាន​!

, , Leave a comment

​រាជធានី​ភ្នំពេញ​ : ក្រោយពេល​កញ្ញា ទិ​ត្យ រី​យ៉ា វិល​ដំណើរ​ចូលប្រឡូក​ក្នុង​អាជីព​សម្តែង​វិញ និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​កាយវិការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង “​និស្ស័យ​ស្នេហ៍​” ដែលមាន​ឈុត​សម្តែង​ស្នេហា​រោលរាល​នោះ នាង​ក៏បាន​ប្រកាស​ពី​មហិច្ឆតា​បន្ត​ភ្ជាប់​ខ្លួន​ជាមួយនឹង​កាយវិការ​សម្តែង​ឈុត​ឆាក​បែបនេះ​ថា​ការសម្តែង​ឈុត​បែប​សិច​ស៊ី​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

 

​ការបោះ​ជំហាន​ចូល​អុកឡុក និង​ឆាក​សម្តែង​ភាពយន្ត​លើក​ទី​២​របស់​អតីត​កញ្ញាឯក​ប្រ៊ិ​ជ​ស្តូ​ន​លេខ​៣ ឆ្នាំ​២០០៧ កញ្ញា ទិ​ត្យ រី​យ៉ា ក្រោយ​ពេលដែល​នាង​បាន​បោះបង់​អាជីព​នេះ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នោះ ស្ថិតក្រោម​រលក​ព្យុះ​ព័ត៌មាន​ថា នាង​ដកខ្លួន​តាម​សំណូមពរ​ម្ចាស់​ស្នេហ៍​ដែលជា​អ្នកមាន​ទ្រព្យ​ស្តុក មិន​ចង់​ឲ្យ​នាង​រក​កម្រៃ​ហាលថ្ងៃ ហាលភ្លៀង​នាំ​ឲ្យ​ខូច​សម្រស់​នោះ​។​

 

​ទោះយ៉ាងណា​កញ្ញា ទិ​ត្យ រី​យ៉ា ដែល​មហាជន​ធ្លាប់​តាមរយៈ​ខ្សែភាពយន្ត​ភាគ​រឿង “​ផ្កា​រីក​ពេញ​រដូវ​” ដែល​នាង​សម្តែង​ជា​តួរ​អង្គ​ឆ្នាស់ឆ្នើម​នោះ ក្រៅពី​បដិសេធ​ព័ត៌មាន ដែល​បោកបក់​លើ​នាង​ថា​មិនមែនជា​ការពិត ដោយ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា ការដក​ឃ្លា​ពី​សិល្បៈ​មុន​នោះ​ដោយសារ​បញ្ហា​សុខភាព​មិនសូវ​ល្អ ពោលគឺ​ជំងឺ​ក្រពះ​ធ្វើទុក្ខ​ខ្លាំង​។ កញ្ញា ទិ​ត្យ រី​យ៉ា បង្ហើប​ប្រាប់ថា​៖ «​ការវិល​មកវិញ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​នេះ​ទទួលបាន​ការថត​ភាពយន្ត​ភាគ ចាក់​សម្តែង​លើ​កញ្ចក់​ទូរទស្សន៍​មួយចំនួន​ដែល​សុទ្ធសឹង​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ CTN និង MyTV»​។​ខ្សែភាពយន្ត​ភាគ​ទាំង​៤ ក្នុងនោះ​មានរឿង “​រលក​បោក​ខ្សាច់​”, “​កូនប្រសា​អ្នកទីក្រុង​”, “​ក​ម្លោះ​ទីក្រុង​” និង​រឿង “​និស្ស័យ​ស្នេហ៍​”   ហើយ​រឿង​ទាំង​បួន​នោះ​ត្រូវបាន​កញ្ញា ទិ​ត្យ រី​យ៉ា លើកឡើង​ដោយ​មោទនភាព​ថា ជួយ​ឲ្យ​ប្រជាប្រិយភាព​នាង​ងើបឡើង​ខ្លាំង​វិញ​ក្នុង​អាជីព​សម្តែង ក្រោយ​ឈប់​ពី​សិល្បៈ​រយៈពេល​ជាង​ពីរ​ឆ្នាំ​ដែល​ស្ទើរតែ​មហាជន​ភ្លេចមុខ​នោះ​។​

