នារី​ខ្មែរ​សម័យថ្មី​

, , Leave a comment

​បច្ចុប្បន្ន​សង្គម​មានកា​រ​វិវត្តន៍​ទៅមុខ​ឥតឈប់ឈរ​ការផ្លាស់ប្ដូ​រ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​ធ្វើ​ឲ្យ​អ្វីៗ​ប្រែ​ប្រូ​ល​ទៅតាម​ការវិវត្តន៍​នេះ​ចំណែកឯ​មនុស្ស​វិញ​ក៏មាន​ការ​ប្រែ​ប្រូ​ល​ទៅតាម​សម័យកាល និង​សង្គម​ដែរ​។ ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​មនុស្ស​ទាំងប្រុស ទាំងស្រី មានចិត្ត​គំនិត និង​ការប្រព្រឹត្តិ​មិន​ដូចគ្នា​ទេ​។​

 

​មនុស្ស​បច្ចុប្បន្ន គឺ​ខុសប្លែក​ពី​មនុស្ស​សម័យមុនៗ​ក្នុងការ​រស់នៅ​។ ពួកគេ​ចូលចិត្ត​ធ្វើខ្លួន​ឲ្យ​ទាន់សម័យ និង​ដើរ​ឲ្យ​ទាន់​សង្គម​។ អ្វីដែល​សំខាន់​ក្នុងការ​ពិ​ព័ណ៌នា​នៅក្នុង​អត្ថបទ​នេះ​គឺ​និយាយ​អំពី​នារី​ខ្មែរ​សម័យថ្មី​។ នៅក្នុង​ប្រទេស​កម្ពុជា បើ​យើង​ក្រឡេកមើល ពី​សម័យមុន មកទល់​គ្នា​នឹង​ពេល​បច្ចុប្បន្ននេះ​ភាគច្រើន​នារី​ខ្មែរ សម័យ​ឥឡូវ​មានការ​ខុសប្លែក​ច្រើន​ពី​នារី​ខ្មែរ​កាលពី​សម័យមុន អ្វីដែល​ខុសប្លែក​នោះ​គឺ ការតុបតែង​រូបរាងកាយ​ខាងក្រៅ​ការប្រព្រឹត្ត អាកប្បកិរិយា អត្តចរិត ការប្រាស្រ័យ​ទាក់ទង​គ្នា និង​ការអប់រំ​។ កាលពី​សម័យមុន​ស្រី​ខ្មែរ​មានការ​គោរព​និង​ប្រតិបត្តិ​នូវ​តួនាទី​របស់ខ្លួន និង​ប្រពៃណី​ទំនៀមទម្លាប់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងនាម​ជា​នារី​ខ្មែរ​។ នារី​ខ្មែរ​កាលពី​សម័យមុន​ពុំ​បានទទួល​ការអប់រំ​នៅតាម​សាលា​ទេ ដោយសារ​តែមាន​ទស្សនៈ និង​ផ្នត់គំនិត​មួយ​លើកឡើងថា​៖“​ស្រី​រៀនអក្សរ​នាំ​ឲ្យ​ចេះ​សរសេរ​សំបុត្រ​ឲ្យ​ប្រុស​” ហេតុដូច្នេះ​នារី​ខ្មែរ​ពីមុន​មិន​ទ​ទូល​បាន​ឱកាស​រៀនអក្សរ និង​សិក្សាអប់រំ​បណ្ដុះបណ្ដាល​ចំណេះវិជ្ជា​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​ខ្លួន​របស់​ពួកគេ​ឲ្យ​បានល្អ​ប្រសើរ​ឡើយ​។​

 

​បើទោះបីជា​ពូកគេ​ពុំ​ទ​ទូល​បានការ​អប់រំ​នៅតាម​សាលា​ក៏ដោយ ក៏​នារី​ខ្មែរ​ភាគច្រើន​កាលពី​សម័យ​នោះ ចេះ​គោរព​ឪពុកម្ដាយ ចាស់ទុំ​ព្រឹទ្ធាចារ្យ ត្រកូល​រាមច្បង និង​ប្រតិបត្តិ​ទំនៀមទម្លាប់ ប្រពៃណី​យ៉ាង​ល្អប្រសើរ គួរ​ឲ្យ​លើក​តំកើង​ជា​នារី​ខ្មែរ​។ នៅក្នុង​សម័យកាល​ទំនើប និង​សង្គម​ស៊ី​វិ​ល័យ ស្រី​ខ្មែរ​វ័យក្មេង​ជាច្រើន ត្រូវបាន​គេ​មើលឃើញ​ចំនុច​សំខាន់ៗ​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ភាព​វិជ្ជមាន​និង​ភាពអវិជ្ជមាន​។ នារី​វ័យក្មេង​ចូលចិត្ត​តុបតែង​រូបរាងកាយ​ស៊ី​វិ​ល័យ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព ទាក់ទាញ ស្លៀក​សម្លៀកបំពាក់​ឆើតឆាយ​ទាន់សម័យ​ខើច​ខ្លីៗ និង​ប្រើប្រាស់​សម្ភារៈ​ទំនើបៗ មានដូចជា​ទូរស័ព្ទដៃ Iphone Samsung Galaxy Ipad ម៉ូតូ​ទំនើបៗ មានដូចជា Hongda Dream, Scopy Fino, Click និង Computer ជាដើម​។​

