បុរស​មានចិត្ត​ស្មោះ មាន​ទ្រព្យធន គួបផ្សំ​រូបសម្បត្តិ និង​ស្នេហ៍​ស្នោះ ជា​ក្តី​ប្រាថ្នា​របស់ ថន លក្ខិណា​

, , Leave a comment

​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា មាន​បុរស​ខ្មែរ​នៅ​អាមេរិក​ម្នាក់​បាន​ត្រៀម​ចូល​ចែចូវ​តារា​សម្តែង និង​ពិធី​ការិនី ថន លក្ខិណា ដល់​ចាស់ទុំ ប៉ុន្តែ​បំណង​នេះ​ត្រូវបាន​នាង​បញ្ជាក់ថា មិនអាច​ទទួលយកបាន​ទេ ព្រោះ​មិនទាន់បាន​មើលចិត្ត​បុរស​ម្នាក់​នោះ​ច្បាស់លាស់​នៅឡើយ​។ លុះ​ក្រោយពី​បាន​បដិសេធ​មិន​ទទួល​យកក្តី​ស្រឡាញ់​ពី​បុរស​ម្នាក់នេះ​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​នៅពេលនេះ​នាង​បែរជា​លើកឡើងថា បើសិន​មាន​បុរស​ណា​ម្នាក់​មានចិត្ត​ស្មោះ និង​មានបំណង​ជួយ​ជ្រោមជ្រែង​ឲ្យ​នាង​បង្កើត​ជំនួញ​នាង​នឹង​យល់ព្រម​ទទួលយក​បរុស​ម្នាក់​នោះ​ធ្វើជា​គូ​អនាគត​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ការលេចចេញ​នូវ​រឿងរ៉ាវ​ស្នេហា​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​ល្បី​ថា បុរស​ម្នាក់នេះ​បាន​ត្រៀម​ចូល​ស្តីដណ្តឹង​ស្រី​ស្រស់​នាង ថន លក្ខិណា ដល់​ចាស់ទុំ​នោះ ទោះបីជា​តារា​សម្តែង និង​ជា​ពិធី​ការិនី ថន លក្ខិណា បាន​បដិសេធថា នាង​មិនទាន់​ទទួល​យកក្តី​ស្រឡាញ់ និង​ជំនូន​បណ្តា​ការ​ពី​បុរស​ម្នាក់នេះ​ក្តី ប៉ុន្តែ​ព័ត៌មាន​នេះ​ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ជាច្រើន​ចាប់អារម្មណ៍ និង​ទន្ទឹងរង់ចាំ​ស្តាប់​ដំណឹង​ល្អជា​ហូរហែ​ផងដែរ ខណៈដែល​ចម្លើយ​បដិសេធ​របស់​នាង​បាន​បង្កប់​នូវ​សម្តី​ពាំត្រណោត​នោះ​?

​ថន លក្ខិណា ធ្លាប់​និយាយថា នាង​មិនទាន់​សិក្សា​ពី​ចិត្ត​របស់​បុរស​នោះ​១០០%​នៅឡើយ ទើប​នាង​មិនទាន់​អាច​ឆ្លើយថា យល់ព្រម ព្រោះ​ការសម្រេចចិត្ត​ជ្រើស​យក​បុរស​ណា​ម្នាក់​មក​ធ្វើជា​គូ​អនាគត​វា​មិនមែនជា​រឿង លេងសើច​ឡើយ​។ នាង​បន្ថែមថា នាង​មិន​ចង់​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​ត្រូវ​បរាជ័យ​នៅក្រោយពេល​រៀបការ ដែល​បណ្តាលមកពី​បញ្ហា​ខ្វែងគំនិត​គ្នា​ពី​រឿង​អ្វីមួយ​នោះទេ​។ ដូច្នេះហើយ​នៅពេលដែល​នាង​ទទួលយក​បុរស​ណា​ម្នាក់​ធ្វើជា​គូជីវិត​១០០​ឆ្នាំ លុះត្រាតែ​បាន​សិក្សា​ចិត្តគំនិត​បុរស​ម្នាក់​នោះ​ឲ្យ​បាន​រយៈពេល​យូរ​បន្តិច​ទើប​អាច​ឆ្លើយតបបាន​។​

​ចំពោះ​ការឆ្លើយតប​នេះ​ទោះបីជា ថន លក្ខិណា មិនបាន​បញ្ជាក់ថា នាង​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​ចិត្ត​បុរស​នៅ​អាមេរិក​បន្ថែមទៀត​ក្តី ប៉ុន្តែ​បើ​យោងតាម​សម្តី​របស់​នាង​ដែល​បាន​និយាយ​តប​ទៅនឹង​សំណួរ​របស់​បណ្តា​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លងទៅ បានធ្វើ​ឲ្យ​គេ​សង្ស័យថា ទំនងជា ថន លក្ខិណា កំពុង​អូសបន្លាយ​ពេលវេលា​ដើម្បី​សម្លឹងមើល​ពី​ចំណុច​ល្អៗ​របស់​បុរស​ក្រៅ​ស្រុក​ម្នាក់​នោះ​ឲ្យ​បាន​ល្អិតល្អន់​មុននឹង​នាង​យល់ព្រម​ប្រគល់​ការស្រឡាញ់ ឬ​ទទួលយក​បណ្តា​ការ​ពី​បុរស​ម្នាក់នេះ​ជាមិនខាន ។ ពីព្រោះ​វត្តមាន​បុរស​នាយ​សមុទ្រ​ដែល​ចង់បាន​នាង​ជា​គូគ្រង​នេះ ឮថា​សាច់ញាតិ​គ្រួសារ​របស់​នាង​ក៏​ពេញចិត្ត មិន​ធ្វើជា​ឆ្អឹង​ទទឹង​ករាំង​ស្កាត់​រឿងរ៉ាវ​បេះដូង​មួយ​នេះឡើយ​។ ម្យ៉ាងវិញទៀត​បុរស​ម្នាក់​នេះ​ក៏​នៅ​លីវ​មិនទាន់មាន​ប្រពន្ធ​កូន ហើយក៏​ជា​អ្នកមាន​ទ្រព្យ​ស្តុក​មិន​ចាញ់​ស្វាមី​របស់​អ​តី​តារា​សម្តែង​អ្នកនាង សារាយ ស​ក្ខ​ណា ដែល​កំពុង​សោយសុខ​លើ​គំនរ​មាស ប្រាក់​នោះ​ប៉ុន្មាន​ឡើយ​។​