 

​ប៉ុន្តែ រី​យ៉ា បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លួន​ខ្លាំង​លើ​រឿង “​និស្ស័យ​ស្នេហ៍​” ដែល​ពេលនេះ​កំពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ MyTV ដោយ​នាង​អះអាងថា រឿង​ភាគ​ដែល​នាង​សម្តែង​មួយ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​។ ដ្បិតថា ខ្ញុំ​មិនមែនជា​តួឯក​ធំ ប៉ុន្តែ​ការសម្តែង​រឿងនេះ​ទទួលបាន​ការចាប់អារម្មណ៍​គួរសម ពិសេស​ដោយ​ភាពយន្ត​នេះ មាន​លាយឡំ​ឈុត​ឆាក​ស្នេហា​រោលរាល​ច្រើន និង​ឈុត​សម្តែង​បែប សិច​ស៊ី​ផង​នោះ​។ រី​យ៉ា បានបង្ហាញ​ការរំពឹងទុក​ផងដែរ​ថា បើ​មានការ​សម្តែង​បែប​ហ្នឹង​ច្រើន​នោះ​អាចធ្វើ​ឲ្យ​ប្រជាប្រិយភាព​នាង​ក៏​ឡើង​លឿន​ដែរ​។ ការយល់ឃើញ​នេះ​ក៏ត្រូវ​បាន​តារា​សម្តែង វ័យ​២៤​ឆ្នាំ ដែលមាន​កំណើត​មក ពី​ខេត្តកំពត​រូបនេះ​លើក​ជា​គំ​រូពី​តួឯក​ស្រី​រឿង “​ស្បែក​គង់​” កញ្ញា ឌុ​ច លីដា ។ នាង​និយាយថា ឆ្នាំ​២០១៤​នេះ​ស្ទើរតែ​មិនគួរ​ជឿថា លីដា នាង​មាន​ប្រជាប្រិយភាព​លោត​ឡើង​លឿន​យ៉ាងនេះ​ពី​ការសម្តែង​នោះ​ដោយសារ​នាង​ហ៊ាន​សម្តែង​ឈុត​ខ្លះ​ដែល​តួ​ខ្លះ​មិន​ហ៊ាន​សម្តែង​។ រី​យ៉ា​បានបញ្ជាក់​ទៀតថា យ៉ាងណា​នាង​ក៏​ហ៊ាន​សម្តែង​ដែរ​សម្រាប់​ឈុត​សម្តែង​ដូច លីដា​សម្តែង​នោះ ព្រោះថា ការដែល​អ្នកទស្សនា​គា​ត់​មើលឃើញ​ផ្សេង តែ​ការពិត​មិន​ដូច​នោះទេ​វា​ជា​បច្ចេកទេស​ច្រើនជាង​ការសម្តែង​។​

 

​នេះ​ជាការ​ប្រកាស​ពី​ភាពក្លាហាន​របស់ រី​យ៉ា ចង់​ថត​រឿង​បែប​លេច​លើ លេច​ក្រោម​ក្តី ប៉ុន្តែ​នាង​ក៏​សារភាព​ផងដែរ គឺ​សម្រាប់តែ​ការសម្តែង​របស់​នាង​ក្នុង​ឈុត​ឆាក​ស្រើបស្រាល​ដែលមាន​បច្ចេកទេស​ជួយ​ដែរ តែបើ​ស្រើបស្រាល និង​មាន​ភាព​សិច​ស៊ី​ខ្លាំងពេក ដែល​មើលទៅ​មិនមែនជា​ប្រពៃណី​វប្បធម៌​ខ្មែរ ឬក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ភាពជា​នារី​ខ្មែរ​នោះ​ក៏​នាង​មិន​ទទួល​សម្តែង​ដែរ​៕

30-12-2014 (1) 30-12-2014

 

Leave a Reply

(*) Required, Your email will not be published