លោក​ចៅក្រម លី សុខ​លេង កែប្រែ​ស្ថាន​ទម្ងន់ទោស ឧកញ៉ា ថោង សារ៉ាត់ ដោយ​ចេតនា ឬ​កំហុស​បច្ចេកទេស​ទៀតហើយ !

, , Leave a comment

​រាជធានី​ភ្នំពេញ : ករណី​សំណុំរឿង​របស់​ឧកញ៉ា​វ័យក្មេង ថោង សារ៉ាត់ ជា​ព័ត៌មាន​ដែល​កំពុង​ពេញនិយម និង​ប្រជាប្រិយភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន គ្រប់​ប្រ​ទាប់ ជាពិសេស​បណ្តាញ​សង្គម​ដែលជា​អ្នក​ចែករំលែក​ព័ត៌មាន​ដែល​ពេញនិយម​ពី​សំណាក់​ប្រិយមិត្ត​។ កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ថោង សារ៉ាត់ ដោយ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​នាំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ​មក​ប្រគល់ជូន​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រោម​ការចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លក់​ផ្លែឈើ​យីហោ​ឡោ តិច​សេង លេខ​៤៦៤Eo វិថី​ព្រះសីហនុ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលជា​បទល្មើស​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨ និង​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ​។​

 

​ក្រោយ​ពេលដែល​ចេញ​នូវ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​ចុះហត្ថលេខា និង​ប្រថាប់ត្រា ដោយ​លោក​ចៅក្រម​ស៊ើបសួរ លី សុខ​លេង ត្រូវបាន​បណ្តាញ​សង្គម​មួយ​ឈ្មោះ ផែង វណ្ណៈ យកមក​ផ្សព្វផ្សាយ​ក្នុងន័យ​រិះគន់​បែប​ស្ថាបនា ដោយ​ភ្ជាប់​ជាមួយ​ប្រយោគ​មួយ​ឃ្លា​ថា “​កំហុស​បច្ចេកទេស​ទៀត​ហើយ​!”​។​

 

​សារ​ទាំងនោះ​មានខ្លួន​សារ​ដើម​ទាំងស្រុង​ថា “ លោក​ចៅក្រម លី សុខ​លេង ចោទប្រកាន់ ថោង សារ៉ាត់ មិន​ត្រឹមត្រូវ​តាម​មាត្រា នៃ​ក្រមព្រហ្មទណ្ឌ តើ​ជា​កំហុស​អ​ចេតនា ឬ ជា​កំហុស​ចេតនា ? តាម​ក្រមព្រហ្មទណ្ឌ ទង្វើ​របស់ ថោង សារ៉ាត់ ត្រូវ​ចោទ​ពីបទ ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដែល​ត្រូវ​ផ្តន្ទាទោស​តា​មាត្រា ២៨ និង មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៉ុន្តែ​លោក​ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក លី សុខ​លេង បែ​ជា​សរសេរថា ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ២៨ និង មាត្រា ៤០០ ទៅវិញ ។

 

បើតាម​ខ្លឹមសារ មាត្រា ៤០០ ទោស​ដែល​ត្រូវអនុវត្ត អំពើ​ទទួលផល​ចោរកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០ លាន​រៀល ។ ដោយឡែក មាត្រា ២០០ បទ​ឃាតកម្ម​គិតទុក​ជាមុន ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ដូច្នេះ​ពីរ​មាត្រា​នេះ ផ្ទុយគ្នា​ឆ្ងាយ​ណាស់ លោក​ចៅក្រម​គួរតែ​ពិនិត្យ​កែសំរួល​ឡើងវិញ​៕

13-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published