ភាព​ធូរ​លុង​នៃ​ប៉ូលីស​ច្រកព្រំដែន ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លង​ចូល មក​ធ្វើ​សកម្មភាព​ឆបោក​យ៉ាង​គគ្លើន​

, , Leave a comment

ខេត្តកណ្ដាល : ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​២​នាក់ ត្រូវ​សមត្ថកិច្ច​ស្រុក​កោះធំ ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​ជនរងគ្រោះ ករណី​ជនសង្ស័យ​ទាំងពីរ​ជិះ​ម៉ូតូ​ពី​ប្រទេស​វៀតណាម យក​ផ្លាក​ទីន​ក្លែងក្លាយ​រាប់​ជី​មក​លក់ និង​បញ្ចាំ​នៅក្នុង​ស្រុក​ខ្មែរ​។ ករណី​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិត​នៅផ្ទះ​បញ្ចាំ ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

 

​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៊ៀ​ង ធី​វី ហៅ​ឡាង អាយុ ៤៧​ឆ្នាំ ភេទ​ស្រី ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ដុង​ថាប់​ម៉ី​យ ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម មានមុខរ​បរជា​អ្នកលក់ដូរ និង​ម្នាក់ទៀត​មានឈ្មោះ ង្វៀង ថា​ន់​ឡុង អាយុ ៥៤​ឆ្នាំ ភេទ​ប្រុស ជា​ជនជាតិ​វៀតណាម​ដូចគ្នា មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ​ភូមិ​វិ​ន​ឡី​យ ឃុំ​វិ​ន​ហាន់ ស្រុក​ចូ​វ​ថា​ន់ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ថុង ហុក​ឡេង អាយុ​៤២​ឆ្នាំ ភេទ​ប្រុស ជា​អ្នកលក់ ទិញ​មាស និង​ដូរ​លុយ  ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​ទាំងពីរ​បានមកពី​ប្រទេស​វៀតណាម ដោយ​យក​ផ្លាក​ទីន​ក្លែងក្លាយ​មក​បញ្ចាំ​ឲ្យ​ជនរងគ្រោះ​ក្នុង​ទឹកប្រាក់​១​លាន​រៀល​។ កន្លងមក​ជនរងគ្រោះ​ធ្លាប់​ចាញ់បោក​គេ​ម្តង​ហើយ​នោះ​ក្នុងការ​ទទួល​របស់​ប​ញ្ចាំ ទើប​ជនរងគ្រោះ​ពិនិត្យមើល​ខ្សែដៃ​ជនសង្ស័យ​យកមក​បញ្ចាំ​នោះ ដោយ​ដឹងថា​ជា​របស់​ក្លែងក្លាយ ទើប​រាយការណ៍​ប្រាក់​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

 

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដក​វ​ហូត​វត្ថុតាង​មួយចំនួន​រួមមាន​ខ្សែដៃ​ផ្លាក​ទីន​ក្លែងក្លាយ​ទម្ងន់​៣​ជី​និង​៦​ហ៊ុន ខ្សែក​ផ្លាក​ទីន​ក្លែងក្លាយ​១​ខ្សែ  បន្តោង​១​ដាំ​ត្បូង​ពណ៌​ខៀវ ក្រវិល​ក្លែងក្លាយ​៣​គូ ចិញ្ចៀន​ក្លែងក្លាយ​១​វង់​មាន​ដាំ​ត្បូង​ខៀវ រួមជាមួយ​ម៉ូតូ​ម៉ាក SUZUKI Smash.REVO ពណ៌​ក្រហម​ផលិត​នៅ​ប្រទេស​វៀតណាម ពាក់​ស្លាក​លេខ 67.N5.9173​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កោះធំ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

13-11-2014 13-11-2014 (1) 13-11-2014 (2)

 

Leave a Reply

(*) Required, Your email will not be published