រាជធានីភ្នំពេញ : ស្ត្រីម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័ម ក្រោយដែលរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនម៉ីហុង ដឹកអ្នកដំណើរបើកបុកទាំងកម្រោល ខណៈដែលជនរងគ្រោះជិះម៉ូតូកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ខែតុលា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំណុចមុខហាងរំចង់ ក្រុមទី១០ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យកំណើតថ្មីដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីលីស អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឌីហ្សាញជប៉ុន ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1CH-4820។ ចំណែករថយន្តបង្កម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-0199 របស់ក្រុមហ៊ុនម៉ីហុង ដឹកអ្នកដំណើរ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូតាមទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្រាប់ដែលរថយន្តបង្កដែលបើកបរក្នុងទិសដៅស្របគ្នានោះបានវ៉ាជែងរថយន្តមួយគ្រឿងទៀតតែមិនផុតក៏បានបួងចង្កូតទៅបុកម៉ូតូនារីរងគ្រោះពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច។ ក្រោយពេលបុកនារីរងគ្រោះរថយន្តបង្កបានបន្តល្បឿនប្រហែល១០០ម៉ែត្រ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្ក និងអ្នកដំណើរនៅក្បែរកន្លែងកើតហេតុ។ ភ្លាមៗនោះក្រុមហ៊ុនខាងលើបានបញ្ជូនរថយន្ត ម៉ាកហ្វត ពណ៌ទឹកប្រាក់ មួយគ្រឿងទៀតដែលមានស្លាកលេខភ្នំពេញ 2V-0199 មករំដោះអ្នកដំណើរ ទៅបាត់តែម្តង។
ក្រោយហេតុការណ៍កើតឡើងរួចរាល់សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង និងកក់កំណត់ហេតុ ព្រមទាំងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ រង់ចាំចំណាត់ការបន្ត៕