អប់រំ​កុមារ​តូច​ពី​សុវត្ថិ​ភាព​ដោយ​ការ​ពាក់ំ​មួក

, , Leave a comment

នៅពេលដែល​ស្នូរ​ជួង​បាន​បន្លឺឡើង​មាន​ក្រុម​កុមារ​តូចៗ​ជាច្រើន​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស​នៅលើ​ក្បាលមាន​ពាក់មួក​សុវត្ថិភាព ពណ៌​ក្រហម​ទាំងអស់ ដើរ​ចេញពី​ក្លោងទ្វារ​សាលា មាន​ខ្លះ​ឡើង​ជិះ​កង់ ម៉ូតូ​ដែល​មាតាបិតា​មក​ទទួល មាន​អ្នក​ខ្លះទៀត​ដើរ​ឆ្លងថ្នល់​ជា​ជួរៗ ទៅ​ផ្លូវ​ម្ខាង​ទៀត ដែល​មើលទៅ​ហាក់បីដូចជា​ក្រុម​នាវិក ឬ​វិស្វករ​តូចៗ​កំពុងតែ​បំពេញភារកិច្ច​ដូច្នោះ​ដែរ​។​

 

​លោក ហេង វណ្ណា​រ៉ា អាយុ​៤៣​ឆ្នាំ នាយករង​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ បាន​មានប្រសាសន៍ថា​៖ “​មួក​ដែល​កុមារា​កុមារី​តូចៗ​ទាំងនោះ​ពាក់​នៅពេលដែល​ពួកគេ​ដើរចេញ​ពីសា​លា​នោះ គឺជា​មួកសុវត្ថិភាព​ដែល​ប្រើ​ក្នុងពេល​ធ្វើដំណើរ​ដែលជា​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​បង្ការ​បួស​អាស៊ី បាន​ចុះមក​ចែក​ដល់​កូនសិស្ស​នៅទីនេះ​” លោកនាយក​បាន​បន្តទៀត​ថា​ក្រៅពី​សាលាបឋមសិក្សា​នេះ​ក៏​នៅមាន​សាលា​ជាច្រើន​ផ្សេងទៀត​ដែល​បានទទួល​ការឧបត្ថម្ភ​មួកសុវត្ថិភាព​ពី​អង្គការ​បង្ការ​បួស​អាស៊ី​ផងដែរ ប៉ុន្តែ​គ្រាន់តែ​សាលាបឋមសិក្សា​ចាក់អង្រែ ស្ថិតនៅលើ​ថ្នល់ជាតិ​ដែលជា​ចំណុច​ងាយ​ប្រឈម នឹង​គ្រោះថ្នាក់​ចរាចរណ៍​បើ​ធៀប​នឹង​សាលាបឋមសិក្សា​ផ្សេងៗ​ទៀត​។​

 

​មាតាបិតា​សិស្ស​ជាច្រើនរូប​បាន​សម្តែង​នូវ​ការពេញចិត្ត​ក៏ដូចជា ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គំនិត និង​សកម្មភាព​នៃ​ការបណ្តុះ​គំនិត​ដល់​កុមារ​តូចៗ​ឲ្យ​ស្គា​ល់ពី​តម្លៃ​នៃ​សុវត្ថិភាព​ចរាចរណ៍​តាំងពី​នៅ​វ័យក្មេង​។ អ្នកស្រី ឌុ​ច ច័ន្ទ​មុនី ជា​មាតា​របស់​សិស្ស​មា្ន​ក់​ដែល​តែងតែ​ពាក់មួក​សុវត្ថិភាព​ទៅ​សាលារៀន​បាន​ឲ្យ​ដឹងថា​៖ “​ការដែល​ឲ្យ​ក្មេង​ចេះ​ពាក់​ពួក​សុវត្ថិភាព​តាំងពីក្មេង​ដូច្នោះ គឺជា​គំនិត​មួយ​ដ៏​ល្អ​ព្រោះថា វា​មិន​ត្រឹមតែ​អាចជួយ​សង្គ្រោះ​ជីវិត​ក្មេង​ទាំងនោះ​នៅពេល​ពួកគេ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ ថែមទាំង​បានបង្ហាញ​នូវ​គំរូ​ដ៏​ល្អ​មួយ​ដល់​មនុស្ស​ធំ ឲ្យ​ចេះ​ស្គាល់​នូវ​តម្លៃ​នៃ​ជីវិត និង​ឲ្យ​ពួកគេ​ដឹងថា​សូម្បីតែ​ក្មេង​ក៏​ចេះ​ពាក់មួក​សុវត្ថិភាព​ដែរ​”​។ អ្នកស្រី បាន​បន្ថែមទៀតថា បើទោះបីជា​ពុំមាន​សកម្មភាព​ដែល​តម្រូវ​ឲ្យ​ក្មេងៗ​សិស្សសាលា​ពាក់មួក​សុវត្ថិភាព​នេះ​ក៏ដោយ ក៏​ក្នុងនាម​គាត់​ជា​មាតា​មួយរូប គឺ​គាត់​តែងតែ​ជំរុញ និង​ប្រាប់​ឲ្យ​កូន​គាត់​ពាក់មួក​សុវត្ថិភាព​នៅពេល​ធ្វើដំណើរ​ជានិច្ច​។​

