តើ​ការសាងសង់​សំណង់​អាគារ​ខ្ពស់ៗ​មាន​ប្រយោជន៍​ដែរឬទេ​?

, , Leave a comment

​រាជធានី​ភ្នំពេញ គឺជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ដែលមាន​មនុស្ស​មក​រស់នៅ​ជាច្រើន​កុះ​កុញ​។ ស្របពេល​ជាមួយគ្នា​នោះដែរ ហេ​ដ្ឋា​រចនាសម្ព័ន​ក៏មាន​ភាព​រីកលូតលាស់​ជាច្រើន​ដែរ​មានដូចជា ស្ពាន​អាកាស មហាវិថី​ធំៗ ជាពិសេស​មាន​អាគារ​ខ្ពស់​ជាច្រើន​។ មានមតិ​ភាគច្រើន​បាន​លើក​ជា​សំនួ​រថា ហេតុ​អី្វ​ចាំបាច់​មាន​អាគារ​ខ្ពស់ៗ​ទាំងអស់នោះ​កើតឡើង ប្រសិនបើ​ដី​របស់​ខ្មែរ​យើង​មាន​ទំហំ​ធំ​គ្រប់​គ្រាន់បើ​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​។

 

ដោយហេតុតែ​ទីក្រុង​ភ្នំពេញ​ជាទី​កន្លែង​មួយ​ពិសេស​ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​នឹង​ផ្លាស់ប្តូរ​ជិវិត​របស់គេ​ឲ្យ​កាន់​តែមាន​ភាពប្រសើរ​ជាង​មុន​។ ដូច្នោះ​ហើយ​បានធ្វើ​ឲ្យ​មាន​មនុស្ស​ជាច្រើន​បានធ្វើ​ចំណាកស្រុក​មក​ធ្វើការ​ចិញ្ចឹម​ជិវិត​នៅ​ភ្នំពេញ​។ ឆ្លើយតប​ទៅនឹង​ចំនួន​ប្រជាជន និង​តម្រូវការ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ មាន​អ្នកជំនាញ​សាងសង់​ជាច្រើន បានសម្រេច​ចិត្ត​សាងសង់​សំណង់​អាគារ​ខ្ពស់ៗ នៅក្នុង​ទីក្រុង​ភ្នំពេញ​យើង​នេះ​។ វា​មិនមាន​ជា​ផលប្រយោជន៍​បុគ្គល​ទេ តែ​វា​ជា​ផលប្រយោជន៍​រួម មាន​កត្តា​ជាច្រើន​ដែល​អាច​បកស្រាយ​ទៅលើ​ចម្ងល់​មួយ​នោះបាន​៖

 

​កត្តា​ទី​១ ៖ អ្នកជំនួញ​សាងសង់​អាគារ​ខ្ពស់ៗ​ទាំងនោះ ក៏ដោយ​សារ​ចង់​ចំណេញ​ទំហំ​ដី​សាងសង់​។ បើ​យើង​សង់ផ្ទះ​ល្វែងផ្ទះ​វីឡា ឬក៏​ភូមិគ្រឹះ​មួយ​អាច​រស់​នៅបាន​មួយ​គ្រួសារ​តែបើ​យើង​សង់​អាគារ​ខ្ពស់​ខ័​ណ្ឌ​ជា​ជាន់ៗ ដែល​អាច​ឲ្យ​មនុស្ស​ជាច្រើន​គ្រួសារ​មក​រស់នៅ​ជាមួយគ្នា​បាន​នៅលើ​អាគារ​ខ្ពស់​តែមួយ​ជាពិសេស​នៅលើ​ទំហំ​ដី​សមស្រប​មួយ​។ ការធ្វើ​បែបនេះ​អាចធ្វើ​ឲ្យ​ប្រជាជនមាន​ភាព​ប្រមូលផ្តុំ​គ្នា​ចេះ​ជួយ​យកអាសារ​គ្នា និង​ស្រឡាញ់គ្នា​ទៅវិញទៅមក​។​