​ជាមួយគ្នានេះ ថន លក្ខិណា មិន​ត្រឹមតែ​និយាយ​បង្ហើប​បែប​រុញ​ទូក​បណ្តោយ​ទឹក​ថា ទោះជា​នាង​មាន​អ្នក​ស្រឡាញ់​ច្រើន​ពិតមែន ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នាង​នៅ​មិនទាន់​ជ្រើស​បាន​បុរស​ដែលមាន​បុគ្គលិកលក្ខណៈ​ល្អ​សម្រាប់​ចាប់ដៃ​ចូល​រោងការ​បាន​នៅឡើយ​ទេ​។ ចំពោះ​ហេតុផល​ដែល​នាង​រក្សា​ភាព​នៅ​លីវ​រហូតមក​ដល់ពេលនេះ​អាច​ទំនងជា​បណ្តាលមកពី ថន លក្ខិណា មានបំណង​ចង់​ចម្រាញ់​ជ្រើស​យក​បុរស​ណា​ម្នាក់​ដែល​ក្រៅពី​មានចិត្ត​ស្រឡាញ់​នាង​ដោយស្មោះ​ហើយក៏​ត្រូវមាន​ចិត្ត​ទូលាយ​ផងដែរ​។ ជាពិសេស​គឺ​នាង​ពេញចិត្ត​ជាមួយ​បុរស​ណា​ដែល​អាចជួយ​ជ្រោមជ្រែង​នាង​ផ្នែក​សេដ្ឋកិច្ច​មួយចំនួនធំ​សម្រាប់​ការ​បើកមុខ​ជំនួញ​ក្នុង​ក្តី​សុបិន​របស់​នាង ។​

​នៅពេល​អ្នកយកព័ត៌មាន​សួរថា ចុះបើ​មាន​បុរស​ណា​ម្នាក់​ដូចជា​អ្នក​អាមេរិក ដែល​កំពុង​ចង់បាន​នាង​ធ្វើជា​គូគ្រង ហើយ​គេ​ហ៊ាន​ចំណាយ​ទ្រព្យ​ដើម្បី​ជួយ​សម្រេច​បំណង​បើកមុខ​ជំនួញ​ដូច​នាង​ចង់បាន តើ​គិត​យ៉ាងម៉េច​ដែរ​? សំណួរ​នេះ​ត្រូវបាន លក្ខិណា ឆ្លើយតប​ថា “​វា​អាច​ក្លាយជា​ការពិត​ដែរ បើសិន​បុរស​ណា​ម្នាក់​នោះ គាត់​បានបង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ ហើយ​ថែមទាំង​មានចិត្ត​ទូលាយ​”​។​

​ជាការ​ពិតណាស់​មិន​ត្រឹមតែ ថន លក្ខិណា ទេ ដែលមាន​បំណង​ចង់បាន​ស្វាមី​ដែលមាន​លក្ខណៈ​ខាងលើនេះ​សូម្បីតែ​នារីៗ​ទូទៅ​ក៏​ចង់បាន​ដែរ​។ យ៉ាងណាក៏ដោយ​ផ្អែក​តាម​សម្តី​របស់ ថន លក្ខិណា ស្តាប់ទៅ​ហាក់​មិន​ខុសពី​ការប្រកាស​រក​ជំនួយ​ពី​បុរស​ដែលមាន​បំណង​ចង់បាន​នាង​ជា​គូគ្រង​នោះទេ តែ​ទោះយ៉ាងណា​សម្តី​នេះ​ក៏​ជា​សារ​មួយ​ប្រាប់​ដល់​អ្នក​ដែលមាន​បំណង​ចង់បាន​នាង​ជា​ភរិយា​ថា បុរស​ដែល​អាច​ក្លាយជា​ស្វាមី​របស់​នាង​គឺ​ត្រូវតែ​ជា​បុរស​មានចិត្ត​ស្មោះ ជា​អ្នកមាន​ទាំង​ទ្រព្យសម្បត្តិ ទាំង​រូបសម្បត្តិ ហើយ​ត្រូវតែ​មានចិត្ត ទូលាយ សម្រាប់​ជួយ​បំពេញ​បំណង​នាង​ថែម​ទៀតផង​៕

27-10-2014 (3) 27-10-2014 (2)

 

Leave a Reply

(*) Required, Your email will not be published