 

​ចំណែក​កឯ​កុមារា អុល ស្យា​មិទ្ធ អាយុ​១០​ឆ្នាំ​ដែលជា​កូនប្រុស​របស់​អ្នកស្រី ឌុ​ច ច័ន្ទ​មុនី បាន​និយាយ​ទាំង​រីករាយ​ថា ៖ “​នៅ​សាលា​មាន លោកគ្រូ អ្នកគ្រូ​ប្រាប់ នៅផ្ទះ​មាន​ប៉ា​ម៉ាក់​ប្រាប់​តែ​ពេលខ្លះ បើ​អត់​មាន​ពួកគាត់​ប្រាប់​ក៏​ខ្ញុំ​ពាក់មួក​ហ្នឹង​ដែរ ព្រោះ​ពេល​ជិះ​ម៉ូតូ​ពាក់មួក​ហ្នឹង ហើយ​ពាក់​វ៉ែនតា មើលទៅ​គឺ​ឃើញ​ស្អាត​”​។  បន្ថែម​ពីលើ​នេះដែរ​លោកនាយ​ករង វណ្ណា​រ៉ា បាន​ឲ្យ​ដឹងផង​ដែរ​ថា អង្គ​ការដែល​ចុះមក​ចែក​មួកសុវត្ថិភាព​ដល់​សិស្សានុសិស្ស​នៅក្នុង​សាលា​នេះ គឺ​មិន​ត្រឹមតែ​ឧបត្ថម្ភ​មួក​នោះទេ គឺ​ពួកគេ​បាន​អញ្ជើញ​អ​ជ្ងា​ធរ​ចរាចរណ៍​ឲ្យ​មក​ចុះជួយ​ណែនាំ​ដល់​បណ្តា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅទីនេះ​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយចំនួន​ថែម​ទៀតផង​។​

 

​គួរបញ្ជាក់​ផងដែរ​ថា អង្គការ​របួស​អាស៊ី​នេះ គឺជា​អង្គ​ការដែល​មិន​គិត​ប្រាក់ចំណេញ ហើយ​បាន​ចុះឈ្មោះ​នៅ​សហរដ្ឋអាមេរិក​។ អង្គការ​នេះ​តែងតែ​ប្រើ​ទំនាក់ទំនង​ទាំង​សាធារណៈ និង​ឯកជន​ក្នុងការ​ផ្សព្វផ្សាយ​ពី​ការប្រុងប្រយ័ត្ន ដើម្បី​កាត​បន្ថយ​កម្រិត​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​មាន​ការិយាល័យ​នៅ​វៀតណាម កម្ពុជា និង ថៃ​៕ អត្ថបទ​ដោយ ៖ ហេង ហ្គិ​ចលី និង​មែរ ច័ន្ទ​ប៉ូ​លី​ដេ​ត​

06-12-2014 06-12-2014 (1)

 

Leave a Reply

(*) Required, Your email will not be published