លោក ចៅ ម៉េង មេ​នគរ​​បាល​​​សេដ្ឋ​​កិច្ច​​ខេត្ត​​ព្រះ​​សី​​ហ​​នុ កេណ្ឌ​​​ប្រមូល​​​ក្រុម​​​ឈ្មួញ​​​ឲ្យ​​​ចូល​​​បង់​​លុយ អត់​​​ចង់​​បាន​​​ស្នាដៃ​​​ដូច​​​លោក ប៊ួ​រ សុ​ទ្ធី ទេ​

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ ចាប់តាំង​ពី​​លោក​​​ស័ក្តិ​៥ ចៅ ម៉េង បាន​​​ឡើង​​កាន់​​តំណែង​​​ជា ប្រធាន​​ការិយា​​ល័យ​​​នគរបាល ប្រឆាំង​​​បទ​​ល្មើស​​​សេដ្ឋ​​កិច្ច​​​នៃ​ស្នង​​ការ​​ដ្ឋាន នគរ​​បាល​​ខេត្ត​​ព្រះ​​សីហនុ ជំនួស​​​លោក ប៊ូរ សុ​ទ្ធី គេ​​​សង្កេត​​ឃើញ​​​ ក្រុម​​​ឈ្មួញ រកស៊ី​​​ដឹកជញ្ជូន​​​ទំនិញ​​​សព្វគ្រប់​ទាំងអស់ ត្រូវបាន​កេណ្ឌ​ប្រមូល​ឲ្យ ចូលមក​បង់លុយ​ជាប្រចាំ​ខែ តាមរបៀប​ប្រមូល​លុយ​ស្រង់ដើម ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ចៅ ម៉េង ដែល​សង្វាត​ក្នុងការ​ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ ជាជាង​ការអនុវត្ត​តួនាទី ដើម្បី​បង្ការ​បង្ក្រាប​អំពើ​ល្មើសច្បាប់ នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ។​

 

​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ គ្រប់​ប្រភេទ​តាម​ច្រករបៀង កំពង់ផែ​សមុទ្រ ដូចជា​ឥ​វ៉ាន់​ចាប់ហួយ ប្រេងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងបន្លាស់​យានយន្ត ធុង​ក្លាស្សេ​ធំៗ សុទ្ធសឹង​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ គេ​សង្កេតឃើញ​លោក ចៅ ម៉េង មានការ​យោគយល់​សម្រាប់​ក្រុម​ឈ្មួញ​ទាំងនោះ មិនដែល​បង្កបញ្ហា​អ្វី​ឡើយ ហើយ​គេ​ដឹងថា ឈ្មួញ​ធំៗ​អស់ទាំងនោះ បាន​បង់លុយ​ប្រចាំខែ ជូន​លោក ចៅ ម៉េង គ្រប់​ចំនួន​អស់ហើយ ទើប​មិនដែល​មានការ​បង្ក្រាប​។ ដោយឡែក​ក្រុមអាជីវករ ដែល​រកស៊ី​នាំចូល​ទំនិញ​ស្របច្បាប់ តាមរយៈ​ការបង់ពន្ធ​ត្រឹមត្រូវ បាន​រិះគន់​ទៅលើ​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ចៅ ម៉េង ដែល​កោសរូស​បង្ខំ ឲ្យ​ពួកគាត់​បង់លុយ​តាមតែ​ទំនើងចិត្ត ហើយ​បើ​គ្មាន​លុយ​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច របស់លោក ចៅ ម៉េង ទេនោះ ត្រូវគេ​ចាប់យក​ទំនិញ បង្ខំ​ឲ្យ​បង់ពិន័យ​នាំ​ឲ្យ​ខាត​ឡុងចុង​ជាមិនខាន​។

 