 

​ពួកគេ​ចូលចិត្ត​ធ្វើ​ឫកពារ​ម្ញិ​ក​ម្ញ៉​ក់ ដើរលេង​ចូល​ក្លិប​រាត្រី​ខារ៉ាអូខេ ផឹកស៊ី​សប្បាយ​ហ៊ឺហារ​ដូចជា​បុរស មិន​គិតដល់​ពី​កិត្តិយស​គ្រូ​សារ និង​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​។ ការប្រាស្រ័យ​ទាក់ទង​ក៏​មិនសូវ​ល្អ​សមរម្យ​ប៉ុន្មាន​ដែរ​អ្នកខ្លះ​ឱបថើប​ប្រុស​ស្នេហ៍ ឬ​សង្សារ នៅ​នឹង​មុខ​គេឯង​នៅ​ទីកន្លែង​សារ​ធារ​ណៈ មិនចេះ​អៀនខ្មាស​។​

 

​បើទោះបីជា​ពួកគេ​មានឱកាស​សិក្សា​រៀនសូត្រ​ក៏ដោយ ក៏​ពួកគេ​មិនសូវ​ជា​ខំប្រឹងប្រែង​សិក្សា​រៀនសូត្រ​ទេ​ពួកគេ​បែរជាយក​ពេលវេលា​ធ្វើ​អ្វី​ឥតប្រយោជន៍​ទៅវិញ​។ នារី​ខ្មែរ​ខ្លះ​មាន​អាកប្បកិរិយា​មិន​ស្រគត់ស្រគំ គឺ​មិនមាន​ឥរិយាបថ​សុភាពរាបសារ​ក្នុងនាម​ជា​ស្រី​ឫកពារ ក្រអឺតក្រទម ចំណែកឯ​អត្តចរិត​មិន​ស្លូតបូត​ប្រហើ​ន និង​ឡិកឡក់​គ្មាន​សីលធម៌ និង​សុជីវធម៌​។ ការនិយាយស្ដី​គ្មាន​ការ​គោរ​និង​ខ្វះ​សុជីវធម៌​ជាមួយនឹង​ចាស់ទុំ​និង​អ្នកដទៃ​។ ប៉ុន្ដែ​ក៏មាន​មនុស្ស​ស្រី​មួយចំនួន​ចេះដឹង​ខុស​ត្រូវគោរព​ឪពុកម្ដាយ​ទៅណា​មក​ណា​សុំ​ការអនុញ្ញាត​ពី​ឪពុកម្ដាយ និង​ប្រាប់​ពួកគាត់​ឲ្យ​ដឹង​និង​ខំប្រឹង​សិក្សា​រៀនសូត្រ​អ្នកខ្លះ​បាន​ទ​ទូល​ការអប់រំ​ខ្ពស់ និង​ទ​ទូល​បានការ​ងារ​ល្អ ហើយ​ពួកគេ​ក៏បាន​ជួយ​ទ្រទ្រង់​ជីវភាព​គ្រូ​សារ​មួយចំណែក​ផងដែរ​។ និយាយ​ជារួម​ទៅ​នារី​ខ្មែរ​ភាគច្រើន​កំពុងតែ​ឈ្លក់​វង្វេង នឹង​សម្ភារៈ​ទំនើប​និង​សង្គម​ស៊ី​វិ​ល័យ ហើយ​ពួកគេ​ចូលចិត្ត​ធ្វើ​អ្វីដែល​ពួកគេ​ចូលចិត្ត​ពួកគេ​ចូលចិត្ត​បង្អួត​ដាក់គ្នា​នូវ​របស់​អ្វីដែល​ខ្លួន​មាន​កុំ​ថា ឡើយ​របស់​ប្រើប្រាស់ សូម្បីតែ​សង្សារ​ក៏​ពួកគេ​បង្អួត​ដាក់គ្នា​ដែរ​។ ចំណែកឯ​នារី​ខ្មែរ​មួយចំនួន​ខ្លះទៀត​ពូកគេ​ក៏​ចូលចិត្ត និង​ពេញចិត្ត​នូវ​អ្វីដែល​សង្គម​សព្វថ្ងៃ​កំពុង​តែមាន​ដែរ តែ​ពួកគេ​ក៏​មិន​ភ្លើតភ្លើន​ភ្លេចខ្លួន ពី​ការសិក្សា​រៀនសូត្រ និង​គោរព​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែរ​៕ ដោយ ទឹង សុម​ត្តា​យ​

25-11-2014 (1) 25-11-2014

 

Leave a Reply

(*) Required, Your email will not be published