ភ្លើង​ប្រចណ្ឌ​ដុត​រោល​បុរស​ជា​ប្តី បង្កើត​ចិត្ត​អប្រិយ ល្បួង​នួនស្រី ចូល​ព្រៃ ធ្វើ​ទារុណកម្ម​

, , Leave a comment

ខេត្តបាត់ដំបង : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន  បន្ទាប់ពី​បុរស​រូបនេះ​បាន​ប្រើ​អំពើហិង្សា​ដោយ​វាយដំ​និង​ប្រើ​កាំបិត អារ​សាច់​ទៅលើ​ស្ត្រី​ជា​ភរិយា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ដោយសារតែ​ភ្លើង​ប្រចណ្ឌ កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤​ត្រង់ចំណុច​ភូមិ​ធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

 

​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ ឌឿ​ន វ៉ាន់ អាយុ​៣១​ឆ្នាំ ចំណែក​ប្រពន្ធ​រងគ្រោះ​ឈ្មោះ វុន ស៊ីថា អាយុ​២៥​ឆ្នាំ អ្នក​ទាំងពី​២​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។ កន្លងមក​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅធ្វើ​ការ​រោងចក្រ​នៅឯ​រាជធានី​ភ្នំពេញ ហើយ​មាន​គេ​មក​ប្រាប់​ប្តី​ថា ប្រពន្ធ​ឯង​មាន​ប្រុស​ថ្មី​ហើយ ក៏​ផ្ទុះ​កំហឹង​ហៅ​ប្រពន្ធ​ឱ្យ​ត្រឡប់មកផ្ទះ​វិញ ហើយក៏​ធ្វើអំពើ​ហិង្សា​បែបនេះ​តែម្តងទៅ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ចាប់តាំងពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា គឺ​រូបនាង​ត្រូវបាន​ស្វាមី​ធ្វើបាប​រាល់ថ្ងៃ​ទាំង​នៅក្នុង​ផ្ទះ​ក៏ដូចជា​នៅតាម​ចម្ការ​ដំឡូង​ជាដើម គេ​បាន​ចងជើង និង​ដៃ​ចងស្លាបសេក​ទៅខាង​ក្រោយ​ជាប់​នឹង​ដើមឈើ​ជាដើម​ដែល​ទារុណ​កម្មនេះ​គេ​បាន​ប្រើប្រាស់​កណ្ដៀវ កាំបិត និង​រំពាត់​ខ្សែភ្លើង​ជាដើម​។ នៅ​ថ្ងៃ​ចុងក្រោយ​នាង​បាន​ប្រើ​វិធី​ល្បួង​ស្វាមី​របស់ខ្លួន​សុំ​ឲ្យ​ជូនទៅ​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល​ស្នាមរបួស​នៅលើ​ខ្លួនប្រាណ​របស់​នាង​នៅពេលនោះ​បុរស​ជា​ប្តី​ក៏​យល់ព្រម​ជូនទៅ ប៉ុន្តែ​នៅពេលដែល​ទៅដល់​មណ្ឌល​សុខភាព​នាង​បាន​ឆ្លៀត​គេចខ្លួន​ចូលទៅក្នុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​នៅក្បែរ​មណ្ឌល​សុខភាព​នោះ​ដើម្បី​ដាក់ពាក្យ​ប្តឹង​ព្រមទាំង​បាន​ឃាត់ខ្លួន​តែម្តង​។​

 

​យោងទៅលើ​ស្លាកស្នាម និង​ពាក្យបណ្តឹង​ដែល​ស្ត្រី​រងគ្រោះ​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើទៅ​តាម ផ្លូវច្បាប់​នោះ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

22-11-2014

 

Leave a Reply

(*) Required, Your email will not be published