 

​កត្តា​ទី​២ ៖ អាគារ​ខ្ពស់ៗ​មិនមាន​សម្រាប់តែ​បម្រើការ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទេ តែ​វា​អាចជា​សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប ឬក៏​ទីកន្លែង​កម្សាន្ត​នានា​។ ជាក់ស្តែង​អាគារ​ខ្ពស់ៗ​ខ្លះ​មាន​ទាំង​ខន​ដូរ (Condo) សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប និង​ទីកន្លែង​កម្សាន្ត​នានា ដែល​ត្រូវបាន​គេ​យកមក​ដាក់បញ្ចូល​គ្នា​នៅលើ​អាគារ​ខ្ពស់​តែមួយ​។ បើតាម​ការពិត​ទីកន្លែង​ទាំងនោះ​ត្រូវបាន​គេ​សាងសង់​ដាច់ដោយឡែក​ពីគ្នា ហើយ​សង់​នៅលើ​ផ្ទៃដី​ជាច្រើន​ម្រ៉ែ​ត​ការេ តែ​អ្នកជំនាញ​បាន​យក​ទីកន្លែង​ទាំងអស់​នោះមក​សង់​នៅលើ​ផ្ទៃដី​តែមួយ ហើយ​ត្រូវការ​តែ​ទំហំ​ដី​សមល្មម​។ ការសាងសង់​បែបនេះ​ដែរ​គេ​អាច​ចំណេញ​ផ្ទៃដី​ពី​៧០​ភាគរយ ទៅ​៨០​ភាគរយ​។​

 

​កត្តា​ទី​៣ ៖ មនុស្ស​ភាគច្រើន​តែងតែ​គិតថា បើសិនជា​កន្លែងធ្វើការ សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ និង​កន្លែង​កម្សាន្ត នៅ​ជិត​ខ្លួន​របស់​ពួកគេ​។ ពួកគេ​នឹងមិន​ចំ​បាច់​ចេញទៅ​ក្រៅ​ប្រឈមមុខ​នឹង​ការស្ទះ​ចរាចរណ៍ ឬក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដូច​រៀងរាល់ថ្ងៃ​នេះដែរ​។ ហេតុ​ដូច្នោះ​ហើយ​បានជា​អ្នកជំនួញ​សាងសង់​បានធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់​ពួកគេ​ក្លាយជា​ការពិត​ដោយ​ការសាងសង់​អាគារ​ខ្ពស់ៗ​បែបនេះ​។ បើសិនជា​ពួកគេ​រស់នៅ​លើ​អាគារ​ខ្ពស់​ដែលមាន​គ្រប់បែបយ៉ាង​នូវ​អ្វីដែល​ពួកគេ​ត្រូវការ​ពួកគេ​នឹងមិន​ចំ​បាច់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដូច​នៅ​ខាងក្រៅ​ទៀត​ទេ​។​

 

​កត្តា​ទី​៤ ៖ ហេតុផល​មួយទៀត​ដែល​បង្កើត​ឲ្យ​មានការ​សាងសង់​អាគារ​ខ្ពស់ៗ​បែបនេះ ក៏​ចង់បង្ហាញ​ពី​ភាពខ្លាំង​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​។ យើង​ចង់​បង្ហាញថា ខ្មែរ​ក៏មាន​សមត្ថភាព​គ្រាន់​គ្រាន់​ក្នុងការ​សាងសង់​អាគារ​ខ្ពស់ៗ​ដូច​ប្រទេស​នានា​ដែរ​។ មួយ​វិញ​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​រីកលូតលាស់​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង​ថា​មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​សាងសង់​សំណង់​ធំៗ​ដូចនេះ​៕ ដោយ ឡេង ឡងឌី​,​ភ្នំពេញ​

 

Aeon

01-12-2014 (1) 01-12-2014 (3) 01-12-2014 (2)

 

Leave a Reply

(*) Required, Your email will not be published