ដំបូល​ត្រជាក់​

, , Leave a comment

​ដំបូល​ត្រជាក់ មិនមែន​សម្ដៅ​ត្រឹមតែ​សំណង់​ដែលមាន​ដំបូល​អាច​បិតបាំង​កម្លៅ​ថ្ងៃ និង​មាន​ខ្យល់អាកាស​ចេញចូល​ល្អប្រសើរ​សម្រាប់​មនុស្ស​ជ្រកកោន និង​ជា​ដំបូល​រឹងមាំ​ធានា​គ្រោះមហន្តរាយ​ទាំងទ្បាយ​ដែល​បង្ក​ទ្បើង​ដោយ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្តៅ​ផង​ដែល​ទៅលើ​ភាពសុខដុមរមនា​ក្នុង​គ្រូ​សារ​តូចធំ​របស់​ក្រុមមនុស្ស​ដែល​រស់នៅ ឬ​ធ្វើការ​ជាមួយគ្នា​ក្នុង​ស្ថាប័ន​សហគមន៍ ឬ​ក្នុងសង្គម​ដែលមាន​អ្នកដឹកនាំ​ល្អ​ប្រកបដោយ​គុណធម៌​សមាជិក​គ្រប់រូប គោរព ស្រ​ទ្បា​ញ់ រាប់​រាន​គ្នា ជឿជាក់ និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​។ ក្រោម​ដំបូល​ត្រជាក់​មនុស្ស​ត្រូវ​ចេះ​ចែករំលែក​សុខទុក្ខ ផលប្រយោជន៍​ដោយស្មោះ​ត្រង់​មាន​ចេតនា​ល្អ មិន​បង្ក​មាន​ឲ្យ​ការលំបាក​ឲ្យ​គ្នា​ទៅវិញទៅមក​ផ្ដល់​ក្ដី​ស្រឡាញ់ និង​អាណិតអាសូរ​អ្នក​ដែលមាន​ការលំបាក​ជាង​ខ្លួន​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​ចំពោះ​ចំណុច និង​អំពើ​ល្អ​របស់​អ្នកដទៃ​មិន​អាត្មានិយម​។​ល​។ មនុស្ស​គ្រប់រូប​ដែល​រស់នៅ​ក្រោម​ដំបូល​ត្រជាក់​ត្រូវបំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន និង​ស្គាល់​ច្បាស់​នូវ​ភារកិច្ច​មិន​រំ​លាភ​បំពាន ឬ​កេងប្រវ័ញ្ច​លើ​អ្នកដទៃ​ព្រោះតែ​ប្រយោជន៍​ខ្លួន​នោះ​ទ្បើ​យ​។​

 

​តើ​ហេតុអ្វី​បានជា​មនុស្ស​ត្រូវ​ការកសាង​គ្រួសារ ហើយ​ជា​គ្រួសារ​ដែលមាន​សុភមង្គល​? តើ​អ្វី​ទៅជា​សុភមង្គល ឬ​មង្គល​ល្អ​ក្នុង​គ្រូ​សារ​? នេះ​ជា​សំណួរ​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​សួរ​ខ្លួនឯង និង​ស្វែងរក​ចម្លើយ​ឲ្យ​បាន​សមស្រប​ដើម្បី ឲ្យ​ជីវិត​អាច​រកបាន​នូវ​អត្ថន័យ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ខ្លួន​ក៏ដូចជា​អ្នក​ដែល​ខ្លួន​ស្រឡាញ់​។ មនុស្ស​ត្រូវ​ចេះ​ថ្លឹងថ្លែង​នូវ​ទង្វើ​របស់ខ្លួន​ចំពោះ​អ្នកដទៃ​តើ​ធ្វើ​ឲ្យ​គេ​បាន​អារ​ម្ម​ណ៏​យ៉ាងដូចម្ដេច​បើសិនជា​គេ​ធ្វើអំពើ​បែបនេះ​លើ​ខ្លួន​អ្នក ឬ​គ្រួសារ​អ្នក​វិញ​នោះ​។​

 

​មាន​មនុស្ស​ជាច្រើន​ដែល​ទ្រាំ​រស់​ដោយ​លំបាក​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ ទោះបីជា​នៅក្នុង​មជ្ឈដ្ឋាន​ដែល​គួរ​ឲ្យ​រីករាយ​ក៏ដោយ​។ មនុស្ស​ខ្លះ​កំពុង​រស់នៅ​យ៉ាង​សប្បាយ​ពិតប្រាកដ​តែ​ការសប្បាយ​នោះបាន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទទួលរង​នូវ​ការឈឺចាប់​ទៅវិញ​។ តែ​ទោះបីជា​យ៉ាងនេះ​ក្ដី​សុភមង្គល​ពិតប្រាកដ​មែន​ទោះ​វា​មាន​រយះពេល​ខ្លី ឬ​វែង​ក៏ដោយ​។ មនុស្ស​ខ្លះ​ចេះ​រក្សា​សុភមង្គល​នេះ​បានតែ​មនុស្ស​ខ្លះទៀត​ស្ទើរតែ​មិន​ទទួលបាន​នូវ​សុភមង្គល​ទាល់តែសោះ​។ ដូច្នេះ​មនុស្ស​គ្រប់រូប​ត្រូវ​ចេះ​ខិតខំ​ថែរក្សា​សុភមង្គល​ឲ្យ​បាន​ស្ថិតស្ថេរ​ជា​រៀងរហូត​៕ យ៉ែម សម្បត្តិ​,​ភ្នំពេញ​

violence_familiale_4

 

Leave a Reply

(*) Required, Your email will not be published