​ក្រុម​ឈ្មួញ​មួយចំនួនទៀត បាន​ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​ពួកគេ​ដឹកជញ្ជូន​មកពី​តាម​កោះ​នានា ក្នុង​ដែនសមុទ្រ​យកមក​លក់​ចែកចាយ នៅតាម​ដេប៉ូ ទូទាំង​ខេត្ត​ព្រះសីហនុ ទាំងយប់​ទាំង​ថ្ងៃ​ធ្វើជា​ចំហ ហើយ​ឈើ​ប្រណីត​ខ្លះទៀត ត្រូវបាន​ក្រុម​ឈ្មួញ​រៀបចំ យកទៅលក់​ទៅ​ក្រៅប្រទេស ដាក់​តាម​កុងតឺន័រ ចេញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ក៏​លោក ចៅ ម៉េង សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ផងដែរ​។ បើ​និយាយ​ពី​សកម្មភាព របស់​ក្រុម​ឈ្មួញ​ធំៗ ជាច្រើន​ទៀត ដែល​រកស៊ី​នាំចូល​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ហ្គាស​គេចពន្ធ មកពី​ប្រទេសជិតខាង ដឹក​ចូល​ខេត្ត​ព្រះសីហនុ​ទាំង​ទូកៗ មាន​ចំណុះ​រាប់សិប​ម៉ឺន រាប់សែន​លីត្រ បើ​និយាយ​ពី​ហ្គាស​វិញ មាន​ចំនួន​រាប់សិប​តោន​ក្នុង​មួយ​យប់ៗ គេ​មិនដែល​ឃើញ​លោក ចៅ ម៉េង ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះទៅ​បង្ក្រាប​ឬ​ទប់ស្កាត់​ម្តងណា​ឡើយ ព្រោះ​ក្រុម​ឈ្មួញ​ធំៗ​ទាំង​នោះបាន​ប្រើ​លុយ​បិទ​ភ្នែក​បិទ​ត្រចៀក លោក ចៅ ម៉េង អស់ហើយ ។​

 

​លោក ចៅ ម៉េង ក៏បាន​ពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​ចេញ​គ្រប់​ច្រកល្ហក​ដើម្បី​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ធំៗ​នៅតាម ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់ រាប់រយ​កន្លែង​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​សូម្បីតែ​ទីតាំង​ដេប៉ូ​លក់​ឈើ ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច បង់លុយ​ប្រចាំខែ​ឲ្យ​នគរបាល​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចៅ ម៉េង ផងដែរ​។ ក្នុង​មួយខែៗ គេ​មិនដឹងថា​ចំណូល​ដែល​ក្រុម​ឈ្មួញ​ធំៗ បង់​ខែ​ឲ្យ​លោក ចៅ ម៉េង មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ប្រាកដ​ទេ ប៉ុន្តែ​បើតាម​មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ផលប្រយោជន៍​ដែល​បានមក ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មិនដឹង​ជា យកទៅ​ណា​អស់​ទេ​ក្នុង​មួយខែៗ ទើប​គេ​សង្កេតឃើញ​មន្ត្រី​ជំនិតៗ របស់លោក ចៅ ម៉េង នាំគ្នា​យកលុយ​ទៅ​បោះចោល តាម​ហាង​ផឹកស៊ី និង​តាម​កន្លែង​កម្សាន្ត​សប្បាយ ស្ទើរ​មិន​លស់​យប់​ណា​ឡើយ​។​

សកម្មភាព​ដែល​លោក ចៅ ម៉េង ពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​ចេញ​ប្រមូល​លុយ​យ៉ាង ប្រសេចប្រសាច​បែបនេះ នាំ​ឲ្យ​ក្រុមអាជីវករ ពាណិជ្ជករ ដែល​រកស៊ី​នាំចូល​ទំនិញ​ស្របច្បាប់ និង​បង់ពន្ធ​ត្រឹមត្រូវ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ក្នុងការ​រកស៊ី​លក់ដូរ ឬ​ដឹកជញ្ជូន​ទំនិញ ព្រោះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ មួយ​ជាន់​ហើយ ត្រូវ​ជាប់​កាតព្វកិច្ច​បង់លុយ​ក្រោម​តុ ឲ្យ​នគរបាល​សេដ្ឋកិច្ច​របស់លោក ចៅ ម៉េង ថែម​ទៀង​ផង ដូច្នេះ​ក្រុមអាជីវករ​រកស៊ី​ស្របច្បាប់ ត្រូវ​លក់ទំនិញ​ក្នុងតម្លៃ​ខ្ពស់ នៅតាម​ទីផ្សារ​មិនអាច​ប្រកួតប្រជែង ជាមួយ​ឈ្មួញ​ខិលខូច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់​បានទេ​។ មន្ត្រី​មួយចំនួន​បាន​ចំអក​ថា កាលពី​ជំនាន់​លោក ប៊ួ​រ សុ​ទ្ធី យ៉ាងហោចណាស់​ក៏​នគរបាល​សេដ្ឋកិច្ច​មាន​ស្នាដៃ ក្នុងការ​បង្ក្រាប​ក្រុម​ឈ្មួញ រកស៊ី​ដឹក​ជ​ញ្ចូ​ន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ យកមក​ផាកពិន័យ​ប្រមូល​ថវិកា​ជូន​រដ្ឋ បើទោះបីជា​ឈ្មួញ​មួយចំនួន​មាន​ខ្នងបង្អែក​រឹងមាំ ឬ​ខ្សែស្រឡាយ​ធំ​ក៏ដោយ​៕

Wat-na10 Wat-0121230

 

Leave a Reply

(*) Required, Your email will not be published